ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចបន្តលើកលែងការបង់ពន្ធអប្បបរមាដល់វិស័យអាកាសចរណ៍ និងការបង់ពន្ធគ្រប់ប្រភេទដល់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍រយៈពេល ២ ខែបន្ថែមទៀត ខណៈដែលអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចអះអាងថា រដ្ឋាភិបាលគ្រោងបញ្ចេញទឹកប្រាក់សរុបជាង ១ ពាន់លានដុល្លារដើម្បីស្តារ និងជំរុញសកម្មភាពធុរកិច្ចក្រោយវិបត្តិកូវីដ ១៩។
សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃសុក្របានឲ្យដឹងថា វិធានការជុំទី ៥ នេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយស្តារ និងជំរុញលទ្ធភាពអាជីវកម្មធុរកិច្ចឲ្យងើបឡើងវិញនៅក្នុងវិស័យកាត់ដេរវាយនភណ្ឌ ទេសចរណ៍ និងអាកាសចរណ៍ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនៃការរាតត្បាតជំងឺកូវីដ ១៩។
សេចក្តីប្រកាសព័ត៌មានបន្តថា ការលើកលែងការបង់ពន្ធអប្បបរមានេះនឹងអនុវត្តចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ ២០២០ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា។ រីឯការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទក៏ត្រូវអនុវត្តរយៈពេល ២ ខែដូចគ្នា សម្រាប់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរដែលចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារដែលមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋាភិបាលបានគ្រោងនឹងបញ្ចេញទឹកប្រាក់សរុប ១ ១៦៤ ដុល្លារ ដើម្បីជួយស្តារ និងជំរុញអាជីវកម្មធុរកិច្ចឲ្យងើបឡើងវិញក្នុងអំឡុងពេល និងក្រោយពេលនៃការរាតត្បាតជំងឺកូវីដ១៩។
លោកអះអាងថា ក្នុងកញ្ចប់ថវិកានោះថវិកា ៥០០ លានដុល្លារ សម្រាប់ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមដែលទឹកប្រាក់ ៣០០ លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទាន និង ២០០ លានដុល្លារទៀត សម្រាប់គម្រោងធានាឥណទាន រួមទាំងកញ្ចប់នៃការចំណាយមួយចំនួនទៀត។
លោកបានឲ្យដឹងថា ជាក់ស្តែងធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគ្រប់គ្រងដោយរដ្ឋបានបញ្ចេញឥណទានប្រមាណ ៣០ លានដុល្លាររួចទៅហើយដល់សហគ្រាសខ្នាតតូច និងមធ្យមគិតត្រឹមចុងខែកក្កដា ។
លោកថ្លែងថា៖ «ប្រសិនបើចំនួនសហគ្រាសធុនតូច និងមធ្យមទទួលបានកម្ចីកាន់តែច្រើន ប្រាកដណាស់ វាជួយឲ្យពួកគាត់រក្សានូវអាជីវកម្មរបស់គាត់ឲ្យមាន ជីវិតបន្តទៀត និងរក្សាការងារដល់កម្មករនិយោជិតក្នុងសហគ្រាសទាំងនេះ។ ខ្ញុំគិតថា យើងកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវចំពោះសហគ្រាសទាំងនេះ»។
លោកបានបញ្ជាក់ថា៖ «ម្ចាស់អាជីវកម្មទាំងអស់សប្បាយចិត្តដែលទទួលបានការអនុគ្រោះពន្ធពីរដ្ឋាភិបាល ប្រសិនបើក្នុងរយៈពេល ២ ទៅ ៣ ខែខាងមុខនេះ ស្ថានភាពជំងឺកូវីដ១៩ មានភាពល្អប្រសើរឡើងវិញ យើងនឹងបន្តគិតគូររកវិធានការថ្មីទៀតជួយពួកគាត់»។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ប្រាប់ភ្នំពេញប៉ុស្តិ៍កន្លងមកថា ការលើកលែងការបង់ពន្ធអប្បបរមា ១០ ភាគរយនឹងជួយសម្រាលបន្ទុកមួយផ្នែកដល់ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការនៅកម្ពុជាដែលរងផលប៉ះពាល់ពីវិបត្តិនេះ។
សេចក្តីប្រកាសព័ត៌មានថ្មីនេះក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារក្នុង ១ នាក់សម្រាប់រយៈពេល ២ ខែបន្តទៀតរហូតដល់ដំណាច់ខែកញ្ញា ដល់កម្មករនិយោជិតដែលត្រូវបានព្យួរការងារនៅតាមរោងចក្រសហគ្រាស និងសេដ្ឋកិច្ចក្នុងប្រព័ន្ធ (Formal Sector) និងឧបត្ថម្ភគ្រួសារក្រីក្រងាយរងគ្រោះចំនួន ២ ខែទៀតផងដែរ៕ LA