ក្រុងអាថែនៈ ប្រទេស ​ក្រិក​ កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ចប់​ការសង​បំណុល​មុន​កាលកំណត់​ចំនួន ២,៧ ពាន់​លាន​អឺរ៉ូ (៣ ពាន់​លាន​ដុល្លារ​) សម្រាប់​កម្ចី​ដែល​ទទួលបាន​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​កម្ចី​នេះ​កើតចេញ​ពី​កម្មវិធី​ថវិកា​សង្គ្រោះ​រាប់ពាន់​លាន​ដុល្លារ​របស់​ប្រទេស​នេះ​។ នេះ​បើតាម​ក្រសួង​ហិរញ្ញវត្ថុ​ក្រិក​។

ក្រសួង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា ការសង​បំណុល​មិន​កាលកំណត់​នេះ «​កាត់បន្ថយ​ការចំណាយ​លើក​ម្ចី ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​រស់រាន​នៃ​បំណុល​សាធារណៈ​របស់​ប្រទេស​ក្រិក និង​បង្កើន​បន្ថែម​ទៀត​នូវ​ទំនុកចិត្ត​របស់​ទីផ្សារ​»​។

យោង​តាម​ក្រសួង​ហិរញ្ញវត្ថុ​ដដែល​នេះ កម្ចី​ដែល​ទទួល​បាន​ពី​មូលនិធិ IMF ដែល​បាន​សង​នេះ​មាន​អត្រា​ការប្រាក់ ៤,៩១ ភាគរយ​ នៅពេល​ដែល​អត្រា​កម្ចី​បច្ចុប្បន្ន​របស់​ប័ណ្ណបំណុល​រដ្ឋាភិបាល​ក្រិក​មាន​កម្រិត​ទាប​ជាង​នេះ​ឆ្ងាយ​។

លោក Christos Staikouras រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ក្រិក​ឲ្យ​ដឹងថា ការសង​បំណុល​មុន​កំណត់​នេះ​នឹង​ជួយ​ឲ្យ​ក្រិក​សន្សំ​បាន​ប្រាក់​ចំនួន ៧០ ​លាន​អឺរ៉ូ (៧៧ លាន​ដុល្លារ​)​។

ប្រាក់កម្ចី​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការផ្តល់​ថវិកា​សង្គ្រោះ​រវាង​សហភាព​អឺរ៉ុប​ និង​មូលនិធិ IMF តម្លៃ ២៨៩ ពាន់​លាន​អឺរ៉ូ​ ដែល​ផ្តល់​ឲ្យ​ដោយ​ផ្អែកលើ​លក្ខខណ្ឌ​នៃ​ការកាត់បន្ថយ​ការចំណាយ​ផ្សេងៗ​របស់​រដ្ឋាភិបាល​ក្រិក​ដែល​បាន​រក្សា​ក្រិក​ឲ្យ​រស់រាន​ក្នុង​គ្រា​ដែលមាន​វិបត្តិ​បំណុល​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ​។

ការផ្តល់​ថវិកា​សង្គ្រោះ​លើក​ទី​ ៣ និង​ជា​លើកចុងក្រោយ​បាន​បញ្ចប់​នៅ​ខែ​សីហា ឆ្នាំ​ ២០១៨៕ KC