
អគ្គនាយកដ្ឋាន ពន្ធដារ ភ្នំពេញ។ ផា លីណា
ភ្នំពេញៈ ចំណូលពីការប្រមូលពន្ធអាករគ្រប់ប្រភេទក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០១៨ បានកើនឡើង ១៨,៨៣ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។
រយៈពេល ១០ ខែ កន្លងមក អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានប្រមាណជាង ១,៨៧ ពាន់លានដុល្លារ ស្មើនឹង ៩៧,៤២ ភាគរយនៃផែនការគ្រោងទុក ឬកើនជាង ២៩៦ លានដុល្លារ ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៧ ដែលប្រមូលបានជាង ១,៥៧ ពាន់លានដុល្លារ។
សម្រាប់ខែតុលា ឆ្នាំ ២០១៨ ការប្រមូលពន្ធអាករគ្រប់ប្រភេទបានប្រមាណ ១៨២,១២ លានដុល្លារ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានឲ្យដឹងថា ចំណូលកើនជិត ២០ ភាគរយពីការប្រមូលពន្ធដារនេះអាចនិយាយថា ស្ថិតនៅក្នុងកម្រិតទាបនៅឡើយ ខណៈការប្រមូលពន្ធសំខាន់ៗដូចជា ការទិញលក់ និងជួលអចលនទ្រព្យសណ្ឋាគារ ពន្ធលើប្រាក់បៀវត្សរ៍ និងពន្ធលើប្រាក់ចំណេញនៅមានចន្លោះប្រហោងច្រើន។
លោកបានថ្លែងថា៖ «កំណើនជាង ១៨ ភាគរយនេះស្ថិតនៅទាប បើធៀបទៅនឹងកំណើននៃការទិញ លក់ ជួលអចលនទ្រព្យនាពេលបច្ចុប្បន្ន»។
លោកលើកឡើងថា បច្ចុប្បន្នវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុកំពុងមានសម្ទុះខ្លាំង ដូច្នេះបើការគ្រប់គ្រងល្អនឹងជួយធ្វើឲ្យរដ្ឋទទួលបានចំណូលកាន់តែច្រើន។
លោកបញ្ជាក់ថា៖ «ការពិនិត្យ និងដាក់ផែនការឲ្យបានជាក់លាក់សម្រាប់ប្រមូលពន្ធគឺជារឿងចាំបាច់ដើម្បីបង្កើនចំណូលជាតិ»៕ LA