ភ្នំពេញៈ ស្ថាប័នរដ្ឋាភិបាលកាលពីម្សិលមិញបានរៀបចំវេទិកាស្តីពីសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មីលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ICT) ដែលមានអ្នកចូលរួមប្រមាណ ២០០ នាក់មកពីស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន។
នេះជាវេទិកាធុរកិច្ចបច្ចេកវិទ្យា និងសហគ្រាសខ្នាតតូច និងមធ្យមឆ្ពោះទៅឌីជីថលលើកទី ២ ដែលគោលបំណងនៃការរៀបចំវេទិកានេះគឺដើម្បីប្រមូលមតិ ដើម្បីរៀបចំគោលនយោបាយស្តីពីការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា (Tech Startups) សហគ្រាសខ្នាតតូច និងមធ្យមដោយប្រើប្រព័ន្ធឌីជីថលដែលត្រូវបានចាត់ទុកថាជាកម្លាំងចលករដ៏សំខាន់នៃការឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
វេទិកានេះបានចូលរួមដោយក្រសួងពាក់ព័ន្ធចំនួន ៦ រួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ថ្លែងនៅក្នុងពិធីបើកវេទិកាកាលពីម្សិលមិញ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានលើកឡើងថា សហគ្រាសខ្នាតតូច និងមធ្យមគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងការផ្តល់ឱកាសការងារដល់ប្រជាជន។
លោកបន្តថា បច្ចុប្បន្ន ជាសម័យកាលដែលបច្ចេកវិទ្យាថ្មីៗបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនប្រតិបត្តិការនៃសហគ្រាសខ្នាតតូច និងមធ្យម ដូច្នេះវាមានការចាំបាច់ណាស់ក្នុងការស្វែងយល់ពីដំណើរការវិវឌ្ឍបច្ចេកវិទ្យា និងប្រើប្រាស់ដើម្បីជំរុញកំណើនសហគ្រាសខ្នាតតូច និងមធ្យម៕