ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន​ ២ ​ដើម្បី​លើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SMEs) សម្រាប់​រយៈពេល​បន្ទាន់ ខ្លី និង​មធ្យម ដើម្បី​ស្រោចស្រង់​វិស័យនេះ​ដែល​រងផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ជា​សកល​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីអំពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​សកម្មភាព​គោលនយោបាយ​លើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម​លើក​ទី​ ១ ​ដែល​ចេញផ្សាយ​ថ្ងៃទី​ ១៤ ខែកក្កដា ដោយ​វិធានការ​ទី​១ ​សម្រាប់​រយៈពេល​បន្ទាន់​នឹង​ផ្តោតលើ​ការកាត់បន្ថយ និង​សម្រួល​នូវ​បន្ទុក​អនុលោមភាព​សម្រាប់​ SMEs ការពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​សេវាកម្ម​គាំទ្រ ដូចជា​ប្រឹក្សា​យោបល់​ធុរកិច្ច សេវា​មេធាវី និង​ប្រឹក្សា​ច្បាប់ ការចុះបញ្ជី គណនេយ្យ ទីផ្សារ និង​បច្ចេកទេស​, និង​ជំរុញ​ការគាំទ្រ ការផ្តល់​ហិរញ្ញប្បទាន​ដល់ SMEs តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ធនាគារ អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​។

វិធានការ​ទី​២ ​សម្រាប់​រយៈពេល​ខ្លី​ និង​មធ្យម​នឹង​ផ្តោតលើ​ការគាំទ្រ​ជា​ប្រព័ន្ធ​អេកូឡូស៊ី​រួមមាន​៖ ការបន្ត​កំណែទម្រង់​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ និង​ការអនុវត្ត ការលើក​កម្ពស់​សេវា​គាំទ្រ​ធុរកិច្ច ការគាំទ្រ​ហិរញ្ញវត្ថុ ការលើកកម្ពស់​ទីផ្សារ​សម្រាប់​ SMEs ការជំរុញ​ និង​លើកកម្ពស់​ធនធាន​មនុស្ស និង​លើកកម្ពស់​ផ្នត់គំនិត​សហគ្រិនភាព​។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​ថា សម្រាប់​ការជួយ​គាំទ្រ​ SMEs និង​ការដោះស្រាយ​បញ្ហា​ប្រឈម​របស់​ SMEs ​ត្រូវការ​សម្របសម្រួល និង​ការដោះស្រាយ​ជា​ប្រព័ន្ធ និង​ត្រូវការ​រួមចំណែក​ពី​អន្តរក្រសួង​ស្ថាប័ន​ទើប​ធ្វើ​ឲ្យ​ SMEs ​មាន​លទ្ធភាព​គ្រប់គ្រាន់​ចូលរួម​វិភាគទាន​ដល់​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ និង​ចំណូល​ជាក់ស្តែង​ដល់​ប្រជាពលរដ្ឋ បំពេញ​តម្រូវការ​ក្នុងស្រុក ក៏ដូចជា​លើកកម្ពស់​សក្តានុពល​សេដ្ឋកិច្ច​។

រដ្ឋាភិបាល​បានដាក់​ឲ្យ​ដំណើរការ​នូវ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ១៥០ ​លាន​ដុល្លារ ដើម្បី​ជួយ​ជ្រោមជ្រែង​ SMEs​។ រដ្ឋាភិបាល​ក៏បាន​បញ្ចេញ​ប្រាក់​បន្ទាន់​ ៥០ ​លាន​ដុល្លារ​ផ្សេងទៀត​ដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ដើម្បី​ជួយ​ផ្នែក​កសិកម្ម​៕