ក្រុងបាងកកៈ រដ្ឋាភិបាល​បាន​អនុម័ត​ឥណទាន ១,៦៧ ពាន់​លាន​បាត សម្រាប់​កសិករ និង វិទ្យាស្ថាន​កសិកម្ម​ក្នុង​ការ​សាងសង់​ជង្រុក​ស្តុក​ស្រូវ​ដោយ​ពន្យារពេល​ការលក់​ស្រូវ​ដើម្បី​ធ្វើឲ្យ​មាន​ស្ថិរភាព​ដល់​តម្លៃ​ស្រូវ​។

លោក Boonyarit Kalayanamit អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង បាន​ថ្លែង​ថា​គណៈកម្មាធិការ​ជាតិ​គោលនយោបាយ​ស្រូវ​ដែល​បាន​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី ប្រាយុធ ចានអូចា កាលពី​ម្សិលមិញ​បាន​អនុម័ត​ផែនការ​កម្ចី​ដើម្បី​សាងសង់​ជង្រុក​ស្រូវ​សម្រាប់​កសិករ និង​វិទ្យាស្ថាន​កសិកម្ម​។

ក្នុង​ចំណោម​ចំនួន​កម្ចី​នេះ​ធនាគារ​កសិកម្ម និង​សហករណ៍​កសិកម្ម (BAAC) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នឹង​ផ្ដល់​ប្រាក់​ចំនួន ១៥០ ០០០ ​បាត​ដល់​កសិករ​មាន​សិទ្ធិ​ទទួល​បាន​នីមួយៗ និង​ ៣ ​លាន​បាត​ដល់​វិទ្យាស្ថាន​កសិកម្ម​នីមួយៗ​។ ផែនការ​នេះ​កំណត់​ទិសដៅ​អ្នក​ខ្ចី​ ១០ ០០០ នាក់ ខណៈ​រដ្ឋាភិបាល​ជួយ​ឧបត្ថម្ភធន ៣ ភាគរយ​នៃ​អត្រា​ការប្រាក់​ក្នុង​ ១ ​ឆ្នាំ​។

លោក Boonyarit ថ្លែង​ថា​គណៈកម្មាធិការ​នេះ​កាលពី​ថ្ងៃ​ចន្ទ​បាន​អនុម័ត​ផែនការ​បម្រុង ស្ដុក​ស្រូវ​រដ្ឋ ២ ​លាន​តោន​នៅ​ឆ្នាំ​នេះ​។ លោក​បញ្ជាក់​ថា ផែនការ​បម្រុង​នេះ​នឹង​មិន​ប៉ះពាល់​ដល់​តម្លៃ​ទីផ្សារ​នោះ​ទេ​។

លោក Adul Chotinisakorn អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​បាន​ថ្លែង​នៅពេល​ថ្មីៗ​ថា អាជ្ញាធរ​គ្រប់គ្រង​ការលក់​ស្រូវ​នឹង​អំពាវនាវ​ឲ្យ​មាន​ការ​ដេញថ្លៃ​លើ​មូលដ្ឋាន​បន្តិច​ម្ដងៗ​នៅ​ខែ​ឧសភា និង​ខែ​មិថុនា​ហើយ​ប្រហែល​រហូត​ដល់​ខែ​កញ្ញា ដើម្បី​លក់​ស្ដុក​ដែល​មាន​ស្រាប់​ដែល​ត្រូវ​បាន​ប៉ាន់ប្រមាណ ២,០៤ លាន​តោន​។

ក្នុង​ចំណោម​ចំនួន​សរុប​នោះ ១,៥ លាន​តោន​សម្រាប់​ការផលិត​ចំណី​សត្វ និង ៥០០ ០០០ តោន​អាច​បរិភោគបាន​សម្រាប់​ទាំង​មនុស្ស និង​សត្វ​។

ចាប់​តាំងពី​រដ្ឋប្រហារ​ខែ​ឧសភា​ឆ្នាំ​ ២០១៤ ស្ដុក​ស្រូវ​រដ្ឋ​សរុប​ចំនួន ១៤,៨ ​លាន​តោន​ត្រូវ​បាន​លក់​តាមរយៈ​ការដេញថ្លៃ​ដែល​រកប្រាក់​បាន ១៣៥ ពាន់​លាន​បាត​។ កិច្ចព្រមព្រៀង​រដ្ឋាភិបាល​រវាង​រដ្ឋាភិបាល​បាន​ដក​ចេញ​ស្រូវ​ដែល​ទើប​ប្រមូលផល​បាន​ចំនួន ៣,៤៤ លាន​តោន​ដែល​មិនមែន​ជា​ផ្នែក​មួយ​នៃ​ស្ដុក​ស្រូវ​នេះ​មាន​តម្លៃ ៥០,២ ពាន់​លាន​បាត​។

នៅក្នុង​ការអភិវឌ្ឍ​ជាប់​ទាក់ទង​ស្ដុក​ស្រូវ​នេះ សមាគម​នាំ​ចេញ​ស្រូវ​អង្ករ​ថៃ បាន​រាយការណ៍​ថា ប្រទេស​នេះ​បាន​នាំចេញ​អង្ករ ២,៧៨ លាន​តោន​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ​ដែល​រកប្រាក់​បាន ៤៤,០៩ ពាន់​លាន​បាត​។

បរិមាណ​បាន​កើនឡើង​​ ៣,១ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន ខណៈ​តម្លៃ​បាន​កើនឡើង ៩,៥ ភាគរយ​៕ LA