ភ្នំពេញៈ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​ផលិតផល​ខ្មែរ​លើក​ទី​៤ ឆ្នាំ​ ២០២១ រដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ក្នុងស្រុក​ឱ្យ​បន្ត​ជំរុញ​ការប្រើប្រាស់​ផលិតផល​នៅក្នុង​ស្រុក​ ដើម្បី​កាត់បន្ថយ​អតុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​។

ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ ៩ មេសា លើក​ទី៤ ឆ្នាំ​ ២០២១ ក្រោម​ប្រធានបទ «​រួមគ្នា​ទិញ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ គឺ​រួមគ្នា​លើកកម្ពស់​កិត្យានុភាព​ជាតិ​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​ថ្លែង​សារលិខិត​អបអរសាទរ​ទិវា​នេះ​កាលពី​ថ្ងៃទី​ ១ ខែ​មេសា ​ឱ្យ​ដឹងថា ទិវា​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​បំផុស និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​បន្ត​ជំរុញ​គាំទ្រ និង​យកចិត្តទុកដាក់​ក្នុង​ការលើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ដែលជា​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គមជាតិ​ឱ្យ​រីកចម្រើន​។

ក្នុង​នាម​ជា​ប្រធានកិត្តិយស​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ លោក​បាន​ឱ្យ​ដឹងថា ដោយសារ​ការបន្ត​រីករាលដាល​កូវីដ​ ១៩ ទិវា​នេះ​នឹង​ពុំ​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​ដោយផ្ទាល់​នៅ​ទី​សាធារណៈ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​តែ​ចាត់ទុកថា​ទិវា​នេះ​មាន​តួនាទី​សំខាន់​ជួយ​ដល់​ផលិតករ​ក្នុងស្រុក​ឱ្យ​គិតគូរ​ពី​ការលើក​កម្ពស់​គុណ​តម្លៃ​បន្ថែម​នៃ​ផលិតផល​របស់ខ្លួន​តាមរយៈ​ការពង្រីក​គុណភាព សុវត្ថិភាព​ផលិតផល ការវេចខ្ចប់​ប្រកប​ដោយ​សោភណភាព និង​តម្លៃ​សមរម្យ ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក​។

លោក​បាន​ថ្លែង​ក្នុង​សារលិខិត​ថា​៖ «​ខ្ញុំ​សូមឱ្យ​ការអបអរ​ទិវា​ជាតិ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ​លើក​ទី​៤ ​នេះ​គឺជា​ការទូងស្គរ​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​នាំគ្នា​លើក​កម្ពស់​ប្រើប្រាស់ និង​ទិញ​ផលិតផល​ខ្មែរ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​»​។

លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ (CWEA) ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ផលិតផល​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការលើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ​។

លោកស្រី​បាន​បន្តថា ដើម្បី​ឱ្យ​ឧស្សាហកម្ម​ក្នុង​ស្រុក​រីកចម្រើន​ទៅបាន ទាល់​តែ​មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ទើប​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​មាន​ការរីកលូតលាស់​។

លោកស្រី​និយាយថា​៖ «​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ជាមួយ​រដ្ឋាភិបាល​ដែល​តែង​យកចិត្ត​ទុកដាក់​គិតគូរ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ស្រុក​រហូតមក ហើយ​ការប្រារព្ធ​ទិវា​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ការជំរុញ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​»​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា ដើម្បី​ជំរុញ​ឱ្យ​មាន​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក ក្រសួងពាណិជ្ជកម្ម​បាន​បង្កើត​ផ្សារ​សហគមន៍​ចុងសប្តាហ៍​នៅតាម​បណ្តា​ខេត្ត​ចំនួន ១៦ មកហើយ​សម្រាប់​ឱ្យ​អាជីវករ​យក​ផលិតផល​មក​ដាក់តាំង​លក់​បន្លែ​ផ្លែឈើ ត្រី​សាច់​ដែល​កសិករ​ផលិត​បាន ដោយ​មាន​ចំនួន ២ ​ថ្ងៃ​ក្នុង​ ១ ​សប្តាហ៍​។

លោក​បន្ថែមថា ផ្សារ​ចុង​សប្តាហ៍​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​ (AIMS) ដែល​អនុវត្ត​ដោយ​ក្រសួង​ពាណិជ្ជកម្ម ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម IFAD របស់​អង្គការសហប្រជាជាតិ តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​។

លោក​ឱ្យដឹងថា​៖ «​ក្នុង​រយៈពេល​ជាង ១ ឆ្នាំ​កន្លង​មក​នេះ​ការដាក់​ឱ្យ​ដំណើរការ​ផ្សារ​ចុង​សប្តាហ៍ យើង​សង្កេត​ឃើញ​ថា បងប្អូន ផលិតករ គាត់​ទទួលបាន​ចំណូល​ច្រើន​។ លើសពីនេះ​គាត់​អាច​ចាប់​ដៃគូ​អាជីវកម្ម​បាន​ជាមួយ​អាជីវករ និង​ផ្សារ​ទំនើប​នៅ​ភ្នំពេញ​ក្នុង​ការបោះ​ដុំ​បន្លែ និង​មាន់​ស្រែ​ទៅឱ្យ​អាជីវករ និង​ផ្សារ​ទាំងនោះ​»​។

ដើម្បី​ឆ្លើយតប​នឹង​ប្រធានបទ​នេះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល និង​ក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ដើម្បី​រៀបចំ​ទីផ្សារ​តាម​បច្ចេកវិទ្យា​អនឡាញ​ផងដែរ​។

លោក​បន្ថែមទៀតថា គណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​រាជធានី ខេត្ត​ទាំង​ ២៥ ​ត្រូវ​បន្ត​សហការ​គ្នា​រៀបចំ​ចងក្រង​ផលិតផល​ក្នុងស្រុក​ដែលមាន​កត្តានុពល​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ដោយ​បញ្ជូល​ជា​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ​ដើម្បី​តាមដាន និង​វាយតម្លៃ​វឌ្ឍនភាព​ការងារ ហើយ​ត្រូវខិតខំ​កៀរគរ​ការវិនិយោគ​នានា​លើ​ផលិតផល​ក្នុងស្រុក​ស្របតាម​គោលនយោបាយ​ជាតិ​ស្តីពី​ការជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ឆ្នាំ​ ២០១៦-២០២៦៕ LA