ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​កំពុង​ស្វែងរក​ដៃគូ​ឯកជន​ដើម្បី​វិនិយោគ​លើ​រោងចក្រ​ផលិត​ថាមពល​ដោយ​កាកសំណល់​សំរាម​ដោយ​បាន​ចាត់តាំង​ក្រសួង​រ៉ែ និង​ថាមពល​ដើម្បី​ឲ្យ​ធ្វើ​កិច្ចការ​នេះ​។

រដ្ឋាភិបាល​បាន​សម្រេច​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដោយ​ប្រគល់​ភារកិច្ច​នេះ​ទៅ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​ស្វែងរក​ការវិនិយោគ​បង្កើត​រោងចក្រ​អគ្គិសនី​ដោយ​ការដុត​សំរាម​នៅ​ទីលាន​ជាក់​សំរាម ខណៈ​ទីក្រុង​ភ្នំពេញ​នាពេល​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​នៃ​ការកើនឡើង​សំរាម​រហូត​ដល់​ជាង ៣ ០០០ ​តោន​ក្នុង​ ១ ​ថ្ងៃ​។

លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ចន្ទ​ថា បន្ទាប់ពី​សេចក្តី​សម្រេច​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ក្រសួង​រ៉ែ និង​ថាមពល​បាន​និង​កំពុង​សិក្សា និង​រៀបចំ​នីតិវិធី​មួយ​ចំនួន​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​បំណង​ចូលរួម​ដេញថ្លៃ​។

លោក​បន្តថា កន្លងមក​ក្រសួង​រ៉ែ និង​ថាមពល​ធ្លាប់​បានចេញ​លិខិត​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​បរ​ទេស​ចំនួន ៥ ទៅ ៦ ​ក្រុមហ៊ុន​ ដើម្បី​ធ្វើការ​សិក្សា​លើ​ការសាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ពី​ការដុត​សំរាម​នេះ​ដែរ ប៉ុន្តែ​បន្ទាប់ពី​ការសិក្សា​រួចមក​មាន​តែ​ក្រុមហ៊ុន ២ ​ប៉ុណ្ណោះ​ដែល​បាន​ផ្ញើ​ឯកសារ​មក​ឲ្យ​ក្រសួង​ពិនិត្យ ខណៈ​តម្លៃ​អគ្គិសនី​ដែល​ផលិត​បាន​ពី​ការដុត​សំរាម​ខ្ពស់​គឺជា​ឧបសគ្គ​ចម្បង​។

លោក​បាន​ថ្លែង​ថា​៖ «​បញ្ហា​នៅពេល​នោះ​គឺ​វា​មានតម្លៃ​ខ្ពស់ ដែល​មិន​អនុញ្ញាត​ឲ្យ​អគ្គិសនី​កម្ពុជា (EDC) ទទួល​យក​បាន​ឡើយ​»​។

បើ​តាម​លោក ហ្សូនា តម្លៃ​អគ្គិសនី​ពី​រោងចក្រ​ដុត​សំរាម​ដែល​ក្រុមហ៊ុន​បាន​សិក្សា​កន្លង​មក​គឺ​ស្ថិត​ក្នុង​រង្វង់​ពី ១៤-១៥ ​សេន​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង​។

ទោះបី​ជា​យ៉ាងនេះ​ក្តី ការផលិត​អគ្គិសនី​ពី​សំរាម​ចាំបាច់​ត្រូវតែ​ធ្វើ​។ លោក​ថ្លែងថា​៖ «​វា​ទាមទារ​ឲ្យ​មាន​ការដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ណាមួយ​ដើម្បី​បំប្លែង​សំរាម​ឲ្យ​ទៅ​ជា​អគ្គិសនី ព្រោះ​បើ​យើង​ទុក​វា​ចោល យើង​នឹង​អស់​កន្លែង​ស្តុក​សំរាម​»​។

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​បាន​សម្រេច​ដកហូត​សិទ្ធិ​ប្រមូល​សំរាម ពី​ក្រុមហ៊ុន​ស៊ីនទ្រី​មក​គ្រប់គ្រង​ជា​បណ្តោះអាសន្ន​មួយរយៈ​សិន​មុន​នឹង​ស្វែងរក​ក្រុមហ៊ុន​ថ្មី​យ៉ាងតិច​ចំនួន​ ៤ មក​ឲ្យ​គ្រប់គ្រង បន្ទាប់ពី​មើលឃើញ​ពី​បញ្ហា​នៃ​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន ស៊ីនទ្រី​។

អ្នកប្រឹក្សា​យោបល់​ផ្នែក​អភិបាលកិច្ច​ធនធាន​ធម្មជាតិ​លោក ហែម ឧត្តម បាន​ស្វាគមន៍​ចំពោះ​ការវិនិយោគ​លើ​ការផលិត​ថាមពល​អគ្គិសនី​ពី​ការដុត​សំរាម ព្រោះ​ថាមពល​នេះ​ត្រូវបាន​គេ​ចាត់បញ្ចូល​ក្នុង​ប្រភេទ​ជីវម៉ាស ឬ​ថាមពល​កកើតឡើង​វិញ ដែល​ការវិនិយោគ​បែបនេះ​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​ការគ្រប់គ្រង​សំរាម​ទេ ថែម​ទាំង​អាច​កាត់បន្ថយ​ការបំពុល​បរិយាកាស​បាន​ទៀតផង​៕LA