ភ្នំពេញៈ រាជរដ្ឋាភិបាល​បានសម្រេច​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ចំនួន​ ៤ ក្នុង​គោលបំណង​ស្រោចស្រង់​កំណើន​ភ្ញៀវទេសចរ​នៅ​តំបន់​គោលដៅ​ទេសចរណ៍​វប្បធម៌-បេតិកភណ្ឌ​ចំនួន​ ២ ដែល​បន្ត​ធ្លាក់ចុះ​ចាប់ពី​ដើមឆ្នាំ​ ២០១៩ មក​។ នេះ​បើតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​។

តំបន់​គោលដៅ​ទេសចរណ៍​វប្បធម៌-បេតិកភណ្ឌ​ទាំង​នេះ​គឺ​តំបន់​សៀមរាប-អង្គរ និង​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ក្នុង​រយៈពេល ៧ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០១៩ នេះ​តំបន់​អង្គរ​ធ្លាក់ចុះ ៩,៧ ភាគរយ ​ស្រប​ពេលដែល​តំបន់​ព្រះវិហារ​ធ្លាក់ចុះ ៥,៥ ភាគរយ​។

ក្នុង​កិច្ចប្រជុំ​លើក​ទី​ ៣ របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ចន្ទ​ដែល​មាន​ការចូលរួម​ពី លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​សម្រេច​ដាក់ចេញ​នូវ​ផែនការ​មេនេះ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប និង​ផែនការ​សកម្មភាព​ការងារ​អនុវត្ត​រយៈពេល​ខ្លី​ពី​ឆ្នាំ​ ២០១៩-២០២០ ក្រោម​ពាក្យស្លោក​ថា «​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅ​ជា​ឱកាស​»​។

ផែនការ​យុទ្ធសាស្ត្រ​ទាំង ៤ រួមមាន​ការធ្វើ​ពិពិធកម្ម​ផលិតផល​ទេសចរណ៍​ថ្មី និង​ការពន្យារពេល​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​, ការបង្កើត​ភាពប្រកួត​ប្រជែង​, ការបង្កើត​ការតភ្ជាប់ និង​ការបង្កើត​អត្តសញ្ញាណ​ថ្មី​នៃ​តំបន់​សៀមរាប​។

ថ្លែងប្រាប់​សារព័ត៌មាន​នៅក្នុង​ស្រុក​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ ការបង្កើត​ឲ្យ​មាន​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែម​គឺជា​រឿង​ចាំបាច់ ជាពិសេស​ការបង្កើត​គោលដៅ​ទេសចរណ៍​ដោយ​ឈរលើ​គោលការណ៍​ទទួល​ភ្ញៀវ​ឲ្យ​បាន​ច្រើន​ផង និង​អភិរក្ស​តំបន់​ឲ្យ​បាន​ល្អ​ផង​។ លោក​បន្ត​ថា ភ្ញៀវទេសចរ​មិនមែន​ទៅ​កម្សាន្ត​នៅ​កន្លែង​ណាមួយ​ដែល​មាន​ផលិតផល​តែមួយ​ទេ ដូច្នេះ​ត្រូវ​តែ​ធ្វើឲ្យ​មាន​ផលិតផល​ច្រើន​។

លោក​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ន​យើង​កំពុង​ខិតខំ​ធ្វើការ​យ៉ាងសកម្ម ដើម្បី​ធ្វើឲ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព​មាន​ន័យ​ថា ក្រៅពី​ការខិតខំ​ពង្រឹង​ផ្នែក​សេវាកម្ម ការលក់​ផលិតផល​ដែល​មាន​លក្ខណៈ​ក្លែងបន្លំ​បោកប្រាស់​ភ្ញៀវ​ក៏​ត្រូវតែ​បញ្ឈប់​ដែរ​»​។

ភ្ញៀវទេសចរ​ទស្សនា​ប្រាសាទ​អង្គរវត្ត​។ ភ្នំពេញ ប៉ុសិ៍្ត

លោក​បញ្ជាក់ថា អាជ្ញាធរ​នឹង​មិន​ទុក​ឲ្យ​សកម្មភាព​នៃ​ការលក់​ផលិតផល​អនុស្សាវរីយ៍ និង​គ្រឿងអលង្ការ​ក្លែងក្លាយ​កើត​មាន​បន្ត​ទៅមុខទៀត​ទេ ព្រោះ​វា​បាន​ប៉ះពាល់​ខ្លាំង​ដល់​គោលដៅ​ទេសចរណ៍ និង​កិត្យានុភាព​ជាតិ​កម្ពុជា​ទាំងមូល​តែម្តង​។

របាយការណ៍​ពី​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ក្នុង​រយៈពេល ៧ ​ខែ​ដំបូង​ឆ្នាំ​ ២០១៩ ចំនួន​ភ្ញៀវទេសចរ​ខេត្ត​សៀមរាប​បាន​ធ្លាក់ចុះ ៩,៧ ​ភាគរយ ចំណែក​តំបន់​ទេសចរណ៍​រាជធានី-ភ្នំពេញ​មាន​កំណើន ២៧,៩ ភាគរយ តំបន់ឆ្នេរ កើន ៣១,៩ ភាគរយ និង​តំបន់​អេកូទេសចរណ៍​កើន​ជាង ៩,៤ ភាគរយ​។

ជាមួយ​គ្នា​នេះ​នៅក្នុង​កិច្ចប្រជុំ​ខាងលើ​គណៈកម្មការ​អន្តរក្រសួង​ក៏​បាន​កំណត់​យក​តំបន់​បឹង​ទន្លេសាប ភ្នំ​គូលែន ទីក្រុង​សៀមរាប និង​តំបន់​ជុំវិញ​ជា​តំបន់​ដែល​ត្រូវ​អភិវឌ្ឍ​ទៅជា​គោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​ថ្មី​បន្ថែម​ផងដែរ​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ស្វាគមន៍​ចំពោះ​ការដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​ដោយ​គណៈកម្មការ​អន្តរក្រសួង​នេះ​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​នាពេល​នេះ​។

ទោះ​យ៉ាងណា​លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​អនុវត្ត​ប្រកប​ដោយ​តម្លាភាព ដើម្បី​ជា​ប្រយោជន៍​ដល់​វិស័យ​ទាំងមូល​។

ទាក់ទង​នឹង​ការធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ ដែល​កើត​មាន​ជា​បន្តបន្ទាប់​ចាប់​តាំងពី​ដើម​ឆ្នាំ​ ២០១៩ នោះ​លោក​អះអាងថា គឺ​បណ្តាល​មកពី​កត្តា​ចំនួន​ ២ គឺ​កត្តា​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស​។

លោក​បាន​បន្ថែមថា កត្តា​ខាង​ក្រៅ​ប្រទេស​គឺ​សេដ្ឋកិច្ច​ពិភពលោក​មិនមាន​កំណើន​ល្អ ជាពិសេស​ការអូសបន្លាយ​ពេល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ចិន និង​អាមេរិក ខណៈ​ចំណែក​កត្តា​ខាងក្នុង​វិញ​គឺ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង​បរិស្ថាន និង​អនាម័យ​ដែល​មិន​មាន​ភាពល្អ​ប្រសើរ​។

លោក​និយាយ​ថា រឿង​ដែល​សំខាន់​ជាងគេ​នោះ​គឺ​សកម្មភាព​របស់​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ដូចជា មគ្គុទេ្ទសក៍​ទេសចរណ៍ អ្នក​ដឹក​ភ្ញៀវ និង​អ្នក​លក់ទំនិញ​ដែល​តែង​នាំ​យក​ភ្ញៀវ​ទៅ​កន្លែង​ណា​ដែល​ខ្លួន​អាច​ទទួល​បាន​ផលប្រយោជន៍​ច្រើន ដោយ​មិន​គិតពី​ផលប៉ះពាល់​ដែល​កើត​ចេញ​ពី​ទង្វើ​របស់​ពួកគេ​ចំពោះ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​ទាំង​មូល​។

លោក​ថ្លែងថា​៖ «​ទង្វើ​បែប​នេះ​យើង​ពិតជា​អាច​ទទួល​បាន​លុយ​ច្រើន តែ​វា​នឹងមាន​ផលប៉ះពាល់​រយៈពេល​វែង សម្រាប់​សហគមន៍​ទាំងមូល​»​។

លោក​ប្រាប់ទៀត​ថា​ក្នុង​នាម​ជា​អ្នក​អាស្រ័យ​ផល​ពី​វិស័យ​ទេសចរណ៍ ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់​គួរតែ​ចូលរួម​ចំណែក​ដល់​ការផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ដោយ​មិនគួរ​រង់ចាំតែ​អាជ្ញាធរ ឬ​សមាគម​ទេសចរណ៍​ធ្វើ​សកម្មភាព​តែម្នាក់​ឯង​ទេ​។ ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​លក្ខណៈ​អន្តរជាតិ ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការធ្វើឲ្យ​គេ​ស្គាល់​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

បើ​តាម​លោក ស៊ីណាន ការពង្រឹង​សមត្ថភាព​ចំណេះដឹង ជំនាញ និង​ក្រមសីលធម៌​សម្រាប់​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​ក៏​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​ដែរ​។

របាយការណ៍​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​​ ៧ ​ខែ​ឆ្នាំ​ ២០១៩ កម្ពុជា​ទទួល​បាន​កំណើន​ភ្ញៀវ​បរទេស ៣,៨៤ ​លាន​នាក់​ កើនឡើង​ ១១,១ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។ ភ្ញៀវទេសចរ​ចិន​មាន​ចំនួន ១,៥ ​លាន​នាក់​ កើនឡើង ៣៧ ​ភាគរយ វៀតណាម មាន​ជិត ៤៨ ​ម៉ឺន​នាក់ កើនឡើង ៤,៦ ​ភាគរយ និង​ឡាវ​មាន​ចំនួន​ជិត ២២ ​ម៉ឺន​នាក់​ ធ្លាក់ចុះ ១,៩ ​ភាគរយ​៕ LA

វីដេអូ៖