ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងបង្កើតយន្តការកិច្ចសហការចម្រុះរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងការស្វែងរកធាតុចូលនានាដើម្បីឆ្ពោះទៅ «បង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មី» ក្នុងការប្រែក្លាយការផ្សាយទូរទស្សន៍នៅកម្ពុជាពីប្រព័ន្ធអាណាឡូកទៅប្រព័ន្ធឌីជីថលឱ្យស្របតាមគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលក្នុងការឈានចាប់យកកំណើនថ្មី។
កិច្ចប្រជុំអន្តរក្រសួងស្តីពី «បង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មី» ដែលរៀបចំនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ២៨ ខែធ្នូ បានឱ្យដឹងថា យន្តការចំនួន ៣ ត្រូវបានកិច្ចប្រជុំលើកមកពិភាក្សារួមមាន យន្តការគ្រប់គ្រង និងវិនិយោគដោយវិស័យឯកជនទាំងស្រុង, យន្តការសហការចម្រុះរវាងវិស័យរដ្ឋ និងឯកជន និងយន្តការគ្រប់គ្រង និងវិនិយោគដោយរដ្ឋទាំងស្រុង។
ជាមួយគ្នានេះកិច្ចប្រជុំក៏បានលើកយកចំណុចសំខាន់ៗចំនួន ៤ មកពិភាក្សាផងដែរ មានដូចជា ការអនុវត្តផែនការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថលឱ្យបាននៅមុនឆ្នាំ ២០២៣ ការគ្រប់គ្រងការប្រើបន្ទារ ហ្វ្រេកង់ ៧០០ MHz ក្នុងវិស័យសោតទស្សន៍ រួមមានទូរទស្សន៍ឌីជីថល ប្រព័ន្ធអ៊ីនធឺណិត និងទូរស័ព្ទ ចល័ត យន្តការគ្រប់គ្រង និងវិនិយោគលើថ្នាលទូរទស្សន៍ឌីជីថលថ្មី និងការធ្វើបច្ចុប្បន្នកម្មលើវឌ្ឍនភាពពាក់ព័ន្ធនឹងការរៀបចំ និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថលក្នុងរយៈពេលមធ្យម និងវែងក៏ដូចជាការពិភាក្សាទៅលើលទ្ធភាពនៃការបង្កើតគំរូពាណិជ្ជកម្មសម្រាប់ការវិនិយោគ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានឱ្យដឹងថា ការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធសោតទស្សន៍ប្រកបដោយភាពជោគជ័យ គឺជាកិច្ចការដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាទាំងមូល។
លោកបន្តថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប មិនត្រឹមតែអាចជួយជំរុញវិស័យសេដ្ឋកិច្ចរបស់កម្ពុជាឱ្យរីកចម្រើន បង្កើនភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយលើកកម្ពស់យន្តការនៃការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធឃោសនាការក្នុងប្រទេសក្នុងន័យធានាបាននូវសន្តិសុខជាតិ និងសុវត្ថិភាពសង្គមសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
ផែនការក្នុងការប្រែក្លាយការផ្សាយទូរទស្សន៍នៅកម្ពុជាពីប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធឌីជីថលធ្លាប់ត្រូវលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកមកបង្ហាញក្នុងពេលជួបពិភាក្សាជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីខែមេសា កន្លងមក។ តាមគម្រោងប្រេកង់ ៧០០ Mhz ដែលកំពុងប្រើប្រាស់ដោយប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកនឹងត្រូវបង្វែរទៅឱ្យក្រសួងប្រៃសណីយ៍យកទៅអភិវឌ្ឍប្រព័ន្ធ 5G និងសេដ្ឋកិច្ចឌីជីថល។
លោក ផុស សុវណ្ណ អគ្គនាយកព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រសួងព័ត៌មានបានយល់ព្រមប្រគល់ ប្រេកង់៧០០ Mhz ដែលកំពុងត្រូវបានប្រើដោយស្ថានីយទូរទស្សន៍ក្នុងស្រុកផ្ទេរទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅពេលដែលក្រសួងអាចរំដោះបានរួចរាល់។
លោកថ្លែងថា៖ «អ្វីដែលយើងគ្រោងនឹងបង្កើតនោះ គឺថ្នាលទូរទស្សន៍ជាតិឌីជីថលជាតិ ដើម្បីអភិវឌ្ឍទូរទស្សន៍ក្នុងស្រុកទៅជាឌីជីថល ដូច្នេះយើងអាចបញ្ជូនប្រេកង់ចំនួន ៧០០ MHz ទៅក្រសួងប្រៃសណីយ៍បាន»។
រដ្ឋាភិបាលកម្ពុជាកាលពីខែមេសា ឆ្នាំ ២០១៩ បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Huawei Technologies របស់ចិនក្នុងការជួយអភិវឌ្ឍន៍បណ្តាញចែកចាយ 5G។
គិតត្រឹមចុងឆ្នាំ ២០១៩ នៅកម្ពុជាមានអ្នកប្រើអ៊ីនធឺណិតតាមទូរស័ព្ទចល័តចំនួន ១៦,៧ លាននាក់ និង ចំនួន ២១៥ ០០០ នាក់ បានតភ្ជាប់អ៊ីនធឺណិតល្បឿនលឿន។ នេះបើយោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕