ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនបារាំង Vinci Construction Grands Projects សម្រេចបានកិច្ចព្រមព្រៀងមួយមានតម្លៃ ១៥៦ លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីឆ្លើយតបកំណើនតម្រូវការយ៉ាងរហ័សនៃទឹកស្អាតនៅទីក្រុងភ្នំពេញ។
ការសាងសង់នេះគឺជាផ្នែកមួយនៃកម្មវិធីវិនិយោគប្រកបដោយមហិច្ឆតាដោយ PPWSA និងក្នុងគោលបំណងគាំទ្រកំណើនទីក្រុងភ្នំពេញ ដែលសមត្ថភាពផលិតត្រូវបានកើនឡើងជិត ២ ដងរួចហើយនៅចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៧ ជាមួយនឹងរោងចក្រផលិតទឹកស្អាតចំការមន ដែលមានសមត្ថភាពផលិត ៥៥ ០០០ ម៉ែត្រគុប ក្នុងមួយថ្ងៃទើបត្រូវបានបញ្ចប់។
រោងចក្រផលិតទឹកស្អាតថ្មីនេះនឹងបង្កើនសមត្ថភាពផលិតរបស់ខ្លួនពី ៦០០ ០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃ បច្ចុប្បន្នដល់ប្រហែល ១ ០០០ ០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃក្នុងឆ្នាំ ២០២៤។
រោងចក្រផលិតទឹកស្អាតបាក់ខែង (WPF) ត្រូវបានសាងសង់ ២ ដំណាក់កាល ដែលអាចផលិតបានក្នុងសមត្ថភាពពាក់កណ្ដាលនៅដើមឆ្នាំ ២០២២។ កិច្ចព្រមព្រៀងនេះគ្របដណ្ដប់លើការសាងសង់ដំណាក់កាលទី ១ និងរួមមានជម្រើសសម្រាប់ការសាងសង់ដំណាក់កាលទី ២ សម្រាប់ចំនួនទឹកប្រាក់បន្ថែម ៤៥ លានដុល្លារ។
ការផ្ដល់ហិរញ្ញប្បទានរបស់គម្រោងនេះត្រូវបានចរចាកាលពីឆ្នាំ ២០១៨ និងត្រូវបានផ្ដល់ដោយទឹកប្រាក់ជាច្រើនដោយទីភ្នាក់ងារហិរញ្ញវត្ថុ ២ គឺធនាគារវិនិយោគអឺរ៉ុប (EIB) និងទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសបារាំង (AFD) ដែលបានផ្ដល់កម្ចីរៀងៗខ្លួនចំនួន ១០០ លានដុល្លារ និង ៨៥ លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ហើយផ្នែកនៅសល់បានពី PPWSA។
លោក សឹម ណារ៉ា ប្រធានក្រុមប្រឹក្សាភិបាល PPWSA បានឲ្យដឹងនៅក្នុងពិធីចុះហត្ថលេខានៅទីក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ថាការចុះហត្ថលេខានេះសម្រាប់ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងក្នុងដំណាក់កាលទី ១ គឺជាការអនុវត្តផែនការសកម្មភាពដំណាក់កាលទី ២។
លោកថ្លែងថា៖ «ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី ១ មានបំណងផ្គត់ផ្គង់ដល់ពហុកីឡដ្ឋានមរតកតេជោដែលទើបនឹងបង្កើតឡើងថ្មីៗ នៅស្រុកមុខកំពូលខេត្តកណ្ដាល និងតំបន់ជាយក្រុងមួយចំនួននៃទីក្រុងភ្នំពេញនៅភាគខាងលិចដោយមានប្រជាជន ៥០០ ០០០ នាក់»។
ការសាងសង់រោងចក្រផលិតទឹកស្អាតនេះនឹងចាប់ផ្ដើមនៅចុងខែវិច្ឆិកា និងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២២។ នេះបើយោងតាមលោក ណារ៉ា។
លោកស្រី Eva Nguyen Binh ឯកអគ្គរាជទូតបារាំងបានឲ្យដឹងថា ពិធីចុះហត្ថលេខានេះកំពុងឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមរវាងធនាគារវិនិយោគអឺរ៉ុប និង AFD របស់ប្រទេសបារាំង ដើម្បីរួមចំណែកសម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។
លោកស្រីថ្លែងថា៖ «រោងចក្រផលិតទឹកស្អាតគឺជាសមិទ្ធផលដ៏សំខាន់មួយរបស់ PPWSA និង Vinci ក្នុងការអភិវឌ្ឍវិស័យទឹកស្អាត ហើយយើងអបអរសាទរការពង្រីកវិស័យនេះក្នុងការផ្ដល់ដល់ប្រជាជនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា»។
លោកស្រីបន្ថែមថា ជាមួយនឹងវត្តមានរបស់ធនាគារវិនិយោគអឺរ៉ុប និង AFD ចូលរួមជាកម្លាំងសម្រាប់គម្រោងនេះ វាឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ EU និងប្រទេសបារាំងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា៕LA