ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​បទប្បញ្ញត្តិ​ស្តីពី​ពន្ធ​លើ​ប្រតិបត្តិការ​ប្រេងកាត​ដែល​នឹង​មាន​ប្រសិទ្ធភាព​ចាប់ពី​ដើម​ខែ​មិថុនា​នេះ​តទៅ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ម្សិលមិញ​។

សេចក្តី​ប្រកាស​នេះ​បាន​ឲ្យ​ដឹង​ថា​ការណែនាំ​ឲ្យ​អនុវត្ត​បទប្បញ្ញត្តិ​នេះ​ធ្វើ​ឡើង​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ប្រមូល​ពន្ធ​លើ​វិស័យ​ប្រេងកាត និង​មាន​គោលដៅ​កំណត់​អំពី​វិធាន និង​នីតិវិធី​សម្រាប់​ការ​គណនា​ពន្ធ​លើ​ប្រតិបត្តិការ​ប្រេងកាត​។

យោង​តាម​សេចក្តី​ប្រកាស​ដដែល​នេះ​អ្នក​ជាប់ពន្ធ​ដែល​អ្នក​ធ្វើ​ប្រតិបត្តិការ​ប្រេងកាត​នៅក្នុង​ដែន​អធិបតេយ្យភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ត្រូវ​ជាប់ពន្ធ​លើ​ប្រាក់​ចំណូល​ក្នុង​អត្រា ៣០ ភាគរយ​នៃ​ប្រាក់​ចំណូល​ជាប់ពន្ធ​ក្នុង​ឆ្នាំ​ជាប់ពន្ធ ហើយ​អាច​នឹង​ជាប់ពន្ធ​លើ​ប្រាក់​ចំណូល​លើស​កម្រិត ប្រសិន​បើ​អ្នក​ជាប់ពន្ធ​មាន​ប្រាក់​ចំណូល​លើស​កម្រិត​ដែល​នឹង​ត្រូវ​គណនា​ទៅ​តាម​ការកំណត់​របស់​ក្រសួង​៕