ភ្នំពេញៈ រដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនឯកជនផលិត និងនាំចេញនូវមុខទំនិញការពារជំងឺឆ្លង (PPE) ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដែលនាំឲ្យមានតម្រូវការសម្ភារទាំងនេះយ៉ាងខ្លាំងនៅទីផ្សារអន្តរជាតិ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃពុធ ឆ្លើយតបតាមការស្នើសុំរបស់សមាគមរោងចក្រកាត់ដេរ (GMAC) ដោយសម្រេចឲ្យនាំចេញនូវមុខទំនិញការពារជំងឺឆ្លងគ្រប់ប្រភេទក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ក្នុងបរិការណ៍នៃការរាតត្បាតវីរុសនេះដែលកម្ពុជា និង សកលលោកកំពុងមានតម្រូវការម៉ាស់គ្រប់ប្រភេទ និងសម្ភារពេទ្យ និងសម្លៀកបំពាក់សម្រាប់ការពារជំងឺឆ្លង រាជរដ្ឋាភិបាលគាំទ្រ និងលើកទឹកចិត្តឲ្យបណ្តារោងចក្រកាត់ដេរនៅកម្ពុជាចូលរួមធ្វើការផលិតសម្ភារការពារជំងឺឆ្លង សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបម្រើការនាំចេញ។
បើយោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ បច្ចុប្បន្នមានរោងចក្រចំនួន ៧ និង សិប្បកម្មចំនួន ៧ មូលដ្ឋាន ដោយមួយចំនួនក្នុងចំណោមនេះកំពុងផលិតសម្ភារបរិក្ខារការពារជំងឺឆ្លងរួចស្រេចទៅហើយ និងមួយចំនួនទៀតបានសុំចុះបញ្ជីផលិតម៉ាស់ និងសម្លៀកបំពាក់ពេទ្យ។
បើតាមក្រសួងនេះដដែល ប្រសិនបើរោងចក្រនឹងសិប្បកម្មទាំងនោះដំណើរការផលិតកម្មព្រមគ្នានោះកម្ពុជានឹងមានសមត្ថភាពផលិតម៉ាស់ប្រមាណ ១៣៨ លាន សម្លៀកបំពាក់ពេទ្យប្រមាណ ២០,៧ លាន និងមួកពេទ្យប្រមាណ ៩,៦ លានក្នុង ១ ខែ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC ឲ្យដឹងថា ការសម្រេចរបស់រដ្ឋាភិបាលនេះគឺជាការគិតគូរដ៏ល្អដែលជួយវិស័យឯកជន និងជួយរួមចំណែកដល់ការរក្សាការងាររបស់កម្មករនិយោជិត ខណៈការបញ្ជាទិញសម្លៀកបំពាក់មានការធ្លាក់ចុះក្នុងអំឡុងពេលមានវិបត្តិនៃវីរុសកូរ៉ូណាដែលបានរាលរហូតដល់ជុំវិញពិភពលោក។ ការសម្រេចនេះក៏នឹងជំរុញការនាំចេញទំនិញរបស់កម្ពុជាផងដែរ។
លោកថ្លែងថា៖ «មកទល់ពេលនេះមិនទាន់មានរោងចក្រច្រើនទេដែលបានពង្រីកមុខសញ្ញាផលិតកម្ម ក្រៅពីការផលិតសម្លៀកបំពាក់ដែលមានស្រាប់ ហើយផលិតកម្មទៀតសោតពឹងអាស្រ័យលើការបញ្ជាទិញពីខាងក្រៅផងដែរ»។
លោកបានឲ្យដឹងថា ដើម្បីពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម រោងចក្រត្រូវបំពេញនីតិវិធីស្នើសុំការអនុញ្ញាតដំបូងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បន្ទាប់មកស្នើសុំទៅកាន់ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងសុខាភិបាល។
លោកបញ្ជាក់ថា៖ «ជាមួយនឹងការលើកទឹកចិត្តពីរដ្ឋាភិបាលនេះ យើងសង្ឃឹមថា នីតិវិធីស្នើសុំដែលត្រូវបំពេញនឹងចំណាយពេលវេលាកាន់តែឆាប់ ដោយមានការសម្រួល ជាពិសេសពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ»។
លោកបានបញ្ជាក់ថា មានរោងចក្រមួយចំនួនបានរៀបចំដាក់ពាក្យស្នើសុំពង្រីកមុខសញ្ញាផលិតកម្មបណ្តើរៗហើយ។
លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករក៏បានសម្រេចអនុញ្ញាតការនាំចេញម៉ាស់គ្រប់ប្រភេទដោយមិនចាំបាច់ឆ្លងកាត់ការអនុញ្ញាតពីក្រសួងសុខាភិបាលទៀតឡើយ។ នេះបើយោងតាមលិខិតចុះថ្ងៃទី ៤ ខែឧសភា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមេសាបានថ្លែងថា រដ្ឋាភិបាលត្រូវការម៉ាស់ក្នុងស្តុកយ៉ាងតិចចំនួន ១០ លានម៉ាស់ សម្លៀកបំពាក់ពេទ្យយ៉ាងតិច ៥ ០០០ សម្រាប់ ដើម្បីត្រៀមបង្ការ៕