ក្រុងគូឡាឡាំពួៈ អង្គភាព​ឃ្លាំមើល​ការប្រកួតប្រជែង​របស់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​គំរាម​ពិន័យ​ក្រុមហ៊ុន Grab ចំនួន ២១ លាន​ដុល្លារ​ពីបទ​ការប្រតិបត្តិ​នានា​ដែល​ត្រូវបាន​ចោទប្រកាន់​ថា សំដៅ​កាត់បន្ថយ​ការប្រកួតប្រជែង​ដែលជា​បញ្ហា​ចុងក្រោយ​បំផុត​សម្រាប់​ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ​នេះ​។

ក្រុមហ៊ុន Grab គឺជា​ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​បាន​ពង្រឹង​ទីតាំង​ឈរជើង​របស់​ខ្លួន​ក្នុង​ទីផ្សារ​នេះ​ចាប់តាំងពី​បាន​ទិញយក​ប្រតិបត្តិការ​របស់ Uber ដែលជា​ក្រុមហ៊ុន​ដៃគូ​ប្រជែង​អាមេរិក​ក្នុង​តំបន់​នៅ​ឆ្នាំ​មុន​។

ប៉ុន្តែ​ក្រុមហ៊ុន​ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ប្រទេស​សិង្ហបុរី​មួយ​នេះ​បាន​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពី​ក្រុម​និយតករ​នៅក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន ដោយសារ​តែ​ការបារម្ភ​អំពី​តួនាទី​ដ៏មាន​ឥទ្ធិពល​របស់​ក្រុមហ៊ុន​។

គណៈកម្មការ​ប្រកួតប្រជែង​ម៉ាឡេស៊ី (MCC) បានស្នើ​ដាក់ពិន័យ​ក្រុមហ៊ុន Grab ចំនួន​ជិត ៨៧ លាន​រីងហ្គីត (២១ លាន​ដុល្លារ​) ពិ​បទ​រារាំង​ក្រុម​អ្នកបើកបរ​របស់​ខ្លួន​មិន​ឲ្យ​ផ្ដល់​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ដៃគូ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​នេះ​។

គណៈកម្មការ​នេះ​ឲ្យ​ដឹងថា ការណ៍​នេះ​មាន​ឥទ្ធិពល​នៃ «​ការធ្វើឲ្យ​ខូច​ការប្រកួត​ប្រជែង​» តាមរយៈ​ការបង្កើត​ឧបសគ្គ​ដល់ដៃ​គូប្រជែង​របស់​ក្រុមហ៊ុន Grab»​។

លោក Iskandar Ismail ប្រធាន​ប្រតិបត្តិ MCC ថ្លែងថា​៖ «​ប្រការ​សំខាន់​គឺថា ឧបសគ្គ​រារាំង​ការចូល​ទីផ្សារ​សម្រាប់​ក្រុមហ៊ុន​ថ្មីៗ​នៅតែ​ទាប និង​ទាប​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​ស្រាប់ ដើម្បី​មាន​សមត្ថភាព​លូតលាស់ និង​ប្រកួតប្រជែង​តាម​សមត្ថភាព ដើម្បី​ធានា​ថា​ការប្រកួត​ប្រជែង​អាច​នៅតែ​មាន​ភាពល្អប្រសើរ​»​។

លើស​ពី​នេះ​ការពិន័យ​ប្រាក់​ប្រចាំថ្ងៃ​ ១៥ ០០០ រីងហ្គីត​នឹង​ត្រូវ​ធ្វើឡើង បើ​ក្រុមហ៊ុន Grab មិន​បាន​ចាត់វិធានការ​ដោះស្រាយ​ក្តីបារម្ភ​នៃ​ការប្រកួតប្រជែង​នេះ​។

ក្រុមហ៊ុន Grab មាន​ពេល ៣០ ​ថ្ងៃ​ដើម្បី​ឆ្លើយតប​អង្គភាព​នេះ បន្ទាប់ពី​សេចក្ដី​សម្រេចចិត្ត​ចុងក្រោយ​នឹងត្រូវ​ធ្វើឡើង​។

ក្រុមហ៊ុន Grab បាន​ឲ្យ​ដឹងថា ខ្លួន​អនុលោម​ពេញលេញ​តាមច្បាប់​ប្រកួត​ប្រជែង និង​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ផាកពិន័យ​ដែល​ស្នើឡើង​នេះ​៕ LA