
សកម្មភាពជួសជុលផ្លូវនៅក្នុងរាជធានីភ្នំពេញ កន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជា បានបង្ហាញពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួនកាន់តែប្រសើរ ជាមួយលទ្ធភាពក្នុងការបង្កើនប្រាក់ចំណូល និងការចំណាយពីរដងនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ជានិន្នាការមួយដែលរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុបានថ្លែងថា កំពុងជំរុញកម្ពុជាឆ្ពោះទៅរកឯករាជ្យភាពជាងមុនផ្នែកថវិកា។
ថ្លែងនៅក្នុងសន្និសីទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៧ និងការវាយតម្លៃសមិទ្ធផល ៥ ឆ្នាំនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃសុក្រនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ចំណូលថវិការដ្ឋបច្ចុប្បន្នរបស់ប្រទេសកម្ពុជា បានកើនឡើងជិតពីរដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពោលគឺពី ២,២ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៣ ដល់ ៤,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលអាចឲ្យរដ្ឋាភិបាលបង្កើនការចំណាយសម្រាប់ សេវាសាធារណៈកាន់តែប្រសើរ និងការចំណាយលើការវិនិយោគសាធារណៈ។
លោកថ្លែងថា ក្នុងអំឡុង៥ឆ្នាំចុងក្រោយនេះ ការចំណាយសរុបនៃថវិការដ្ឋ បានកើនឡើងជិតពីរដង ខណៈសមាមាត្រប្រាក់ចំណូលថវិកា បានពីប្រភពខាងក្រៅប្រទេសបានធ្លាក់ចុះពីជិត ៧០ ភាគរយ កាលពីឆ្នាំ ១៩៩៥ មកនៅ ២១,៤ ភាគរយប៉ុណ្ណោះកាលពីឆ្នាំ ២០១៧ ហើយនឹងបន្តធ្លាក់ចុះតិចជាង២០ភាគរយត្រឹមឆ្នាំ២០១៨។
លោកថ្លែងថា៖ «ប្រការនេះ គឺជាការសបញ្ជាក់ឱ្យឃើញថា កម្ពុជាកាន់តែមានឯករាជ្យភាពខាងថវិកាជាងមុន និង កាន់តែមានភាពជាម្ចាស់ជាងមុន» ។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានថ្លែងថា ការសម្រេចបានជាងប្រាំឆ្នាំចុងក្រោយនេះ គឺជាអ្វីដែលគួរស្វាគមន៍ ហើយបញ្ជាក់ថាកម្ពុជា នៅបន្តពឹងផ្អែកលើមូលនិធិបរទេស ក្នុងការបង្កើនការអភិវឌ្ឍប្រទេស និងថ្លែងថា ប្រទេសនេះឈានដល់ស្ថានភាពហិរញ្ញវត្ថុប្រសើរ មានន័យថា ប្រទេសកម្ពុជាអាចកាត់បន្ថយភាពចាំបាច់ក្នុងការពឹងផ្អែកលើជំនួយបរទេស។
លោកថ្លែងថា៖ «កាលពីមុន នៅពេលយើងពឹងផ្អែកលើជំនួយបរទេស ប្រសិនបើពួកគេមិនផ្ដល់ជំនួយ ឬកម្ចី យើងនឹងយ៉ាប់»។
លោកបន្តថា៖ «ចាប់ពីនេះតទៅ ទោះបីជាពួកគេមិនផ្ដល់កម្ចី ឬជំនួយឥតសំណងក៏ដោយ ក៏យើងនៅតែអាចរស់រាន និងអភិវឌ្ឍបាន។ ប៉ុន្តែវាគ្រាន់តែថា ប្រសិនបើពួកគេផ្ដល់កម្ចី យើងនឹងទទួលបានកំណើនកាន់តែធំ»។
យោងតាមលោកសុផល ប្រទេសកម្ពុជានៅតែត្រូវការមូលនិធិច្រើន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាការកែលម្អផ្លូវថ្នល់ និងស្ពាន និងការកែលម្អប្រព័ន្ធអប់រំមូលដ្ឋាន៕ LA