ភ្នំពេញ: លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ធ្វើការ​យោគយល់​ក្នុង​ការរៀបចំ​ឥណទាន​ឡើងវិញ បន្ធូរបន្ថយ​អត្រា​ការប្រាក់ ឬ​ពន្យារពេល​សង​ដល់​អតិថិជន​ខ្លួន​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។

ការអំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​ ២១ ខែ តុលា ឆ្នាំ​ ២០២០ ដែល​លោក​ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ១ ​ម៉ឺន​គ្រួសារ ​ដែល​រងគ្រោះដោយសារ​ទឹកជំនន់​នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​។

ការស្នើសុំ​នេះ​គឺជា​លើក​ទី​ ២ ​ហើយ​ដល់​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធ្វើការ​យោគយល់​ដល់​អតិថិជន​ខ្លួន បន្ទាប់ពី​ការអំពាវនាវ​អំពី​ផលប៉ះពាល់​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដល់​ចំណូល​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​ថ្លែង​បន្តទៀត​ថា​៖ «​ឥឡូវនេះ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ទៅកាន់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ធ្វើការ​យោគយល់​ចំពោះ​អ្នក​ដែល​លិចលង់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ដែល​មាន​ការលិចលង់​ពិតប្រាកដ​ឲ្យ​មាន​ការបន្ធូរបន្ថយ​នូវ​ពេលវេលា​នៃ​ការសង​ប្រាក់ ពន្យារពេល​នៃ​ការសង​ប្រាក់​រហូត​ទៅដល់​ការបន្ថយ​អត្រា​ការប្រាក់​នៅក្នុង​រយៈពេល​នៃ​ការលំបាក ដែល​ខ្ញុំ​គិតថា​ទាំង​ធនាគារ​ធំៗ និង​សំខាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំៗ​ធ្វើការ​យោគយល់​អំពី​បញ្ហា​នេះ ព្រោះ​រឿងនេះ​វា​ជា​រឿង​ដែល​បាន​កើតឡើង ហើយ​ផ្តល់​ការឈឺចាប់​រួចរាល់​ទៅ​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​»​។

ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ម្សិលមិញ​ក៏បាន​ស្នើ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ត​កិច្ចសហការ​ និង​អនុគ្រោះ​ដល់​អ្នក​ខ្ចីប្រាក់​ដែល​រង​ផលប៉ះពាល់​ជាក់ស្តែង​ដោយសារ​ទឹកជំនន់ បន្ទាប់ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់​បាន​ចូលរួម​សហការ​អនុវត្ត​យ៉ាង​ល្អ​ក្នុង​ការផ្តល់​ភាពអនុគ្រោះ​បន្ធូរបន្ថយ​កម្រៃ​សេវាកម្ម​នានា​ពាក់ព័ន្ធ​នឹង​ឥណទាន ការរៀបចំ​ឥណទាន​ឡើងវិញ ការមិន​ពិន័យ និង​​រឹបអូស​ទ្រព្យ​បញ្ចាំ​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​​កូវីដ​១៩ ដើម្បី​សម្រាល​បន្ទុក​របស់​អ្នក​ខ្ចីប្រាក់​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា បាន​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ធនាគារ​របស់​លោក​បាន​ត្រៀមខ្លួន​រួច​​ជាស្រេច​ក្នុង​ការចូលរួម​ចំណែក​ជួយ​ដល់​អតិថិជន​ខ្លួន​ដែល​រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​ដោយសារ​ទឹកភ្លៀង​នាពេល​ថ្មីៗ​នេះ​។ លោក​ថា ធនាគារ​របស់លោក​បាន​រៀបចំ និង​អនុវត្ត​នូវ​​យុទ្ធសាស្ត្រ​ទឹកជំនន់​នេះ​ជាង​ ២១ ​ឆ្នាំ​មកហើយ​។

លោក​ថ្លែងថា​៖ «​ធនាគា​របស់​យើង​យល់ស្រប​ជាមួយ​នឹង​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅលើ​ករណី​គ្រោះ​ទឹកជំនន់​ដោយសារ​ទឹកភ្លៀង​នេះ​។ ធនាគារ​យើង​នៅក្នុង​ផែនទី​ឥណទាន​ (Credit Mapping) គឺ​យើង​ផ្តល់​ឥណទាន​ទៅតាម​ផែនទី​នេះ ហើយ​យើង​តែងតែ​ត្រៀម​ជា​រៀងរាល់ឆ្នាំ ដូច្នេះ​ហើយ​ការធ្វើ​ឥណទាន​ត្រូវ​យល់​អំពី​ទីតាំង​ភូមិសាស្ត្រ រដូវកាល និង​អាកាសធាតុ ហើយ​យើង​មិនអាច​ទៅ​គាបសង្កត់​ដល់​អតិថិជន​ណា​ដែល​រង​ផលប៉ះពាល់​នោះទេ​»​។

គិត​ត្រឹម​ដំណាច់​ខែកញ្ញា​ធនាគារ​អេស៊ីលីដា​បាន​បញ្ចេញ​ឥទាន​សរុប​ចំនួន​ ៣ ៩៧០ ​លានដុល្លារ​សហរដ្ឋអាមេរិក និង​មាន​អតិថិជន​ឥណទាន​សរុប​ចំនួន ៤១៣ ៦១៣ ​នាក់​។

លោក សាយ សូនី នាយក​ប្រតិបត្តិ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​បាន​ថ្លែង​មកកាន់​ភ្នំពេញ-ប៉ុស្តិ៍​ថា ភាគច្រើន​អតិថិជន​របស់​លោក​ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង គឺ​នៅ​ខេត្ត​​បន្ទាយមានជ័យ បាត់ដំបង និង​ពោធិ៍សាត់​។ លោក​ថា រាល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​នឹង​ទទួល​បាន​ការអនុគ្រោះ​។

លោក​បាន​ថ្លែងថា​៖ «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​នៅតែ​បន្ត​ការផ្តល់​ឥណទាន​ជូន​អតិថិជន​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​ទឹកភ្លៀង ប្រសិន​បើ​ពួកគាត់​ត្រូវការ​ប្រាក់​ដើម្បី​ចាប់ផ្តើម​បើក​មុខរបរ​ឡើងវិញ​។ ប្រសិន​បើ​ពួកគាត់​មាន​ផលលំបាក​ក្នុងអំឡុង​ពេល​នេះ ពួកគាត់​អាច​មក​ជួបពិភាក្សា​ជាមួយ​បុគ្គលិក​របស់​យើង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឈ្នះ-ឈ្នះ​ទាំងអស់​គ្នា​»​។

គិត​ត្រឹម​ដំណាច់ខែ​កញ្ញា​នេះ ប្រាសាក់​បាន​បញ្ចេញ​ឥណទាន​សរុប​ចំនួន ២,៨៦ ​ពាន់​លានដុល្លារ​សហរដ្ឋអាមេរិក​កើន​ ១៤,៤៣ ​ភាគរយ ធៀប​នឹង​ដំណាច់​ឆ្នាំមុន និង​មាន​អតិថិជន​ឥណទាន​សរុប​ចំនួន ៤៣៧ ០០០ ​នាក់​។

យោងតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​រាយការណ៍​ថា ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ទឹកភ្លៀង​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ចំនួន ១០៤ ៣៤៨ ​គ្រួសារ ឬ ៤១០ ៧៨២ ​នាក់ នៅ​ខេត្ត​ចំនួន​ ១៩​។ ទឹកជំនន់​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ជិត​ ១៧០ ០០០ ហិកតា​ក្នុង​ចំណោម​នោះ ៣២ ៣៨២ ​ហិកតា​ត្រូវបាន​បំផ្លាញ​។

ដំណាំ​ស្រូវ​ជាង ៧៣ ០០០ ​ហិកតា ត្រូវ​ខូចខាត ក្នុងនោះ​ចំនួន ៣៨ ០០០ ​ហិកតា​ ត្រូវបាន​បំផ្លាញ​ទាំងស្រុង​។ ផ្លូវជាតិ និង​ផ្លូវ​តាម​ខេត្ត​ជាង​ ៣៤៤ ​គីឡូម៉ែត្រ និង​ផ្លូវ​តាម​ជនបទ​ជិត​ ១ ៥០០ ​គីឡូម៉ែត្រ​ត្រូវ​រង​ផលប៉ះពាល់​៕LA

វីដេអូ៖