ក្រុងគូឡាឡាំពួៈ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទបានដាក់ពាក្យប្តឹងចោទប្រកាន់ផ្នែកព្រហ្មទណ្ឌប្រឆាំងនឹង ក្រុមហ៊ុនហិរញ្ញវត្ថុ Goldman Sachs របស់អាមេរិក និងអតីតបុគ្គលិកពីរនាក់ក្នុងចំណោមអតីតបុគ្គលិករបស់ក្រុមហ៊ុននេះដែលពាក់ព័ន្ធនឹងរឿងអាស្រូវជុំវិញមូលនិធិរដ្ឋ 1MDB។ នេះបើយោងតាមអាជ្ញាធរម៉ាឡេស៊ី។
ការដាក់ប្តឹងនេះធ្វើឡើងប្រឆាំងនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Goldman Sachs នៅម៉ាឡេស៊ី និងអតីតបុគ្គលិកពីរនាក់គឺឈ្មោះ Tim Leissner និង Ng Chong Hwa។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីអគ្គព្រះរាជអាជ្ញាម៉ាឡេស៊ី Tommy Thomas។
លោក Low Taek Jho មន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ីម្នាក់ ដែលត្រូវបានសង្ស័យថាបានផ្តួចផ្តើមគំនិតលួចលុយរាប់ពាន់លានដុល្លារពីមូលនិធិរដ្ឋនេះ ក៏ទទួលរងគ្រោះក្នុងបណ្តឹងថ្មីនេះផងដែរពាក់ព័ន្ធនឹងរឿងអាស្រូវនេះ។
ការចោទប្រកាន់នានាដែលថា ប្រាក់ដ៏ច្រើនត្រូវបានលួចពីមូលនិធិនេះនៅក្នុងការក្លែងបន្លំដែលពាក់ព័ន្ធនឹងអតីតមេដឹកនាំប្រទេសម៉ាឡេស៊ីលោក Najib Razak និងក្រុមរបស់គាត់ គឺជាផ្នែកដ៏ធំមួយដែលធ្វើឲ្យរដ្ឋាភិបាលរបស់លោកចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែឧសភា។
ក្រុមហ៊ុន Goldman គឺជាក្រុមហ៊ុនធានាទិញមូលបត្របំណូលដែលបោះផ្សាយដោយមូលនិធិ 1MDB ក្នុងពេល ៣ ផ្សេងគ្នា ដែលមានទឹកប្រាក់សរុប ៦,៥ ពាន់លានដុល្លារ និងទទួលបានកម្រៃ ៦០០ លានដុល្លារពីការបោះផ្សាយបណ្ណបំណុលនេះ។
លោក Thomas បានថ្លែងថា បណ្តឹងចោទប្រកាន់កាលពីថ្ងៃចន្ទមានពាក់ព័ន្ធនឹងការបោះផ្សាយបណ្ណបំណុលទាំងនេះ ដែលបានកើតឡើងក្នុងអំឡុងឆ្នាំ២០១២ និង២០១៣។ ប្រាក់សរុបចំនួន ២,៧ ពាន់លានដុល្លារត្រូវបានកិបកេងពីការបោះផ្សាយបណ្ណបំណុលទាំងនេះ។
លោក Leissner និងលោក Ng ដែលត្រូវបានចោទប្រកាន់រួចហើយនៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងរឿងអាស្រូវនេះ បានឃុបឃិតជាមួយលោក Jho និងមនុស្សដទៃៗទៀត ដើម្បីសូកប៉ាន់មន្រ្តីម៉ាឡេស៊ីឲ្យធានាថា ក្រុមហ៊ុន Goldman ត្រូវបានជ្រើសរើសឲ្យធ្វើការងារលើការបោះផ្សាយបណ្ណបំណុលនោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍៕ AFP/PS