ភ្នំពេញ: រដ្ឋាភិបាលកម្ពុជាបានសម្រេចទិញថាមពលអគ្គិសនី ២ ៤០០ មេហ្គាវ៉ាត់ ផ្តាច់មុខពីរោងចក្រថាមពលធ្យូងថ្មរបស់ឡាវដែលជាការអនុម័តលើ «ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងថាមពលអគ្គិសនីពីប្រទេសឡាវ»។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ។
យោងតាមឯកសារសង្ខេបស្តីពីគម្រោងថាមពលដែលត្រូវបានបង្ហាញដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ១១ ខែ កញ្ញា ម្សិលមិញកម្ពុជានឹងទិញថាមពលអគ្គិសនីផ្តាច់មុខពីរោងចក្រថាមពលធ្យូងថ្មចំនួន ២ នៅប្រទេសឡាវគឺពីក្រុមហ៊ុន TSBP-sekong Power and mineral Company Limited ដែលផលិតថាមពលអគ្គិសនី ៦០០ មេហ្គាវ៉ាត់ និងក្រុមហ៊ុន Xekong Thermal Power Plant Company Limited ដែលផលិតថាមពលអគ្គិសនី ១ ៨០០ មេហ្គាវ៉ាត់។
ក្រុមហ៊ុនទាំង ២ នេះទទួលបានសម្បទានអភិវឌ្ឍន៍អណ្តូងរ៉ែធ្យូងថ្ម និងរោងចក្រផលិតអគ្គិសនីពីរដ្ឋាភិបាលប្រទេសឡាវ សម្រាប់ការផ្គត់ផ្គង់អគ្គិសនីឲ្យកម្ពុជា ៨៥ ភាគរយនៃការផលិត។
យោងតាមឯកសារទំហំវិនិយោគរបស់គម្រោងទាំង ២ មានតម្លៃសរុប ៤ ៩៧០ លានដុល្លារអាមេរិក ដែលគិតទាំងហេដ្ឋារចនាសម្ព័ន្ធអណ្តូងរ៉ែធ្យូងថ្ម រោងចក្រផលិតអគ្គិសនី អនុស្ថានីយ និងខ្សែបណ្តាញបញ្ជូនអគ្គិសនីមកដល់ព្រំដែនកម្ពុជា និងឡាវ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖ «យើងតម្រង់ទិសជាអាទិភាពទៅរកប្រទេស ឡាវ ព្រោះការនាំចូលប្រភពអគ្គិសនីពីប្រទេស ឡាវ ជាការនាំចូលប្រភពអគ្គិសនីមួយដែលមានលក្ខណៈអនុគ្រោះជាងគេទាំងតម្លៃទាំង ទំហំ និងលក្ខខណ្ឌទិញ ព្រមទាំងមានសុវត្ថិភាពយូរអង្វែងផងដែរ»។
លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា គម្រោងនេះនឹងត្រូវចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍នេះក្នុងអំឡុងដំណើរទស្សនកិច្ចមកកម្ពុជារបស់លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោកថ្លែងថា៖ «បន្ទាប់ពីយើងចុះកិច្ចព្រមព្រៀងទិញលក់ថាមពលរវាងអគ្គិសនីកម្ពុជាជាមួយក្រុមហ៊ុនទាំងនេះ ហើយក្រុមហ៊ុននឹងធ្វើការកៀរគរមូលនិធិសម្រាប់សាងសង់ធ្វើយ៉ាងណាឲ្យឆ្នាំ ២០២៤ អាចបញ្ចេញថាមពលជំហានដំបូងមកកម្ពុជា»។
កិច្ចព្រមព្រៀងទិញ-លក់ ថាមពលអគ្គិសនីនេះនឹងត្រូវបានធ្វើឡើងរវាងអគ្គិសនីកម្ពុជា EDC និងក្រុមហ៊ុនក្នុងតម្លៃលក់ ០,០៧៧ ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង ថេរក្នុងរយៈពេល ៣០ ឆ្នាំ ក្រោមការធានាពីរដ្ឋាភិបាលរវាងប្រទេសទាំង ២។
ក្នុងកិច្ចព្រមព្រៀងទិញ-លក់ រដ្ឋាភិបាលកម្ពុជាត្រូវធានាទូទាត់ថ្លៃទិញអគ្គិសនីឲ្យក្រុមហ៊ុនក្នុងករណីដែលអគ្គិសនីកម្ពុជាមិនបានធ្វើការទូទាត់តាមកិច្ចព្រមព្រៀងទិញ-លក់។ រដ្ឋាភិបាលត្រូវធានាទូទាត់ការទិញយកហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងទាំង ២ ក្នុងករណីភាគីកម្ពុជាបញ្ចប់កិច្ចព្រមព្រៀងមុនអាណត្តិ និងក្នុងករណីប្រធានស័ក្តិធម្មជាតិកើតមានលើទឹកដីកម្ពុជាដែលធ្វើឲ្យក្រុមហ៊ុនវិនិយោគមិនអាចលក់ថាមពលមកកម្ពុជាបាន។
ចំណែករដ្ឋាភិបាលឡាវត្រូវផ្តល់សិទ្ធិសម្បទានឲ្យភាគីកម្ពុជាចូលគ្រប់គ្រងដំណើរការ និងធ្វើអាជីវកម្មទាំងអណ្តូងរ៉ែធ្យូងថ្ម ទាំងរោងចក្រអគ្គិសនី និងទាំងខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយ ដើម្បីបម្រើការផលិតអគ្គិសនី និងការបញ្ជូនអគ្គិសនីរហូតដល់ចប់អាណត្តិនៃកិច្ចព្រមព្រៀងទិញ-លក់ ថាមពលអគ្គិសនី។
ក្នុងករណីមានការយឺតយ៉ាវ និងការបរាជ័យរបស់អ្នកវិនិយោគដែលធ្វើឲ្យភាគីកម្ពុជាមិនអាចទទួលបានថាមពលអគ្គិសនីតាមកិច្ចព្រមព្រៀង រដ្ឋាភិបាលឡាវត្រូវមានកាតព្វកិច្ចចល័តប្រភពផ្សេង ដើម្បីផ្គត់ផ្គង់អគ្គិសនីកម្ពុជាជំនួសវិញដូចក្នុងលក្ខខណ្ឌដែលក្រុមហ៊ុនវិនិយោគបានចុះកិច្ចព្រមព្រៀងជាមួយអគ្គិសនីកម្ពុជា។
កម្ពុជានាំចូលអគ្គិសនី ៤៤២,៥ មេហ្គាវ៉ាត់ ពីប្រទេសជិតខាងក្នុងនោះនាំចូលពីវៀតណាមចំនួន ២៧៧ មេហ្គាតវ៉ាត់ ពីឡាវ ១៣៥ មេហ្គាវ៉ាត់ និងពីឡាវ ៣០ មេហ្គាវ៉ាត់។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលជាសមាគមតំណាងឲ្យរោងចក្រកាត់ដេរស្បែកជើង និងផលិតផលសម្រាប់ធ្វើដំណើរចំនួន ៥៨០ រោងចក្រនៅកម្ពុជារំពឹងថាកិច្ចព្រមព្រៀងនេះនឹងជួយបំពេញតម្រូវការប្រើប្រាស់អគ្គិសនីក្នុងវិស័យរោងចក្រ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការ GMAC បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គម្រោងនេះនឹងធានាបានដល់ការប្រើប្រាស់ថាមពលអគ្គិសនីគ្រប់គ្រាន់ក្នុងវិស័យកាត់ដេរ។
លោកបានបន្តថាវិស័យថាមពលបានរួមចំណែកខ្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងក្នុងវិស័យកាត់ដេរនៅកម្ពុជា។
លោកបានថ្លែងថា៖ «ខ្ញុំយល់ឃើញថា ការសម្រេចអនុម័តគម្រោងថាមពលអគ្គិសនីពីឡាវថែមទៀតនេះគឺវានឹងជួយធានាស្ថិរភាពនៃការផ្គត់ផ្គង់គ្រប់គ្រាន់មិនខ្វះដូចឆ្នាំកន្លងទៅដែលយើងជួបប្រទះបញ្ហាខ្វះទឹកធ្វើឲ្យវារីអគ្គិសនីយើងមិនអាចដំណើរការបាន»។
រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មនេះចែកជា ៤ ដែលដំណាក់កាលទី ១ នឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២៤ ដែលអាចផលិតថាមពលអគ្គិសនី ៣០០ មេហ្គាវ៉ាត់ ដំណាក់កាលទី ២ ដាក់ឲ្យដំណើរការនៅឆ្នាំ ២០១៥ ដែលអាចផលិតអគ្គិសនី ៦០០ មេហ្គាវ៉ាត់ ដំណាក់កាលទី ៣ ដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៦ ដែលអាចផលិត ៦០០ មេហ្គាវ៉ាត់ និងទី ៤ នឹងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៧ ដែលអាចផលិតថាមពល ៩០០ មេហ្គាវ៉ាត់៕ LA