ភ្នំពេញៈ វិស័យឯកជនមានសុទិដ្ឋិនិយមចំពោះការដាក់ចេញច្បាប់វិនិយោគថ្មី ដែលនឹងក្លាយជាកម្លាំងចលករថ្មីមួយក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជាក៏ដូចជាការឆ្លើយតបនឹងបរិបទបច្ចុប្បន្ននៃតំបន់ និងពិភពលោក។
ច្បាប់វិនិយោគថ្មីដែលមាន ១១ ជំពូក និង ៣៩ មាត្រាត្រូវបានពិភាក្សាក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗពីវិស័យឯកជន និងក្រសួងរបស់រដ្ឋាភិបាល ដើម្បីទទួលធាតុចូលបន្ថែមទៀតមុនពេលច្បាប់នេះត្រូវដាក់ចេញជាផ្លូវការដែលរំពឹងថានឹងចេញក្នុងពេលឆាប់ៗនេះ។
យោងតាមសេចក្ដីព្រាងច្បាប់ដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួលបាន គោលបំណងរបស់ច្បាប់នេះគឺដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងស្មារតីនៃការធ្វើពិពិធកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច និងភាពធន់នឹងវិបត្តិក្នុងតំបន់ និងពិភពលោកដើម្បីធ្វើទំនើបកម្ម និងបង្កើនផលិតភាពឧស្សាហកម្មក្នុងស្រុក និងពង្រឹងការតភ្ជាប់ចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ដើម្បីបង្កើតរបបលើកទឹកចិត្តវិនិយោគដែលមានតម្លាភាពអាចព្យាករបាន មិនរើសអើង ការប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គមសេដ្ឋកិច្ច និងដើម្បីផ្ដល់ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់វិនិយោគិននៅកម្ពុជា។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាស្ថាប័នតាក់តែងច្បាប់វិនិយោគនេះបានដឹកនាំកិច្ចពិគ្រោះយោបល់មួយកាលពីថ្ងៃពុធក្រោមអធិបតីភាពលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចូលរួមដោយតំណាងក្រសួង និងស្ថាប័ននានា។
កំណត់ហេតុកិច្ចប្រជុំរបស់ CDC បានឲ្យដឹងថា៖ «សេចក្ដីព្រាងច្បាប់វិនិយោគថ្មីនេះត្រូវបានបង្កើតឡើង ដែលអនុវត្តតាមផែនទីតម្រង់ទិសគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ ក្នុងគោលបំណងបង្កើតច្បាប់នេះឲ្យមានភាពទាក់ទាញ និងប្រកួតប្រជែងកាន់តែខ្លាំងសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ស្វាគមន៍អនាគតច្បាប់ថ្មីនេះ ដោយសារវាត្រូវបង្កើតឡើងដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបច្ចុប្បន្ននៃស្ថាបត្យកម្មវិនិយោគក្នុងតំបន់ និងពិភពលោក។
លោកបន្តថា៖ «យើងបានដឹកនាំកិច្ចប្រជុំក្នុងចំណោមវិស័យឯកជនអំពីច្បាប់វិនិយោគថ្មីនេះ ខណៈយើងយល់ថា ច្បាប់នេះមានភាពទាក់ទាញ និងការឆ្លើយតបកាន់តែខ្លាំងដល់ការអភិវឌ្ឍនៅពេលថ្មីៗនៃបរិបទក្នុងតំបន់ និងពិភពលោក»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាក៏បានសាទរចំពោះការរៀបចំច្បាប់នេះ និងកោតសរសើររដ្ឋាភិបាលដែលចាត់ទុកវិស័យឯកជនជាដៃគូសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
លោកបន្តថា៖ «យើងមើលឃើញថា សេចក្តីព្រាងច្បាប់វិនិយោគថ្មីនេះនឹងជួយធ្វើពិពិធកម្មវិស័យឧស្សាហកម្មកម្ពុជា ដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើនទៀត ហើយវាក៏ជួយទាក់ទាញការវិនិយោគកាន់តែច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យា ខណៈដែលរដ្ឋាភិបាលកំណត់ទិសដៅក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថលក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខនេះ»។
ក្រោយការបោះឆ្នោតសកល ឆ្នាំ ១៩៩៣ កម្ពុជាបានដាក់ឲ្យប្រើប្រាស់ច្បាប់វិនិយោគដំបូងក្នុងឆ្នាំ ១៩៩៤ ហើយច្បាប់នោះត្រូវបានធ្វើវិសោធនកម្មកាលពីឆ្នាំ ២០០៣។ មួយឆ្នាំក្រោយការអនុម័តច្បាប់វិនិយោគចំនួនការវិនិយោគដែលអនុម័តដោយ CDC មានតម្លៃសរុបប្រហែល ២,៣ ពាន់លានដុល្លារ។
រដ្ឋាភិបាលបានអនុម័តការវិនិយោគមានទឹកប្រាក់ ៨៥,៨៨ ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ ២០១៩។ ក្នុងឆ្នាំ ២០១៩ នោះដែរ ការអនុម័តការវិនិយោគឈានដល់កំណត់ត្រាចំនួន ៩,៤០ ពាន់លានដុល្លារដែលមានវិនិយោគពីប្រទេសចិនចំនួន ២,៧៥ ពាន់លានដុល្លារ បន្ទាប់មកទីក្រុងហុងកុងចំនួន ៩១២,៥៥ លានដុល្លារ និងជប៉ុនមានចំនួន ២៩៨,៨៤ លានដុល្លារ។
ការវិនិយោគផ្ទាល់បរទេសរួមបញ្ចូលគ្នាដែលបានអនុម័តក្នុងអំឡុងពេលឆ្នាំ ១៩៩៤-២០១៩ ចំណែកភាគច្រើនបំផុតគឺមកពីប្រទេសចិនស្មើ ២១,៨១ ភាគរយ ហើយបន្ទាប់ពីប្រទេសចិន គឺប្រទេសកូរ៉េខាងត្បូងមានចំនួន ៦,១៦ ភាគរយ ចក្រភពអង់គ្លេសមានចំនួន ៥,០១ ភាគរយ។
ប្រភពសំខាន់ៗផ្សេងទៀតរួមមាន ម៉ាឡេស៊ី ៣,៥៩ ភាគរយ ជប៉ុន ៣,១៣ ភាគរយ ហុងកុង ៣,០៥ ភាគរយ តៃវ៉ាន់ ១,៧៧ ភាគរយ វៀតណាម ២,៣១ ភាគរយ សិង្ហបុរី ១,៦៤ ភាគរយ និងថៃ ១,៥៤ ភាគរយ ដែលការវិនិយោគភាគច្រើនក្នុងឧស្សាហកម្មកាត់ដេរ៕LA
វីដេអូ៖