សិង្ហបុរីៈ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​អាស៊ាន​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅក្នុង​សន្និសីទ​លើក​ទី​ ១៤ ​នៃ​ថ្នាក់​​រដ្ឋមន្ដ្រី​អាស៊ាន​ដែល​ផ្ដោត​លើ​ការបង្កើត​សហគមន៍​ក្នុង​តំបន់​ឲ្យ​កាន់​តែ​រឹងមាំ​តាមរយៈ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​នឹង​នាំ​ទៅ​រក​ការអនុវត្ត​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​តំបន់​។

ថ្លែង​នៅក្នុង​ពិធី​បើក​សន្និសីទ​កាលពី​ម្សិលមិញ​លោក S. Iswaran រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ព័ត៌មាន និង​ទំនាក់ទំនង​របស់​ប្រទេស​សិង្ហបុរី​ថ្លែង​ថា​លោក​មាន​សេចក្ដី​រីករាយ​ជាមួយ​ការរីកចម្រើន​ដែល​បាន​ធ្វើ​ឡើង​ដោយ​វិស័យ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​ក្នុង​ការ​អនុវត្ត​ផែនការ​មេ​ និង​ទំនាក់ទំនង​អាស៊ាន​។

លោក​បន្ថែម​ថា​ មាន​ការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​នៃ​វិស័យ​បច្ចេកវិទ្យា អាស៊ាន​ឌីជីថល ដែល​ជា​ការរួមបញ្ចូល​គ្នា ហើយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​អាច​រួម​គ្នា ដើម្បី​ជួយ​ពលរដ្ឋ​ក្នុង​ការ​រៀបចំ​ឲ្យ​បាន​កាន់តែ​ប្រសើរ​សម្រាប់​អនាគត​។

លោក Iswaran បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​ពលរដ្ឋ​ទាំងអស់​របស់​យើង ត្រូវតែ​រៀបចំ​សម្រាប់​ដំណាក់កាល​ថ្មី​នៃ​ព័ត៌មាន និង​បច្ចេកវិទ្យា​ឌីជីថល ហើយ​យើង​ត្រូវ​តែ​ធានា​ឲ្យ​ប្រាកដ​ថា មិន​មាន​នរណា​ម្នាក់​នៅ​ក្រោយ​គេ​នោះ​ទេ​នៅក្នុង​ការវិវត្ត​ឌីជីថល​នេះ​ដែល​វា​កំពុង​តែ​ផ្លាស់ប្តូរ​ទូទាំង​ពិភពលោក​»​។

លោក​បន្ត​ថា​៖ «​ប្រសិន​បើ​យើង​ទទួល​យក​យុទ្ធសាស្ដ្រ​ត្រឹមត្រូវ អាស៊ាន នឹង​ជា​ទីតាំង​ដ៏ប្រសើរ​ជា​តំបន់​ដ៏រស់រវើក និង​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល​ជារួម និង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​»​។

រដ្ឋាភិបាល​កម្ពុជា​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា និង​សហគ្រិនភាព​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​កម្ពុជា​នៅ​តែ​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ​ចាប់​យក​សេដ្ឋកិច្ច​ឌីជីថល ខណៈ​ជំរុញ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ចាប់ផ្ដើម​ចាប់​យក​បច្ចេកវិទ្យា​នេះ ដើម្បី​បង្កើន​ចង្វាក់​ផលិតកម្ម​។

លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​សិក្ខាសាលា​នេះ​ថា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍ​ការងារ​ក្របខ័ណ្ឌ​គោលនយោបាយ​ទាក់ទង​នឹង​ប្រសិទ្ធភាព​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធ្វើឲ្យ​ប្រសើរ​ដល់​សេដ្ឋកិច្ច​ឌីជីថល​។

លោក Heng Swee Keat រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ហិរញ្ញវត្ថុ​របស់​ប្រទេស​សិង្ហបុរី បាន​ថ្លែង​ថា​សេដ្ឋកិច្ច​អាស៊ាន​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​ក្នុង​កម្រិត​ ៥,២ ​ភាគរយ​ប្រចាំ​ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០២២ ដែល​នាំមុខ​ដោយ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។ លោក​បន្ថែម​ថា សមាជិក​ទាំងអស់​ត្រូវ​តែ​បន្ត​បើកចំហ និង​ភ្ជាប់​ទំនាក់​ទំនង និង​រៀបចំ​ដើម្បី​ដំណើរការ​រលក​កំណើន​បន្ទាប់​។

លោក​ថ្លែង​ថា​៖ «​រលក​បន្ទាប់​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច​ឌីជីថល​»​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​ដោយ​មាន​កំណើន​ប្រជាជន​មាន​ប្រាក់ចំណូល​កណ្ដាល និង​ប្រជាជន​វ័យក្មេង​របស់​យើង អាស៊ាន គឺជា​ទីកន្លែង​ដ៏ប្រសើរ​ក្នុង​ការ​ចាប់​យក​ឱកាស​ទាំងនេះ​»៕ LA