ភ្នំពេញៈ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ​បាន​ស្នើ​ឲ្យ​អាជ្ញា​ធរ​អគ្គិសនី (EAC) និង​អគ្គិសនី​កម្ពុជា (EDC)​ គួរ​សិក្សា​ពី​លទ្ធភាព​បញ្ចុះ​តម្លៃ​អគ្គិសនី​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ ​កក្កដា​ ខណៈ​លោក​រដ្ឋ​មន្ត្រី​ក៏​បាន​រំឭក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​បង្កើន​ការ​ពង្រឹង​គុណភាព​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​បញ្ចៀស​ការ​ដាច់​ភ្លើង​ផង​ដែរ​។

មន្ត្រី​សង្គម​ស៊ីវិល ហៅ​ការ​សម្រេច​ចិត្ត​មុន​ការ​បោះឆ្នោត នេះ​ជាការ​លួង​ចិត្ត​ប្រជាជន​។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​បញ្ចប់​ឆ្នាំ ​២០១៧ របស់ EAC កាលពី​ម្សិលមិញ​។

លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​អគ្គិសនី និង EDC ធ្វើ​ការ​សិក្សា​ផ្ទៃ​ក្នុង ឬ​ ពិចារណា​ថា​តើ​តម្លៃ​អគ្គិសនី​សម្រាប់​រោងចក្រ និង​សហគ្រាស​អាច​បន្ទាប​ជាង​មុន​បន្តិច​មុន​ពេល​ការ​បោះឆ្នោត​ខាង​មុខ​ ដើម្បី​ស្នើ​លោក​នាយក​រដ្ឋ​មន្ដ្រី​សម្រាប់​អនុម័ត​»​។

លោក ស៊ុយ សែម ក៏​ជំរុញ​ឲ្យ​មាន​ការ​ពង្រឹង​គុណភាព​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ផង​ដែរ ដោយ​បញ្ចៀស​ការ​ដាច់​ចរន្ត​អគ្គិសនី ជា​ពិសេស​ក្នុង​អំឡុងពេល​យុទ្ធនាការ​បោះ​ឆ្នោត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ប្រិយភាព​ដែល​ជា​សមិទ្ធផល​របស់​រដ្ឋាភិបាល​។

លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​នឹង​រៀបចំ​សំណើ​លើ​ការ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​តាម​រយៈ​ការ​រៀបចំ​សេណារីយោ​ឲ្យ​រដ្ឋាភិបាល​អនុម័ត រួម​មាន​ការ​ផ្ដល់​តម្លៃ​ដែល​ផ្ដល់​អត្ថ​ប្រយោជន៍​កាន់​តែ​ធំ​ដល់​ប្រជាជន និង​សំណើ​ផ្សេង​ទៀត​ដែល​ផ្ដល់​ប្រយោជន៍​កាន់​តែ​ច្រើន​ដល់​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។

លោក​ថ្លែង​ថា​ ៖«​ខ្ញុំ​នឹង​ធ្វើ​សេណារីយោ​ពីរ​បី ដើម្បី​ដាក់​ទៅ​ឲ្យ​រដ្ឋាភិបាល​ជ្រើសរើស​។ ១ ​គឺ ​[​បាន​ប្រយោជន៍​ច្រើន​] ទៅលើ​ប្រជាជន ស្រប​ពេល​អ្នក​អាជីវកម្ម និង​ឧស្សាហកម្ម​ក៏​ចុះ​ដែរ​។ ១ ទៀត [​បាន​ប្រយោជន៍ ច្រើន​] ទៅលើ​អាជីវកម្ម និង ​ឧស្សាហកម្ម តើ​រដ្ឋាភិបាល​ជ្រើស​រើស​យក​មួយ​ណា​? ឬ ក៏​ជ្រើស​រើស​យក​ទាំង​២»​។

លោក​បន្ត​ថា​៖ «​យើង​នឹង​ឃើញ​លទ្ធផល​នេះ [​តម្លៃ​ធ្លាក់ចុះ​កម្រិត​ណា​] នៅ​មុន​ពេល​បោះឆ្នោត​។ យើង​កំពុង​គិតគូរ​ថា​តើ​ផ្លែផ្កា​ដែល​យើង​អាច​ទទួល​បាន​ពី​ការ​ធ្វើ​បែប​នេះ​បាន​ប៉ុន្មាន​?»​។

លោក ទី នរិន្ទ បាល​លើក​ឡើង​ថា កាលពី​ឆ្នាំ ២០១៥ រដ្ឋាភិបាល​បាន​កំណត់​ផែនការ​ជាក់លាក់​មួយ​ក្នុង​ការ​បន្ថយ​ថ្លៃ​អគ្គិសនី​ប្រចាំឆ្នាំ តាម​ខួប​ពី​ចុងខែ​មីនា​នៃ​ឆ្នាំ​មួយ​ទៅ​ចុងខែ​មីនា​នៃ​ឆ្នាំ​បន្ទាប់​នៅ​តំបន់​ផ្គត់ផ្គង់​ដែល​យក​ប្រភព​អគ្គិសនី​ពី​បណ្តាញ​ជាតិ​សម្រាប់​អនុវត្ត ពី​ឆ្នាំ​២០១៦ ដល់​២០២០​។

ឆ្នាំ​ ២០១៧ ក្រៅពី​ការ​បន្ថយ​អត្រា​ថ្លៃ​ធម្មតា​រដ្ឋាភិបាល បាន​ផ្តល់​ការ​អនុគ្រោះ​ថ្លៃ​សម្រាប់​ជួយ​ដល់​លំនៅឋាន​ប្រជាជន​បន្ថែម​ទៀត​។ ក្នុងនោះ​នៅ​ភ្នំពេញ និង​តាខ្មៅ ការ​អនុគ្រោះ​ថ្លៃ​មាន​២ គឺ​ថ្លៃ​ទីមួយ ៦១០ រៀល​ក្នុង ១ គីឡូ​វ៉ាត់​ម៉ោង សម្រាប់​ការ​ប្រើ​ប្រាស់​ក្រោម​៥០ គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ខែ និង​តម្លៃ ៧២០ រៀល​ក្នុង​១​គីឡូ​វ៉ាត់​ម៉ោង សម្រាប់​ការ​ប្រើប្រាស់​ចន្លោះ​ពី ៥១ ដល់ ២០០ គីឡូវ៉ាត់​ម៉ោង​ក្នុង​១​ខែ​។

យោង​តាម​របាយការណ៍ EAC ក្នុង​ឆ្នាំ ២០១៧ អនុភាព​នៃ​អគ្គិសនី​សរុប​ដែល​កម្ពុជា​មានបាន​កើនឡើង​ពី ២ ១១៥ មេ​ហ្គា​វ៉ាត់ ដល់ ២ ២៨៣ មេ​ហ្គា​វ៉ាត់ ឯ​បរិមាណ​ថាមពល​អគ្គិសនី​ដែល​កម្ពុជា​បាន​ប្រើប្រាស់​ចេញពី​ប្រភព​ខាង​លើ​កើន​ឡើង​១១​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៦ គឺ​កើនឡើង​ពី ៧ ១៧៥ លាន​គីឡូវ៉ាត់​ម៉ោង ដល់ ៧ ៩៦៦ លាន​គីឡូវ៉ាត់​ម៉ោង​នៅ​ឆ្នាំ​២០១៧​។

ក្នុង​នោះ​បរិមាណ​អគ្គិសនី​ដែល​បាន​មក​ពី​ការ​ផលិត​ក្នុង​ស្រុក​បាន​កើនឡើង​ពី ៧៧,៩ ភាគរយ​ពី​ឆ្នាំ ២០១៦ ដល់ ៨១,៤ ភាគរយ​នៅ​ឆ្នាំ​២០១៧ ឯ​បរិមាណ​ថាមពល​អគ្គិសនី​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​បាន​ថយចុះ​ពី ២២ ភាគរយ កាលពី​ឆ្នាំ​២០១៦ មកដល់ ១៨,៦ ភាគរយ​នៅ​ឆ្នាំ​២០១៧​។

តាម​លោក នរិន្ទ ការ​សម្រេច​ចិត្ត​ក្នុងការ​កាត់បន្ថយ​តម្លៃ​អគ្គិសនី​ កាលពី​ឆ្នាំ​ ២០១៧ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចំណាយ​ប្រហែល​ ៥១ ​លាន​ដុល្លារ​ដើម្បី​ឧបត្ថម្ភ​ធន ដែលជា​ប្រាក់​ចំណូល​បាន​ពី EDC​។

លោក​បន្តថា បើ​មិនមាន​ការ​ឧបត្ថម្ភ​ធន​ទេ ប្រាក់​ចំណូល​របស់ EDC គួរតែ​កើនឡើង​ដល់​ប្រហែល​ ១០០​ លាន​ដុល្លារ​ កាលពី​ឆ្នាំ ​២០១៧​។

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា តម្លៃ​អគ្គិសនី និង​តម្លៃ​ដឹក​ជញ្ជូន​ខ្ពស់​នៅ​កម្ពុជា​គឺជា​បញ្ហា​ប្រឈម​រយៈពេល​យូរ​សម្រាប់​វិស័យនេះ ដូច្នេះ​ប្រាក់​ចំណូល​ដែល​រដ្ឋាភិបាល​បាត់បង់​ដោយ​សារ​ការ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​វិស័យ​ឯកជន ដែល​ទីបំផុត​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​។

លោក​បាន​ថ្លែងថា​៖ «​ទោះបីជា​រដ្ឋាភិបាល​នឹង​បាត់បង់​ប្រាក់ចំណូល​មួយចំនួន​ក៏​ដោយ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​វិស័យ​ឯកជន​ទទួលបាន​អត្ថប្រយោជន៍​កាន់តែច្រើន ហើយ​អត្ថប្រយោជន៍​នេះ​អាច​ធំ​ជាង​ការបាត់បង់​របស់​រដ្ឋា​ភិ​បាល​»​។ លោក​បន្តថា​៖«​ក្នុងន័យ​សេដ្ឋកិច្ច វា​ជាការ​អនុវត្ត​ដ៏​ល្អ​មួយ ហើយ​រដ្ឋាភិបាល​គួរតែ​ហ៊ាន​បាត់បង់​»​។

លោក សុង សារ៉ន ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន Amru Rice ស្វាគមន៍​ផែនការ​ក្នុងការ​កាត់បន្ថយ​តម្លៃ​អគ្គិសនី​នេះ​។ លោក​ថ្លែងថា​៖«​ការ​ចំណាយ​លើ​ការផលិត​របស់​យើង​នៅលើ​ផែនការ​កែច្នៃ មាន​ប្រហែល​៣០​ភាគរយ ខ្ពស់​ជាង​បណ្ដា​ប្រទេស​ជិត​ខាង ហើយ​ភាគច្រើន​ការ​ចំណាយ​លើ​តម្លៃ​អគ្គិសនី​ខ្ពស់​»​។

លោក​បាន​បន្ថែម​ថា ខណៈ​ដែល​តម្លៃ​អគ្គិសនី​របស់​កម្ពុជា​មាន​ប្រហែល​១៦,៥​សេន​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង នៅ​វៀតណាម និង​ថៃ​មានតែ​ ០,៨ ​ដុល្លារ​ប៉ុណ្ណោះ​។ លោក​ក៏បាន​ស្នើ​ដែរ​ថា វា​នឹង​ល្អ​បើ​រដ្ឋាភិបាល​អាច​បន្ទាប​តម្លៃ​អគ្គិសនី​សម្រាប់​សហគ្រាស​មក​នៅ​ប្រហែល​១១​សេន​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​។

លោក សន ជ័យ ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​នៅ​កម្ពុជា (ANSA) បាន​ថ្លែងថា ការ​សម្រេច​ចិត្ត​ណាមួយ​ពី​រដ្ឋាភិបាល​ក្នុងការ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​គឺ​ល្អ​សម្រាប់​ប្រជាជន ប៉ុន្តែ​វា​អាច​ចេញ​មកពី​ហេតុផល​នយោបាយ ដោយ​សារ​រដ្ឋាភិបាល​ព្យាយាម​លួង​លោម​ចិត្ត​ប្រជាជន​ដើម្បី​ទទួល​បាន​ប្រជាប្រិយភាព​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​។

លោក​ថ្លែងថា​៖ «​ការ​សម្រេច​ចិត្ត​ណា​មួយ ឬ​អំណោយ​ណា​មួយ​សម្រាប់​ប្រជាជន​មុន​ពេល​ការ​បោះឆ្នោត​គឺ​មិន​ចៀស​ផុត​បាន​ទេ​តាម​ការ​យល់​ឃើញ​ថា រដ្ឋាភិបាល​ចង់​បាន​ប្រយោជន៍​ផ្នែក​នយោបាយ​»​។

លោក​បន្ថែម​ថា ក្នុង​ករណី​នេះ វា​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន​ទូទៅ​។ លោក​បន្ត​ថា​៖ «​ខ្ញុំ​មិនអាច​ព្យាករ​ថា រដ្ឋាភិបាល​អាច​ទទួល​បាន​ច្រើន​ប៉ុនណា​ពី​ការ​សម្រេច​ចិត្ត​នេះ​ទេ ដោយ​សារ​វា​ផ្អែក​លើ​ទស្សនៈ​បុគ្គល​ពី​ពលរដ្ឋ ប៉ុន្តែ​ខ្ញុំ​គិត​ថា មាន​បញ្ហា​ជាច្រើន​ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ធ្វើ​ដូច​ជា ការ​ដោះ​ស្រាយ​បញ្ហា​លើ​អំពើ​ពុក​រលួយ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់​ពន្ធ ការ​កែលម្អ​វិស័យ​សុខាភិបាល និង​ហេដ្ឋា​រចនា សម្ព័ន្ធ​ផ្សេង​ទៀត​»៕ LA