ក្រុង​ម៉ុមបៃៈ ម្ចាស់​បំណុល​របស់​​ក្រុមហ៊ុន​អាកាសចរណ៍ Jet Airways ​ដែល​ជួប​បញ្ហា បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ពួក​គេ​នឹង​ចាប់​ផ្ដើម​នីតិវិធី​រឿង​ក្ដី​​​ក្ស័យធន​​​ទៅ​តុលាការ​ បន្ទាប់​ពី​​ការ​បរាជ័យ​ក្នុង​​ការ​ស្វែងរក​នរណា​ម្នាក់​ដើម្បី​ចូល​មក​​គ្រប់គ្រង​​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស ​ឥណ្ឌា ​មួយ​នេះ​។​

ដោយ​ធ្លាប់​ជា​​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ធំ​ជាង​គេ​របស់​ប្រទេស ​ឥណ្ឌា ​ក្រុមហ៊ុន Jet បាន​បញ្ឈប់​ប្រតិបត្តិការ​កាល​ពី​ខែ​មេសា បន្ទាប់​ពី​​ក្រុមហ៊ុន​នេះ​​អស់​សាច់​ប្រាក់​ ហើយ​​យន្តហោះ​ទាំង​អស់​របស់​ក្រុមហ៊ុន​​ត្រូវ​បាន​ចត​ទុក​​ចោល។ ការ​សង្ស័យ​នានា​​បាន​កើន​ឡើង​ចាប់​តាំង​ពី​ពេល​នោះ​មក​ថា តើ​​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​នឹង​ធ្វើ​ការ​ហោះហើរ​​​ជា​ថ្មី​ម្តង​ទៀត ​ឬ​យ៉ាង​ណា​?​

ម្ចាស់​បំណុល​របស់​​​ក្រុមហ៊ុន​អាកាសចរណ៍​​មួយ​នេះ ដែល​ទំហំ​បំណុល​មាន​​​ជាង ​១ ពាន់​លាន​ដុល្លារ បាន​ឲ្យ​ដឹង​បន្ទាប់​​ពី​​កិច្ច​ប្រជុំ​មួយ​​នៅ​ទីក្រុង​ម៉ុមបៃ​ថា មាន​សំណើ​ដេញ​ថ្លៃ​ដែល​ភ្ជាប់​ «លក្ខខណ្ឌ​» មួយ​ប៉ុណ្ណោះ​ដែល​​​ត្រូវ​បាន​​ទទួល​សម្រាប់​​​ក្រុមហ៊ុន​អាកាសចរណ៍ Jet Airways។​

សំណើ​ដេញ​ថ្លៃ​នោះ​​​ត្រូវ​បាន​គេ​ជឿជាក់​ថា បាន​ទទួល​ពី​​ក្រុមហ៊ុន​អាកាសចរណ៍​ Etihad Airways ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អាប៊ុយដាប៊ី ដែល​មាន​ភាគហ៊ុន ​២៤ ​ភាគរយ ​រួច​ហើយ​នៅ​ក្នុង​ក្រុមហ៊ុន Jet។​

ម្ចាស់​បំណុល​ទាំង​នោះ ដែល​បាន​នាំ​មុខ​ដោយ​ធនាគារ​កណ្ដាល​ឥណ្ឌា បាន​ឲ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​​នេះ​បាន​សម្រេច​ថា​ឲ្យ​មាន​ការ​​បង្វិល​សំណុំ​រឿង​នេះ​​ទៅ​ដោះស្រាយ​តាម​ច្បាប់​ស្តីពី​បំណុល​ ​និង​ក្ស័យធន​ (IBC)​ របស់​​ប្រទេស ​ឥណ្ឌា វិញ​។​

ម្ចាស់​បំណុល​ទាំង​នោះ​បាន​ឲ្យ​ដឹង​​នៅ​ក្នុង​សេចក្ដី​​ប្រកាស​​ព័ត៌មាន​មួយ​ថា៖ «​បន្ទាប់​ពី​​ការ​ពិចារណា​ដ៏​ហ្មត់​ចត់​ ម្ចាស់​បំណុល​ទាំង​នោះ​បាន​សម្រេច​ចិត្ត​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ស្ថិត​ក្រោម​ច្បាប់​​ IBC ដោយសារ​តែ​មាន​សំណើរ​ដេញ​​ថ្លៃ​ដោយ​មាន​​​លក្ខខណ្ឌ​មួយ​តែ​ប៉ុណ្ណោះ ត្រូវ​បាន​ទទួល​»។​

ពួក​គេ​បាន​បន្ថែម​ថា ​ក្រុមហ៊ុន​អ្នក​ដាក់​សំណើ​ដេញ​ថ្លៃ​បាន​ស្វែងរក​ «​ការ​លើកលែង​» លើ​ការ​កំណត់​តម្លៃ​ពី​​ក្រុម​ប្រឹក្សាភិបាល​ផ្សារ​មូលបត្រ​របស់​ប្រទេស ​ឥណ្ឌា ដែល​ជា​និយតករ​ទីផ្សារ ដែល​ជា​ស្ថាប័ន​​តែ ១ គត់ ​ដែល​អាច​សម្រេច​ចិត្ត​បាន​​​ស្ថិត​ក្រោម​ច្បាប់​ស្តីពី​​ការ​​ចាប់​បំណុល។

ប្រព័ន្ធ​ផ្សព្វផ្សាយ​​របស់​ប្រទេស ​ឥណ្ឌា បាន​ដក​ស្រង់​ប្រភព​ដោយ​លើក​ឡើង​ថា ម្ចាស់​បំណុល​ទាំង​នោះ​ អាច​នៅ​តែ​ព្យាយាម​រៀបចំ​ការ​លក់​ក្រុមហ៊ុន Jet Airways ដដែល​ស្ថិត​ក្រោម​​ច្បាប់​នេះ។​

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Jet Airways បាន​ធ្លាក់ចុះ ​១៧ ​ភាគរយ ​​បន្ថែម​ទៀត​នៅ​ផ្សារហ៊ុន​បុមបៃ​​នៅ​ថ្ងៃ​ចន្ទ ខណៈ​ដែល​​កិច្ច​ប្រជុំ​របស់​​​ម្ចាស់​បំណុល​កំពុង​បន្ត​ធ្វើ​ឡើង​។ ភាគហ៊ុន​​​បច្ចុប្បន្ន​ថ្លៃ​​តិច​ជាង ១ ដុល្លារ។​

បន្ថែម​លើ​ការ​ជំពាក់​បំណុល​នេះ ​ក្រុមហ៊ុន​ Jet ​បាន​បង្ក​ការ​ខាតបង់​ និង​ប្រាក់ខែ​​​មិន​ទាន់​បើក​​​ចំនួន ​១ ពាន់​លាន​​ដុល្លារ​ផ្សេង​ទៀត៕​ AFP/LA​