ភ្នំពេញៈ រដ្ឋាភិបាល​ចិន​បាន​សន្យាថា នឹង​គាំទ្រ​បន្ថែមទៀត​ដល់​ការអភិវឌ្ឍ​ខេត្ត​តំបន់ឆ្នេរ​ដ៏សំខាន់​របស់​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុង​ទាក់ទាញ​វិនិយោគិន​ចិន​ភាគច្រើន​ក្នុងការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ ​កម្ពុជា​។

ការប្ដេជ្ញាចិត្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​លោក លី កេឈាង នាយករដ្ឋមន្ដ្រី​ចិន ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុង​អំឡុង​ភាគី​ទាំង​ ២ ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៥ នៅ​ទីក្រុង​បាងកក ប្រទេស​ ថៃ​ កាលពី​ថ្ងៃ​អាទិត្យ​។ នេះ​បើ​យោងតាម​ព័ត៌មាន​បាន​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុនសែន ដែល​បាន​បង្ហោះ​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​។

តាម​ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី​ដោយ​បាន​ដកស្រង់​សម្តី​លោក លី កេឈាង ថា​៖ «​លោកនាយក​រដ្ឋមន្ដ្រី​ចិន​បាន​គាំទ្រ​គម្រោង​វិនិយោគ​ទាំងអស់​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ប្រទេស​ទាំង​ ២ នឹង​ពិភាក្សា [​ស្ដីពី​ការអភិវឌ្ឍ​] ពិសេស​ស្ដីពី​ជំនួយ​ឥតសំណង ដើម្បី​ជួយ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​»​។

លោក តាំង សុចិត្រគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការប្ដេជ្ញាចិត្ត​នេះ​បាន​ធ្វើ​ឡើង​ដោយ​មេដឹកនាំ​ទាំង​ ២ សម្រាប់​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ដែល​កំពុង​ឆ្លុះបញ្ចាំង​ពី​លំហូរ​ចូល​ការវិនិយោគ​របស់​ប្រទេស​ចិន​ទៅក្នុង​ខេត្ត​នេះ​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ក្រោយនេះ​។

លោក​ថ្លែងថា​៖ «​ការប្ដេជ្ញាចិត្ត​នេះ​បង្ហាញ​ពី​ទំនុកចិត្ត​នៃ​ការវិនិយោគ​របស់​ប្រទេស​ចិន​នៅ​ខេត្ត​ព្រះសីហនុ​។ យើង​អាច​មើលឃើញ​ថា ចំនួន​ច្រើន​នៃ​ការវិនិយោគ​របស់​ប្រទេស​ចិន​នៅ​ទី​នេះ​ដែល​រួមចំណែក​ដល់​ការកែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ការបង្កើន​ចំនួន​ភ្ញៀវទេសចរ​ផងដែរ​»​។

លោក​បន្ថែមថា បច្ចុប្បន្ន​មាន​ចំនួន​ការវិនិយោគ​របស់​ប្រទេស​ចិន​ជាច្រើន​នៅក្នុង​ឧស្សាហកម្ម​សណ្ឋាគារ និង​ផ្សារ​ទំនើប ខណៈ​ចំនួន​ជើងហោះហើរ​ក៏បាន​កើន​ពី​ប្រហែល​ ១០ ​ជើង​ក្នុង​ ១ ​ថ្ងៃ​ កាលពី​ឆ្នាំ​ ២០១៦ ដល់​ជាង​ ៦០ ​ជើងហោះហើរ​ក្នុង​ ១ ​ថ្ងៃ​នៅពេល​នេះ​។

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ឲ្យ​ដឹងថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​កាន់តែ​រឹងមាំ​ឡើងៗ​នោះ​ជា​គន្លឹះ​ដ៏សំខាន់​ក្នុង​ការបង្កើន​ទំនុកចិត្ត​សម្រាប់​ក្រុម​វិនិយោគិ​ចិន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់​ថា ទំនាក់ទំនង​រឹងមាំ​រវាង​កម្ពុជា និង​ចិន​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការទាក់ទាញ​ការវិនិយោគ​ផ្ទាល់​បរទេស​ពី​ចិន​មក​ប្រទេស​របស់​យើង​។ ជាមួយ​គ្នា​នេះដែរ ប្រទេស​របស់​យើង​ក៏​ទទួលបាន​អត្ថប្រយោជន៍​ដ៏ធំ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ផងដែរ​»​។

លោក​បន្តថា​៖ «​ដូច្នេះ​ការប្ដេជ្ញាចិត្ត​ដែល​មេដឹកនាំ​ទាំង​ ២ ​បាន​ធ្វើ​ឡើង ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​បង្ហាញថា ការវិនិយោគ​ទាំងអស់​នៅក្នុង​ខេត្ត​នេះ​នឹង​ត្រូវ​បានរៀបចំ​យ៉ាង​ល្អ សម្រាប់​ដំណើរការ​រយៈពេល​វែង​ដែល​វិនិយោគិន​ចិន​អាច​ប្រើប្រាស់​ការអភិវឌ្ឍ​នេះ​ក្នុង​ខេត្ត​ព្រះសីហនុ ធ្វើជា​គំរូ​មួយ​នៃ​ការអភិវឌ្ឍ​នៅ​ប្រទេស​ណាមួយ​ផ្សេងទៀត​»​។

កាលពី​ខែ​មីនា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ចាប់ផ្ដើម​ការសាងសង់​ជា​ផ្លូវការ​។ ផ្លូវ​ល្បឿន​លឿន​នេះ​គ្រោង​នឹង​ចំណាយ​ប្រមាណ​ ១,៩ ​ពាន់​លាន​ដុល្លារ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation​។

ទិន្នន័យ​ផ្លូវការ​បាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្ហាញថា ចាប់ពី​ឆ្នាំ​ ១៩៩៤-២០១៦ ប្រទេស​ចិន​បាន​វិនិយោគ​ប្រហែល ១៤,៧ ​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​។ ចំណែក​ចាប់ពី​ឆ្នាំ​ ១៩៩៣ ដល់​ចុងឆ្នាំ​ ២០១៧ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កម្ចីសម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​មាន​តម្លៃ ៩,៦ ​ពាន់​លាន​ដុល្លារ​។ រដ្ឋាភិបាល​បាន​ខ្ចីប្រាក់ ៦,៣ ពាន់​លាន​ដុល្លារ​ពី​បណ្ដា​ប្រទេស​នានា​ដោយ​ឈរលើ​មូលដ្ឋាន​ទ្វេភាគី​ក្នុង​ចំណោម​នេះ​ប្រាក់​ប្រហែល ៤,០៥ ​ពាន់​លាន​ដុល្លារ​បាន​មកពី​ប្រទេស​ចិន​។

របាយការណ៍​ចុងក្រោយ​បំផុត​បាន​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​ចេញផ្សាយ​នៅ​ខែ​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​បាន​អនុម័ត​គម្រោង​វិនិយោគ​មាន​តម្លៃ ៥,២ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ កើន​ ៤៨,៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុងចំណោម​ការវិនិយោគ​សរុប ក្រុម​វិនិយោគិន​ក្នុង​ស្រុក​មាន​ ៦៨,៤ ​ភាគរយ ខណៈ​ប្រទេស​ចិន​មាន ២៥,៤ ​ភាគរយ​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ​ក៏​បាន​ស្នើ​ឲ្យ​មាន​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​កម្ពុជា និង​ចិន​លើក​ទី​ ៥ នៅ​ខេត្ត​ព្រះសីហនុ មុន​ដំណាច់​ឆ្នាំ​នេះ​ផងដែរ​៕LA

វីដេអូ៖