
លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថត ហ្វេសប៊ុក
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មបានលើកឡើងនាពេលថ្មីៗនេះថា ក្រសួងមួយចំនួនដែលមានតួនាទីទាក់ទងនឹងវិស័យកសិកម្មគួរត្រូវបានច្របាច់ បញ្ចូលគ្នាដើម្បីពង្រឹងប្រសិទ្ធភាពការងារ ដោយសារថា ការបន្តស្ថិតនៅដាច់ដោយឡែកពីគ្នាដូចបច្ចុបុ្បន បានធ្វើឲ្យបញ្ហាក្នុងវិស័យកសិកម្មពិបាកដោះស្រាយ។
លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា កសិកម្មកម្ពុជាកំពុងប្រឈមបញ្ហាជាច្រើន ហើយបញ្ហាទាំងនោះត្រូវការដោះស្រាយជាប្រព័ន្ធដែលត្រូវការការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន។
លោកបន្តថា ការច្របាច់បញ្ចូលគ្នារវាងក្រសួងសំខាន់ៗមួយចំនួនដើម្បីរួមការងារជាធ្លុងមួយអាចជាជម្រើសល្អ ហើយគួរកើតឡើងនាពេលខាងមុខ។
លោកថ្លែងថា៖ «ពីដើម យើងគិតថាមានគ្នាច្រើនជួយគ្នា ប៉ុន្តែដល់តែក្រសួងនីមួយៗឯករាជ្យរៀងៗខ្លួនទៅ វាអត់ស៊ីចង្វាក់គ្នា ដើម្បីឆ្លើយតបនឹងគោលដៅមួយ គោលដៅពិតប្រាកដដែលទីផ្សារចង់បាន»។
លោក សាខុន បន្តថា វិស័យកសិកម្មកម្ពុជាបានឈានមួយជំហានពីការផលិតសម្រាប់ការហូបចុករបស់ប្រជាជនក្នុងស្រុកដើម្បីរក្សាសន្តិសុខស្បៀង ទៅជាវិស័យដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលទាមទារឲ្យមានការបង្កើតគោលនយោបាយជាក់លាក់ និងប្រព័ន្ធការងាររួមមួយដើម្បីពង្រឹងប្រសិទ្ធភាព។
លោកបន្តថា៖ «កាលពីមុន យើងចេះតែធ្វើ [នៅដោយឡែកពីគ្នា] បានហើយដោយសារយើងធ្វើគ្រាន់តែព្យាយាមដោះស្រាយបញ្ហាសន្តិសុខស្បៀង។ តែដល់ដំណាក់កាលនេះគឺ ទាមទារឲ្យមានការប្រមូលផ្តុំស្រួចទៅមុខ រឿងឆ្លើយតបទីផ្សារ និងជំរុញកំណើនសេដ្ឋកិច្ច។ ដូច្នេះយើងត្រូវធ្វើការដោយពិចារណាគ្រប់ជ្រុងជ្រោយទាំងអស់។ មុននឹងដាំអ្វីមួយ តើទីផ្សារយ៉ាងម៉េច? តើឃ្លាំងស្តុកត្រូវរៀបចំស្តង់ដារយ៉ាងម៉េច? ដូច្នេះយើងត្រូវការការធ្វើការមួយដែលមានឯកភាពគ្នាខ្លាំងណាស់ ដើម្បីឈានទៅឆ្លើយតបទៅកាន់ទីផ្សារ»។
លោក សាខុន មិនបានបញ្ជាក់ចំៗថាតើក្រសួងសំខាន់ៗណាខ្លះនៅកម្ពុជាដែលគួរច្របាច់បញ្ចូលគ្នានោះទេ តែលោកបានលើកឧទាហរណ៍ជាគំរូពីប្រទេសដែលទទួលជោគជ័យខាងវិស័យកសិកម្ម ដែលគេបានច្របាច់បញ្ចូលគ្នា ភ្នាក់ងាររដ្ឋាភិបាល ៣ គឺ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងក្រសួងកសិកម្ម។
បញ្ហាភាពមិនស៊ីចង្វាក់គ្នារបស់ភ្នាក់ងាររដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាក្នុងវិស័យកសិកម្ម ត្រូវបានលើកឡើងជាញឹកញាប់ពេលមានបញ្ហាបានកើតឡើង និងបន្តអូសបន្លាយ។
លោកបន្តថា បញ្ហាតម្លៃកសិផលធ្លាក់ចុះ និងតម្លៃសត្វចិញ្ចឹមធ្លាក់ចុះត្រូវបានលើកឡើងជាញឹកញាប់ពីកសិករ ហើយជាទូទៅស្ថាប័នរដ្ឋាភិបាលតែងរុញការទទួលខុសត្រូវលើបញ្ហានោះដាក់គ្នាទៅវិញទៅមក។
លោក យ៉ង់ សាំងកុមារ ប្រធានគណៈកម្មការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញផ្នែកកសិកម្ម ១ រូប បានលើកឡើងថា ការលើកឡើងថា ការលើកគំនិតក្នុងការច្របាច់បញ្ចូលគ្នាស្ថាប័នមួយចំនួនដើម្បីប្រសិទ្ធភាពវិស័យកសិកម្មពិតជាបានឆ្លុះបញ្ចាំងពីបញ្ហាជាក់ស្តែង។
លោកថ្លែងថា៖ «យើងមានស្ថាប័នច្រើន មានមន្រ្តីច្រើន ប៉ុន្តែប្រសិទ្ធភាពការងារនៅទាប ហើយប្រសិនបើយើងមិនកែទម្រង់ទេ កសិកម្មយើងនៅតែដើរអត់ទាន់គេអ៊ីចឹង»។
លោកបន្តថា៖ «ការធ្វើការងារពាក់ព័ន្ធមួយ ដល់ពេលមានមេច្រើន មានក្បាលម៉ាស៊ីនច្រើន វាបង្កការពិបាក និងស្មុគស្មាញ។ អ៊ីចឹងបើយើងមានថ្នាក់ដឹកនាំរួមគ្នាវិញ ប្រសិទ្ធភាពការងារអាចនឹងកើនឡើង សម្រេចលទ្ធផលបានច្រើន និងកាត់បន្ថយការចំណាយ»។
លោក ចាន់ ដារ៉ុង អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ កាលពីម្សិលមិញបានលើកឡើងថា ការសម្រេចទាក់ទងនឹងការចាត់ចែងគ្រប់គ្រងក្រសួងស្ថាប័ន គឺស្ថិតក្នុងកម្រិតនៃការសម្រេចរបស់រដ្ឋាភិបាល។
យ៉ាងណាក៏ដោយ លោក ដារ៉ុង បញ្ជាក់ថា តួនាទីក្រសួងអភិវឌ្ឍន៍ជនបទ នៅបន្តសារៈសំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។
លោកបន្តថា ផ្លូវជនបទកម្ពុជាមានប្រវែងសរុបជាង ៤៥ ០០០ គីឡូម៉ែត្រ ហើយទើបសាងសង់ជាផ្លូវកៅស៊ូ ឬ ផ្លូវមានគុណភាពបានតិចតួចនៅឡើយ ដែលទាមទារឲ្យមានតួនាទីក្រសួងអភិវឌ្ឍន៍ជនបទក្នុងការបន្តរួមចំណែកស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនេះឲ្យកាន់តែល្អដើម្បីផ្តល់ភាពងាយស្រួលដល់កសិករក្នុងការដឹកជញ្ជូនកសិផល និងបង្កើនតម្លៃទីផ្សារ។
លោកបន្តថា៖ «យើងមានក្រសួងផ្សេងៗគ្នាហ្នឹង ដើម្បីបំពេញភារកិច្ចឲ្យបានច្រើនព្រមៗគ្នា ដើម្បីផ្តល់សេវាល្អដល់ប្រជាជនតាមតំបន់ជនបទ»។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្ននេះក្រសួងអភិវឌ្ឍន៍ជនបទមានតួនាទីសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជន»៕