ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​លើកលែង​ការបង់​ពន្ធ​អប្បបរមា​ក្នុង​រយៈពេល​ ៣ ​ខែ​ ដល់​វិស័យ​អាកាសចរណ៍​ និង​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​សម្រាប់​ប្រតិបត្តិករ​ក្នុង​វិស័យ​ទេសចរណ៍​ដែល​នេះ​ជា​វិធានការ​បន្ថែមទៀត​ក្នុង​គោលបំណង​សម្រាល​បន្ទុក​វិស័យ​ឯកជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​វីរុស​កូរ៉ូណា​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ការលើកលែង​ការបង់ពន្ធ​អប្បបរមា​ ១០ ​ភាគរយ ​ត្រូវអនុវត្ត​ចាប់ពី​ខែ​មីនា​រហូត​ទៅដល់​ខែឧសភា ឆ្នាំ​ ២០២០ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា​។ រដ្ឋាភិបាល​ក៏​សម្រេច​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវ​រៀបចំ​ប្រាក់​ជំពាក់​ជា​ដំណាក់កាល​ក្រោយពី​រយៈពេល​ពន្យារ​នេះ​។

ចំពោះ​វិស័យ​ទេសចរណ៍​ដែល​កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩ រដ្ឋាភិបាល​បានសម្រេច​លើកលែង​ការបង់ពន្ធ​គ្រប់​ប្រភេទ​រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារ​អាកាសចរណ៍​ដែល​ចុះ​បញ្ជី​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា វិធានការ​នេះ​សម្រាប់​សកម្មភាព​អាជីវកម្ម​នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប កំពត​ព្រះសីហនុ កែប ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត​សម្រាប់​រយៈពេល ៣ ​ខែ​ចាប់ពី​ខែមីនា ដល់​ខែ​ឧសភា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា​៖ «​អាជីវកម្ម​ទាំងនេះ​នៅតែ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម​ (E-VAT) ​ជា​រៀងរាល់ខែ​ក្នុងអំឡុងពេល​នៃ​ការលើកលែង​នេះ​»​។

ទន្ទឹមនេះ​រដ្ឋាភិបាល​ក៏បាន​ពង្រីក​វិសាលភាព​នៃ​យន្តការ​នៃ​ការចូលរួម​ចំណែក​ឧបត្ថម្ភ ២០ ​ភាគរយ​នៃ​ប្រាក់ខែ​អប្បបរមា​ដល់​កម្មករ និយោជិត​ដែល​រង​ផលប៉ះពាល់​ពី​ការព្យួរ ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម​ដល់​ប្រតិបត្តិករ​ក្នុង​វិស័យ​ទេសចរណ៍​ដែល​រៀបរាប់​ខាងលើ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​ការផ្តល់ប្រាក់​ឧបត្ថម្ភ ២០ ​ភាគរយ​ នៃ​ប្រាក់ខែ​អប្បបរមា​នេះ​តម្រូវ​ឲ្យ​ភ្ជាប់​ជាមួយ​នូវ​លក្ខខណ្ឌ​នៃ​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ ១-២ ​សប្តាហ៍​ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ទេសចរណ៍​»​។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នក​នាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការលើកលែង​ការបង់ពន្ធ​អប្បបរមា​ចំនួន ១០ ​ភាគរយ​នឹង​ជួយ​សម្រាល​បន្ទុក​បាន​មួយផ្នែក​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​១៩​។

លោក​បាន​ថ្លែងថា​៖ «​ដោយ​រដ្ឋាភិបាល​មាន​បន្ទុក​ធ្ងន់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ទើប​រដ្ឋាភិបាល​សម្រេច​ធ្វើការ​លើកលែង​ការបង់ពន្ធ​អប្បបរមា​សម្រាប់​វិស័យ​អាកាសចរណ៍ តែ​ខ្ញុំ​ជឿថា រាជរដ្ឋាភិបាល​នឹង​បន្ត​ជួយ​បន្ថែមទៀត ប្រសិន​បើ​បញ្ហា​វីរុស​កូរ៉ូណា​នេះ​នៅ​បន្ត​អូសបន្លាយ​តទៅទៀត​»​។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹងថា វិធានការ​របស់​រដ្ឋាភិបាល​នេះ​នឹង​ជួយ​សម្រាល​បន្ទុក​ក្នុង​ការបន្ត​រក្សា​អាជីវកម្ម និង​ការងារ​របស់​កម្មករ និយោជិត​ក្នុង​វិស័យ​ទេសចរណ៍​។

អ្នកស្រី​ថ្លែងថា​៖ «​យើង​សូម​អរគុណ​រដ្ឋាភិបាល​ដែល​បានគិតគូរ​ដល់​កម្មករ និយោជិត ដែល​វិធានការ​នេះ​នឹង​ជួយ​លើកទឹកចិត្ត​វិស័យ​ឯកជន​ក្នុង​ការបន្ត​អាជីវកម្ម​របស់​យើង​ក្នុង​អំឡុង​មាន​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​នេះ​»​។

បើ​យោងតាម​លោក ចាន់សេរីវុត្ថា ដោយសារ​បញ្ហា​រីករាលដាល​វីរុស​កូរ៉ូណា បច្ចុប្បន្ន​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​បាន​កាត់បន្ថយ​ការហោះហើរ​ប្រមាណ ៩០ ភាគរយ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ប្រមាណ ៦០ ភាគរយ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​ប្រមាណ ៧០ ភាគរយ​។

ទន្ទឹមនឹង​រដ្ឋាភិបាល​ក៏បាន​ណែនាំ​ឲ្យ​ស្ថាប័នរដ្ឋ និង​អំពាវនាវ​ដល់​ម្ចាស់​អគារ និង​រោងចក្រ​ឲ្យ​ជួយ​សម្រួល​ដល់​ភាគី​អ្នក​ជួល​ដោយ​ចៀសវាង​ការបញ្ឈប់​កិច្ចសន្យា ឬ​បណ្តេញចេញ​លើ​ការពន្យារពេល​សម្រាប់​ការបង់ថ្លៃ​សេវា ជួល និង​ការដេញថ្លៃ​សេវា​ជួល​ជាយថាហេតុ​ផ្សេងៗ​៕ LA

វីដេអូ៖