ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា​នឹង​ចំណាយ​ប្រមាណ​ ៥០ ​លាន​ដុល្លារ​ សម្រាប់​ការឧបត្ថម្ភធន​លើ​ការបញ្ចុះតម្លៃ​អគ្គិសនី​ចំនួន​ ០,០១ ​ដុល្លារ ​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង ​ដល់​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​ដែល​នឹង​អនុវត្ត​ចាប់ពី​ខែកុម្ភៈ​នេះ​។ នេះ​បើតាម​មន្ត្រី​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) នឹង​ចំណាយ​ប្រមាណ​ ៥០ ​លាន​ដុល្លារ​ សម្រាប់​ការឧបត្ថម្ភធន​នៃ​ការបញ្ចុះតម្លៃ​អគ្គិសនី​ដល់​វិស័យ​ឧស្សាហកម្ម​ និង​ការកែច្នៃ​ផលិតផល​កសិកម្ម​។

លោក​បន្តថា រដ្ឋាភិបាល​នឹង​អនុវត្ត​ការបញ្ចុះ​តម្លៃ​អគ្គិសនី​ពី​ខែ​កុម្ភៈ​នេះ​តទៅ​។ ​លោក​ថ្លែងថា​៖ «​ការបញ្ចុះ​តម្លៃ​អគ្គិសនី​នេះ​នឹង​រួមចំណែក​ក្នុង​ការបង្កើន​ភាពប្រកួតប្រជែង​នៃ​ផលិតកម្ម​»​។ លោក​បាន​បន្តថា​៖ «​រដ្ឋាភិបាល​បាន​បញ្ចុះតម្លៃ​ពី​ ១៩,៧ សេន​ដុល្លារ ​មក​ត្រឹម ១៨,៧ សេន​ដុល្លារ​នៅ​ឆ្នាំនេះ ហើយ​វិក្កយបត្រ​ភ្លើង​ថ្មី​នឹង​ចេញ​នៅ​ចុង​ខែ​កុម្ភៈ​នេះ​»​។

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​ផលិត​ថាមពល​សរុប ១១ ២៦១ GWh ក្នុង​ឆ្នាំ ២០១៩ កើនឡើង​ ២១ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន ៩ ៤២៧ GWh​។

របាយការណ៍​នេះ​បង្ហាញថា កម្ពុជា​បាន​លក់​ថាមពល​អគ្គិសនី​ចំនួន ១០ ៨៨៥ GWh ​ទៅ​ឲ្យ​អតិថិជន​ជាង​ ១,១ ​លាន​នាក់​ កាលពី​ឆ្នាំមុន​។ ក្នុង​ចំណោម​នោះ​វិស័យ​ពាណិជ្ជកម្ម​មាន​ចំនួន ៣៣,៤០ ភាគរយ វិស័យ​ឧស្សាហកម្ម ១០,៩៩ ​ភាគរយ និង ១៨,៧៥ ភាគរយ ​នៃ​គ្រួសារ​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​មាន​សមាជិក​ជាង ៣០០ ​រោង​ម៉ាស៊ីន​បាន​ឲ្យ​ដឹង​ពី​ខែ​មុន​ថា ការបញ្ចុះ​តម្លៃ​អគ្គិសនី​របស់​រដ្ឋាភិបាល​នឹង​ជួយ​ជំរុញ​ខ្សែចង្វាក់​ផលិតកម្ម និង​រក្សា​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ស្រូវ​អង្ករ​។ លោក​បាន​ថ្លែងថា​៖ «​យើង​ស្វាគមន៍​ហើយ​វា​ជា​ដំណឹង​ល្អ​។ ចំពោះ​វិស័យ​ស្រូវ​អង្ករ យើង​ចង់​ឲ្យ​មាន​ស្ថិរភាព​និង គុណភាព​ការផ្គត់ផ្គង់​អគ្គិសនី​ដែល​វា​នឹង​បង្កើន​ភាពប្រកួតប្រជែង​របស់​យើង​»​។

លោក​បន្ថែមថា ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​មួយចំនួន​បាន​ចំណាយ​ប្រាក់​បង់​ភ្លើង​ជា​មធ្យម​ចន្លោះ​ពី ៣០ ០០០ ​ដុល្លារ​ ទៅ​ ៤០ ០០០ ដុល្លារ​ ក្នុង​ ១ ​ខែ​។

កម្ពុជា​គ្រោង​នឹង​ចំណាយ​ប្រាក់​ ១០០ លាន​ដុល្លារ​ សម្រាប់​ការឧបត្ថម្ភធន​តម្លៃ​ថាមពល​អគ្គិសនី​សម្រាប់ ២០២០ ​នេះ​។

បើ​យោងតាម​លោក កែវ រតនៈ រដ្ឋាភិបាល​បាន​ចំណាយ​ ៩៥ ​លាន​ដុល្លារ​រួចហើយ​ឆ្នាំ ២០១៩ ខណៈ​ឆ្នាំ​ ២០១៨ ចំណាយ ៥០ លាន​ដុល្លារ​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការអនុវត្ត​កម្មវិធី​ការងារ ២០១៩ និង​តម្រង់​ទិសដៅ​កម្មវិធី​ការងារ ​២០២០ និង​ ២០២១ របស់​ក្រសួង​រ៉ែ និង​ថាមពល កាលពី​សប្តាហ៍​មុន​លោក ទី នរិន្ទ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែងថា បច្ចុប្បន្ននេះ​វិស័យ​ឯកជន​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការវិនិយោគ​លើ​វិស័យ​អគ្គិសនី​ដែល​ជា​គន្លឹះ​សំខាន់​ការបង្កើន​ល្បឿន ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី​របស់​រដ្ឋាភិបាល​។

លោក​បាន​បន្តថា គិត​ត្រឹម​ឆ្នាំ​ ២០១៩ ការវិនិយោគ​វិស័យ​អគ្គិសនី​មានតម្លៃ ៦,១ ពាន់​លាន​ដុល្លារ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការកើនឡើង​ និង​គោលដៅ​បញ្ចុះតម្លៃ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម និង​តាម​ផ្ទះ​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​គ្មាន​ការវិនិយោគ​របស់​វិស័យ​ឯកជន រដ្ឋ​ត្រូវ​វិនិយោគ​ដោយ​ខ្លួនឯង​ចាប់ពី​ឆ្នាំ​ ២០០៦ មក យើង​យ៉ាងតិច​ត្រូវការ​ពេល ៥០ ឆ្នាំ​ ដើម្បី​មាន​ទំហំ​វិនិយោគ​ប៉ុន​នេះ​មានន័យថា លុះត្រាតែ​ដល់ ឆ្នាំ ២០៥៦ ទើប​យើង​អាច​អភិវឌ្ឍ​បាន​ដូច​ស្ថានភាព​បច្ចុប្បន្ន​»​។ លោក​បន្តថា​៖ «​ការវិនិយោគ​របស់​វិស័យ​ឯកជន​កន្លងមក​បាន​ធ្វើឲ្យ​វិស័យ​អគ្គិសនី​ដើរ​លឿន​ជាង​ការវិនិយោគ​ដោយ​រដ្ឋ​តែ​ឯង​ចំនួន​ ៣៦ ​ឆ្នាំ​»៕LA

វីដេអូ៖