ភ្នំពេញៈ ទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែកម្ពុជានៅតែបន្តទទួលបាននូវគម្រោងវិនិយោគចំនួន ៧ ថ្មីបន្ថែមទៀត ដែលមានទឹកប្រាក់សរុប ១៧៤,១ លានដុល្លារ និងបង្កើតការងារបានចំនួនជាង ៣ ពាន់កន្លែង។
សេចក្តីប្រកាសព័ត៌មានរបស់ CDC កាលពីថ្ងៃពុធបានឲ្យដឹងថា យោងតាមសំណើសុំវិនិយោគ CDC សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន ៧ រួមមានគម្រោងវិនិយោគលើការបង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard របស់ក្រុមហ៊ុន Precise Electric Manufacturing (Cambodia) Co., Ltd. ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ៥ លានដុល្លារគម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទរបស់ក្រុមហ៊ុន Ju Wang Footwear Co., Ltd. ស្ថិតនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមមានទុនវិនិយោគ ៦,១ លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡារបស់ក្រុមហ៊ុន Imperial Star Solar (Cambodia) Co., Ltd. នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៩ លានដុល្លារ។
ចំណែកគម្រោងផ្សេងទៀតរួមមានគម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ (Wires, Cables) និងផ្គុំដំឡើងសម្ភារបរិក្ខារអគ្គិសនី (Meter Box) របស់ក្រុមហ៊ុន Topec Electric Co., Ltd. ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគ ៨,៦ លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតសម្ភារតុបតែងសក់របស់ក្រុមហ៊ុន Viscot Products Co., Ltd. នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺមានទុនវិនិយោគ ១១,៦ លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតសម្បកកង់រថយន្តគ្រប់ប្រភេទ និងគ្រឿងផ្គុំកង់រថយន្តរបស់ក្រុមហ៊ុន Sundance Industries Co., Ltd. ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៣២,៩ លានដុល្លារ និងគម្រោងសាងសង់ និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន Kepstar Data Centre Management Co., Ltd. ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានទុនវិនិយោគចំនួន ១០២ លានដុល្លារ។
ទិន្នន័យបានឲ្យដឹងទៀតថា នៅពេលគម្រោងទាំងអស់ខាងលើនេះដំណើរការ វានឹងអាចបង្កើតការងារបានចំនួន ៣ ៣២៨ កន្លែង។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺដែលជាខេត្តមានគម្រោងអភិវឌ្ឍន៍ចំនួន ៣ ក្នុងគម្រោងទាំង ៧ ខាងលើបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា ភាពល្អប្រសើរនៃស្ថានភាពនយោបាយ សុវត្ថិភាពសង្គមច្បាប់វិនិយោគមានលក្ខណៈអំណោយផល និងភាពសម្បូរបែបនៃកម្លាំងពលកម្មជំនាញបានធ្វើឲ្យកម្ពុជាទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់វិនិយោគិនមកពីគ្រប់ទិសទីលើពិភពលោក។
លោកបន្តថា ទោះបីជាពិភពលោកកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃវីរុសកូរ៉ូណាក៏ដោយ ប៉ុន្តែកម្ពុជាពិសេសខេត្តកំពង់ស្ពឺនៅតែជាកន្លែងដែលទទួលបានការចូលមកបណ្តាក់ទុនជាបន្តបន្ទាប់។
លោកថ្លែងថា៖ «ក្នុងនាមជាអាជ្ញាធរខេត្ត ខ្ញុំតែងតែទទួលជួបជាមួយអ្នកចង់ចូលមកបណ្តាក់ទុនជាបន្តបន្ទាប់ ហើយពួកគេទាំងនោះតែងតែអញ្ជើញខ្ញុំទៅធ្វើទស្សនកិច្ចនៅតាមរោងចក្រផលិតនៅក្រៅប្រទេសផងដែរ ដើម្បីពិនិត្យមើលពីរោងចក្រពួកគេ»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានសាទរចំពោះព័ត៌មាននេះ ប៉ុន្តែលោកនិយាយថា អាជ្ញាប័ណ្ណដែល CDC ផ្តល់ឲ្យក្រុមហ៊ុននាអំឡុងពេលនេះអាចជាគម្រោងវិនិយោគដែលបានស្នើពីមុនមក ព្រោះមុននឹងផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់ក្រុមហ៊ុនណាមួយ CDC តែងតែមានគណៈកម្មការចុះទៅធ្វើការសិក្សា និងវាយតម្លៃជាមុនសិន។
លោកបានថ្លែងថា៖ «គម្រោងដែល CDC អនុម័តនៅក្នុងអំឡុងពេលនេះ អាចជាគម្រោងដែលត្រូវបានក្រុមហ៊ុនវិនិយោគដាក់ពាក្យស្នើសុំមក CDC តាំងពីមុនពេលពិភពលោកជួបវិបត្តិកូវីដ ១៩ មកម្ល៉េះ»។
ទោះយ៉ាងណាលោក វណ្ណៈ បានអះអាងថាកម្ពុជាគឺជាប្រទេសដែលមានលក្ខណៈអំណោយផលច្រើនសម្រាប់ការចូលមកបណ្តាក់ទុនលើគ្រប់វិស័យ។
កាលពីថ្ងៃអង្គារធនាគារពិភពលោក (WB) បានចេញរបាយការណ៍មួយដោយបានព្យាករថា កំណើនសេដ្ឋកិច្ចពិតរបស់កម្ពុជានឹងធ្លាក់ចុះខ្លាំងមកនៅត្រឹម ២,៥ ភាគរយ ក្នុងឆ្នាំនេះ ប៉ុន្តែការស្ទុះងើបឡើងវិញ ៥,៩ ភាគរយ ក្នុងឆ្នាំ ២០២១ គឺស្ថិតនៅក្រោមសេណារីយោមូលដ្ឋាន។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសែនសាន កាលពីថ្ងៃពុធបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមិនបដិសេធហើយក៏មិនឯកភាពលើការព្យាករដោយធនាគារពិភពលោកលើការទម្លាក់កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះ ដោយលើកឡើងថា រដ្ឋាភិបាលនៅតែប្រើប្រាស់ការព្យាករលើកមុនចំនួន ៦ ភាគរយ ទោះបីជាផលប៉ះពាល់ដោយសារតែកូវីដ ១៩ ក៏ដោយ។
លោកលើកឡើងថា៖ «រហូតមកទល់ពេលនេះរដ្ឋាភិបាលមិនទាន់ធ្វើការវាយតម្លៃណាមួយលើផលប៉ះពាល់សេដ្ឋកិច្ចនោះទេ។ យើងកំពុងត្រួតពិនិត្យទិដ្ឋភាពទាំងអស់នៃសេដ្ឋកិច្ចមុនពេលយើងធ្វើការវាយតម្លៃជាថ្មីសម្រាប់សេដ្ឋកិច្ច»៕ LA