ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​មិន​យក​ពន្ធ​ត្រួត​គ្នា ដែល​នឹង​ជួយ​ការពារ​ពាណិជ្ជករ​ពី​ប្រទេស​នីមួយៗ​ពី​ការបង់ពន្ធ​ជាន់​គ្នា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​បាន​ចេញ​ផ្សាយ​ពី​ថ្ងៃ​អង្គារ​។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​សប្តាហ៍​មុន​នៅ​ក្រៅ​ជំនួប​នៃ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​ទន្លេ​មេគង្គ​ដែល​បាន​ធ្វើ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។

លោក ជូ វិជិត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​លោក Tran Xuan Ha អនុរដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​វៀតណាម​នៅ​ក្នុង​ពិធី​មួយ​ដែល​បាន​ចូលរួម​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី​របស់​ប្រទេស​ទាំង​ ២​។

ព័ត៌មាន​លម្អិត​របស់​កិច្ចព្រមព្រៀង​នេះ​មិន​ត្រូវ​បាន​ចេញ​ផ្សាយ​នោះ​ទេ​។

យោង​តាម​អគ្គនាយកដ្ឋាន​ពន្ធដារ កិច្ចព្រមព្រៀង​មិន​យក​ពន្ធ​ត្រួត​គ្នា​ដែល​កម្ពុជា​បាន​ធ្វើ​ជាមួយ​ប្រទេស​ចំនួន​ ៥ រួមមាន​សិង្ហបុរី ចិន ប្រ៊ុយណេ ថៃ និង ប្រទេស​វៀតណាម ខណៈ​កម្ពុជា​កំពុង​ចរចា​កិច្ចព្រមព្រៀង​នេះ​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​ទៀត​មាន​ម៉ាឡេស៊ី ហ្វីលីពីន កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ជប៉ុន​។

លោក Clint O’Connell ​ប្រធាន​ផ្នែក​ពន្ធ​ប្រចាំ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ពន្ធ និង​វិនិយោគ​ក្រុមហ៊ុន DFDL បាន​លើកឡើង​កាលពី​ម្សិលមិញ​ថា​វា​ជា​ដំណើរការ​ដ៏ល្អ​មួយ​ដែល​មាន​ការចុះ​កិច្ចព្រមព្រៀង​ការមិន​យក​ពន្ធ​ត្រួតគ្នា​ជាមួយ​វៀតណាម​ដែល​ជា​សមាជិក​មួយ​ក្នុង​តំបន់​អាស៊ាន​ស្រប​ពេល​កម្ពុជា​បាន​សម្រេច​កិច្ចព្រមព្រៀង​ដូច​គ្នា​នេះ​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​ហើយ​នោះ​។

លោក​បន្ត​ថា ​វៀតណាម​គឺជា​ប្រភព​វិនិយោគ​ផ្ទាល់​ដ៏សំខាន់​មួយ​សម្រាប់​កម្ពុជា ដូច្នេះ​ការសម្រេច​កិច្ចព្រមព្រៀង​ថ្មី​នេះ​នឹង​ក្លាយ​ជា​កត្តា​ជំរុញ​ដ៏សំខាន់​សម្រាប់​បង្កើន​ការវិនិយោគ​វៀតណាម​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​យើង​រំពឹង​ថា​កិច្ចព្រមព្រៀង​ថ្មី​នេះ​នឹង​បង្កើន​ការវិនិយោគ​វៀតណាម​នៅ​កម្ពុជា ដោយសារ​ថា​បន្ទុក​ពន្ធ​លើ​ប្រាក់​ចំណូល​នឹង​ត្រូវ​បាន​កាត់បន្ថយ បន្ទុក​ពន្ធ​លើ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​នឹង​ត្រូវ​កាត់បន្ថយ ហើយ​វា​ក៏​នឹង​រួម​​ចំណែក​ជំរុញ​អនុលោមភាព​នៃ​ការបង់ពន្ធ​តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំង​ ២»៕LA