ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយតម្លៃអគ្គិសនីសម្រាប់វិស័យសំខាន់ ៤ គឺឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មសម្រាប់រយៈពេល ៥ ខែចាប់ពីខែមិថុនា រហូតដល់ដំណាច់ខែតុលាឆ្នាំនេះដែលជាវិធានការមួយជួយ និងជំរុញវិស័យទាំងនេះបន្តផលិតកម្មរបស់ខ្លួនបន្តសកម្មភាពផលិតកម្មអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩។
ប្រកាសរបស់ក្រសួងរ៉ែ និងថាមពលដែលបានចុះហត្ថលេខាដោយលោករដ្ឋមន្ដ្រី ស៊ុយ សែម កាលពីថ្ងៃទី ១៩ ខែឧសភា ឲ្យដឹងថា ចំពោះវិស័យទាំង ៤ ដែលស្ថិតនៅក្នុងតំបន់ទទួលរងផលប៉ះពាល់ និងតំបន់អំណោយផលផ្សេងទៀតត្រូវបន្តប្រតិបត្តិការអាជីវកម្ម និងការផលិតនឹងទទួលបានការលើកទឹកចិត្តនេះ។
សម្រាប់វិស័យ ៤ ដែលទទួលបានថាមពលពីអគ្គិសនីកម្ពុជា (EDC) ឬក្រុមហ៊ុនឯកជនដែលបានទិញពី EDC នឹងត្រូវផ្តល់ការអនុគ្រោះលើកលែងការបង់ត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោងដែលបានប្រើប្រាស់ជាក់ស្តែងតាមអត្រាថ្លៃមធ្យម។
តម្លៃអគ្គិសនីនឹងត្រូវកាត់បន្ថយ ២៥ ភាគរយក្នុងរយៈពេល ៥ ខែ ក្រោយគិតជាមធ្យមលើបរិមាណនៃការប្រើប្រាស់ថាមពលអគ្គិសនីក្នុងរយៈពេល ៣ ខែចុងក្រោយ (ពីខែមករា ដល់ខែមីនា) ជាការរួមចំណែកក្នុងការទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ច។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃពុធថា ដោយសារតែវិស័យឯកជនរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ ១៩ ចាប់តាំងពីដើមឆ្នាំនេះ ប្រកាសនេះ គឺជាការលើកទឹកចិត្តពីរដ្ឋាភិបាលដែលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ច។
លោកថ្លែងថា៖ «យើងបានសិក្សាផលប៉ះពាល់ដោយសារវីរុសកូរ៉ូណាដល់វិស័យទាំង ៤ នេះ។ ដូច្នេះការលើកលែងតម្លៃអគ្គិសនីគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជន»។
តាមលោក ហ្សូនា EDC នឹងចេញផ្សាយព័ត៌មានលម្អិតនៃតម្លៃអគ្គិសនីសម្រាប់វិស័យទាំង ៤ នៅសប្ដាហ៍ក្រោយ មុនពេលការចាប់ផ្ដើមអនុវត្តពីខែមិថុនា។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានសាទរចំណាត់ការនេះ ខណៈ GMAC ធ្លាប់ស្នើសុំរឿងនេះកន្លងមក។ លោកបន្ថែមថា វិធានការនេះនឹងជួយដល់រោងចក្រដែលផ្អាកដំណើរការ ហើយក៏កាត់បន្ថយបន្ទុករបស់រោងចក្រផ្សេងទៀតដែលបន្តការផលិតក្នុងអំឡុងពេលដ៏ពិបាកនេះផងដែរ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ទោះបីការលើកលែងនេះមិនច្រើន ក៏វាជាការគិតគូរពីរដ្ឋាភិបាលផងដែរ។
លោកបានថ្លែងថា៖ «យើងគាំទ្រសម្រាប់ការលើកទឹកចិត្តបែបនោះ សម្រាប់វិស័យឯកជនដែលកំពុងប្រឈមបញ្ហាខ្លាំងបំផុត»។
កាលពីថ្ងៃទី ១០ ខែមេសា GMAC ឲ្យដឹងថា រោងចក្រជាង ១៨០ នៅក្នុងប្រទេសកម្ពុជាបានផ្អាកប្រតិបត្តិការ ខណៈដែលរោងចក្រ ៦០ ផ្សេងទៀត កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការបិទទ្វារ។ កម្មកររោងចក្រកាត់ដេរ ២០០ ០០០ នាក់រងផលប៉ះពាល់ផ្ទាល់ និង ២ លាននាក់ប៉ះពាល់ប្រយោល។
គិតត្រឹមថ្ងៃទី ២៩ ខែ មេសា អាជីវកម្មក្នុងវិស័យទេសចរណ៍ប្រហែល ២៨៦៥ ឬ ២៩,៥៧ ភាគរយក្នុងចំណោម ៩ ៦៨៩ បានបិទទ្វារបណ្ដាលឲ្យកម្មករ ៤៦ ៣៦៩ នាក់គ្មានការងារធ្វើ និងមគ្គុទេ្ទសក៍ទេសចរណ៍ប្រហែល ៩៦ បានព្យួរការងារ តំណាងឲ្យ ១,៥ ភាគរយ នៃចំនួនសរុប ៦ ៤១៦៕LA