ភ្នំពេញៈ និយតករ​មូលបត្រ​កម្ពុជា និង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​បាន​ប្ដេជ្ញា​ថា នឹង​បន្ត​ប្រើប្រាស់​យន្តការ​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ជួយ​សម្រួល​ប្រតិបត្តិ​ការជួញដូរ និង​ធ្វើឱ្យ​ទីផ្សារ​នេះ​ដំណើរការ​ទៅមុខ​ជាធម្មតា​ក្នុង​អំឡុង​ការរីករាលដាល​កូវីដ​ ១៩​។

គិត​ត្រឹម​ថ្ងៃទី​ ១១ ខែមីនា កម្ពុជា​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩​ ថ្មី​ចំនួន​ ៣៩ ​នាក់ ខណៈដែល​អ្នកជំងឺ ៤៨ ​នាក់​បានជា​សះស្បើយ​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​។ អ្នកជំងឺ​ទាំង ៣៩ ​នាក់​នេះ​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។ រហូតដល់​ថ្ងៃ​ព្រហស្បតិ៍ កម្ពុជា​បានបញ្ជាក់​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ចំនួន ១ ១៦៣ ​នាក់​ក្នុង​នោះ ៥៩៧ ​នាក់​ជាសះស្បើយ និង​ស្លាប់​ ១ ​នាក់​។

លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​និយតករ​មូលបត្រ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១១ ខែមីនា​ថា ស្ថាប័ន​របស់លោក​នៅតែ​ទទួលយក​យន្តការ​អនឡាញ ដើម្បី​ជួយសម្រួល​លំហូរ​ការងារ​ទាំង​ខាង​ផ្ទៃក្នុង និង​ខាងក្រៅ​។

លោក​ថ្លែងថា​៖ «​យើង​បាន​បង្កើត​យន្តការ​អនឡាញ​ចាប់​តាំងពី​ខែ​មេសា ឆ្នាំ​ ២០២០ ហើយ​យើង​នឹង​បន្ត​អនុវត្ត​វា​ដើម្បី​រក្សា​លំហូរ​ការងារ​របស់​យើង​នៅ​ផ្ទៃក្នុង និង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដោយ​រលូន​។ ពិត​ហើយ​យើង​មិន​បដិសេធ​ការទទួលយក​ឯកសារ​ផ្នែក​រឹង​នោះទេ ប៉ុន្តែ​យើង​គ្រាន់តែ​ចង់​ជួយ​សម្រួល​លំហូរ​ការងារ​ដែល​យើង​អនុញ្ញាត​ឱ្យ​មាន​ការទទួល​យក​ឯកសារ​តាម​អេឡិចត្រូនិក​»​។

លោក​លើកឡើង​ថា​៖ «​ជាមួយនឹង​ឯកសារ​អេឡិចត្រូនិក​វា​បាន​ជួយ​យើង​ច្រើន ដែល​វា​មិនមាន​ការពន្យារ​ពេលណា​មួយ​ជាមួយ​នឹង​ការងារ​របស់​យើង​នោះទេ ទោះបី​យើង​កំពុង​ប្រឈម​នឹង​ពេលវេលា​ដ៏ពិបាក​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ​។ យន្តការ​អនឡាញ​គឺ​យើង​អនុវត្ត​ជាមួយ​សិក្ខាសាលា និង​កិច្ចប្រជុំ​ធំ​ផ្សេងទៀត​ជាមួយ​និយតករ​ផ្សេងទៀត នៅក្នុង​តំបន់​អាស៊ាន និង​តំបន់​ផ្សេងៗ​ទៀត​។ ជា​ឧទាហរណ៍​នៅ​ថ្ងៃទី​ ១៥ ខែមីនា ខាងមុខ 6 នេះ យើង​នឹងមាន​កិច្ចប្រជុំ​ធំ​មួយ​ជាមួយ​និយតករ​ផ្សារហ៊ុន​នៅ​អាស៊ាន​»​។

លោក Jong Weon Ha អនុប្រធាន​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​ប្រាប់ថា ដោយ​មើលឃើញ​ស្ថានការណ៍​បច្ចុប្បន្ន​ក្នុង​នាម​ជា​ប្រតិបត្តិករ​ទីផ្សារ CSX បាន​គិត​អំពី​សេណារីយោ​ដ៏អាក្រក់​បំផុត​ប្រសិនបើ​មាន​ការបិទ​ទីក្រុង​ក៏ CSX នៅ​តែ​អាចមាន​លទ្ធភាព​ប្រតិបត្តិការ ដរាប​ណា​ធនាគារ​ទូទាត់​សាច់ប្រាក់​នៅ​ប្រតិបត្តិការ​។

លោក​ប្រាប់ថា​៖ «​យើង​បាន​ពិភាក្សា​ជាមួយ​និយតករ សមាជិក​របស់​យើង និង​អ្នកចូលរួម​ដែល​រួមទាំង​ក្រុមហ៊ុន​កម្រៃជើងសា និង​ធនាគារ​ទូទាត់​សាច់ប្រាក់​លើ​យន្តការ​ក្នុង​ការប្រតិបត្តិការ​ទីផ្សារ ដោយ​គិត​តាំងពី​ការរឹតបន្តឹង​ការធ្វើដំណើរ ឬ​ការបិទ​ទីក្រុង​ត្រូវបាន​ធ្វើឡើង​។ យើង​នឹង​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ធានា​ឱ្យ​ប្រាកដថា ក្រុម​វិនិយោគិន​អាចធ្វើ​ការសម្រេច​ចិត្ត​វិនិយោគ និង​អនុវត្ត​ការជួញដូរ​បាន​គ្រប់​ពេលដែល​ពួកគេ​ចង់​ពិសេស​នៅពេល​ដែល​និន្នាការ​អាជីវកម្ម​កំពុង​ផ្លាស់ប្តូរ​យ៉ាង​រហ័ស​ដូចនេះ​»​។

ចាប់តាំងពី​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​ទីផ្សារ​ភាគហ៊ុន​មាន​សកម្មភាព​ជួញដូរ​ជា​ទៀងទាត់​។ ជា​មធ្យម​ភាគហ៊ុន​ចំនួន ៤៥ ០០០ ​ភាគហ៊ុន មានតម្លៃ​ ៥៥ ០០០ ​ដុល្លារ​ត្រូវ​បាន​ជួញដូរ​ជា​រៀងរាល់ថ្ងៃ​។ តម្លៃ​ភាគហ៊ុន​តំណាង​ដោយ​សន្ទស្សន៍ CSX មាន​ការធ្លាក់ចុះ​តិចតួច​ប៉ុណ្ណោះ​ចំនួន ៥ ​ពិន្ទុ​ដែល​ប្រហែល​នឹង​ ០,៨ ​ភាគរយ​។

ក្រុម​វិនិយោគិន​ហាក់ដូចជា​នៅតែ​មាន​សុទិដ្ឋិនិយម​លើ​តម្លៃ​ភាគហ៊ុន ដោយសារ​តែ​ភាគហ៊ុន​ភាគច្រើន​នៅតែមាន​ស្ថិរភាព និង​ភាគហ៊ុន​ដូចជា​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​ (PWSA) បាន​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​រហ័ស​ដល់​កម្រិត​លើសពី​តម្លៃ IPO របស់ខ្លួន​ក្នុងអំឡុងពេល ១ ​សប្ដាហ៍​កន្លងមក បន្ទាប់ពី​សេចក្ដី​ប្រកាស​ប្រាក់ចំណូល​សុទ្ធ​វិជ្ជមាន​នៃ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១៕ LA