ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃបានធ្វើការផ្លាស់ប្តូរយោបល់ ដើម្បីជាធាតុចូលក្នុងការបង្កើនល្បឿនលើសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ ២០២១-២០៣០ ធ្វើយ៉ាងណាឲ្យសម្រេចបានតាមគោលដៅរដ្ឋាភិបាលក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថលនាពេលដ៏ខ្លីខាងមុខ។
កិច្ចប្រជុំពិភាក្សាជាមួយនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដើម្បីពិភាក្សា និងប្រមូលធាតុចូលលើសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ ដែលដឹកនាំដោយសហប្រធានពីររូបគឺ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក ជុន វ៉ាត់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀតផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន សេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ ក្នុងគោលបំណង លើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ចេញនូវវិធានការគោលនយោបាយអាទិភាពក្រោមក្របខណ្ឌយុទ្ធសាស្ដ្រចំនួន ៥ រួមមាន ៖ ទី ១-បទដ្ឋានគតិយុត្តរដ្ឋាភិបាលឌីជីថល ទី ២-ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទី ៣-សេវារដ្ឋាភិបាលឌីជីថល ទី ៤-ការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល និងទី ៥-ភាពជាដៃគូររវាងរដ្ឋ និងឯកជន។
ជាមួយគ្នានេះដែរ ចក្ខុវិស័យនេះនឹងប្រែក្លាយព្រះរាជាណាចក្រកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ ២០៥០ រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភាពបានដាក់ចេញយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ៤ ដោយសង្កត់ធ្ងន់ទៅលើការធ្វើ «ពិពិធកម្មសេដ្ឋកិច្ច» ដែលជាយុទ្ធសាស្ដ្រស្នូល។ ការធ្វើពិពិធកម្មសេដ្ឋកិច្ចទទួលបានជោគជ័យត្រូវដើរស្របទៅនឹង «និន្នាការពិភពលោក» ដើម្បីទួលបាន «ការចូលរួមវិនិយោគពីវិស័យឯកជន» ទាំងក្នុង និងក្រៅប្រទេស។
«នាពេលបច្ចុប្បន្ន ការវិវត្តនៃរដ្ឋាភិបាលឌីជីថលកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ដោយហេតុថា ឌីជីថលលូបនីយកម្មតាមក្រសួង-ស្ថាប័ន មិនមានការប្រមូលផ្ដុំ ភាគច្រើនផ្ដោតសំខាន់លើការអភិវឌ្ឍកម្មវិធីសម្រាប់សម្រួលដល់ការងារ ដោយគ្មានយុទ្ធសាស្ដ្រសម្រាប់ការផ្លាស់ប្ដូរទៅឌីជីថលរយៈពេលវែង និងការគិតគូរជាសំខាន់ពីប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលអាចកើតចេញពីទិន្នន័យប្រមូលផ្ដុំបាន»៕ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននេះ៕