ធនាគារជាតិនៃកម្ពុជា (NBC) បានបន្តដាក់ចេញនូវវិធានការអនុគ្រោះដំណាក់កាលទី ៣ ក្នុងជួយសម្រួលដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីជាការបើកលទ្ធភាពបន្ថែមដល់ស្ថាប័នទាំងអស់បញ្ចេញប្រាក់កម្ចីចូលក្នុងចរន្តសេដ្ឋកិច្ចក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ។
«ធនាគារជាតិនៃកម្ពុជា (NBC) សូមជម្រាបជូនសាធារណជនទូទៅ និងភាគីពាក់ព័ន្ធជ្រាបថា ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការអនុគ្រោះជាបន្តបន្ទាប់ ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC ដែលបានសម្រេចកាលពីថ្ងៃ ២១ ខែឧសភា។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា៖ ធនាគារជាតិនៃកម្ពុជាសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី ៣ ដូចជារក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា ៧% ដដែលរហូតដល់មានការជូនដំណឹងជាថ្មី, អនុញ្ញាតឲ្យគ្រឹះស្ថានធនាការ និងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងវិញរហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១។
NBC បញ្ជាក់ថា៖ «ចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការកំណត់របស់រដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចធ្វើឥណទានរៀបចំឡើងវិញលើសពី ៣ ដងក្នុងអំឡុងពេលអនុគ្រោះនេះ និងបន្តលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរបន្ថយ ឬលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន»៕
វីដេអូ៖