
គម្រោងសាងសង់ផ្លូវល្បឿនលឿនផ្លូវ (Express Way) ដែលនឹងភ្ជាប់ពីកំពង់ផែអន្តរជាតិក្រុង ព្រះសីហនុ ទៅកាន់ ទីក្រុង ភ្នំពេញ។ AFP
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ខ្លួនកំពុងធ្វើការយ៉ាងសកម្មជាមួយក្រុមហ៊ុន China Road & Bridge Corporation ដើម្បីជំរុញការចាប់ផ្តើមការសាងសង់ផ្លូវល្បឿនលឿន (Express Way) ដែលតភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្ត ព្រះសីហនុ ឲ្យបាននៅចុងខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ។ នេះបើយោងតាមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវល្បឿនលឿន ដែលគ្រោងសាងសង់នាពេលខាងមុខនឹងត្រូវធ្វើលើគ្រឹះថ្មីសុទ្ធសាធដោយមានចម្ងាយសរុប ១៩០ គីឡូម៉ែត្រ ខណៈផ្លូវជាតិលេខ ៤ ដែលកំពុងប្រើប្រាស់បច្ចុប្បន្នមានចម្ងាយ ២៣២ គីឡូម៉ែត្រ។ ផ្លូវថ្មីនេះចេញពីភ្នំពេញត្រង់ចំណុចផ្លូវបំបែកទំនប់កប់ស្រូវ។ តាមផែនការផ្លូវនេះនឹងប្រើពេលសាងសង់ចំនួន ៤៨ ខែក្នុងតម្លៃវិនិយោគ ១,៩ ពាន់លានដុល្លារ។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា រដ្ឋមន្ត្រីបាននិងកំពុងជំរុញកិច្ចការនេះជាមួយក្រុមហ៊ុនចិនដើម្បីអាចឲ្យការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះបើកក្នុងពេលឆាប់ៗ។
លោកថ្លែងថា៖ «ក្នុងរយៈពេល ២-៣ សប្តាហ៍ចុងក្រោយនេះ ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចំនួន ២ លើកដើម្បីជំរុញឲ្យការសាងសង់ផ្លូវល្បឿនលឿន ដែលអាចចាប់ផ្តើមបាននៅចុងខែវិច្ឆិកាខាងមុខ»។
បើតាមលោក សូរិយា បច្ចុប្បន្នក្រុមហ៊ុន China Road & Bridge Corporation បានចាប់ផ្តើមធ្វើរបងការដ្ឋាននៅចំណុចមួយចំនួនហើយ។
ផ្លូវល្បឿនលឿននេះមានទទឹង ២៤ ម៉ែត្រ ដែលមានបួនគន្លងទៅមកជាមួយនឹងសួនច្បារនៅចំកណ្តាល និងមានរបងនៅសងខាងដើម្បីការពារកុំឲ្យមានសត្វឆ្លងកាត់។
កន្លងមករដ្ឋាភិបាលបានប្រកាសថា នឹងចាប់ផ្តើមគម្រោងសាងសង់ផ្លូវល្បឿនលឿននៅចុងឆ្នាំ ២០១៧ ប៉ុន្តែត្រូវបានពន្យាររហូតមកដល់ពេលនេះ។ រដ្ឋាភិបាលក៏បានបង្ហាញពីបំណងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតជាប់ព្រំដែនវៀតណាមផងដែរ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាបានប្រាប់ថា ការមានផ្លូវថ្មីបន្ថែមជារឿងដែលគ្រប់វិស័យទាំងអស់កំពុងរង់ចាំ ព្រោះសមត្ថភាពលើការប្រើប្រាស់ផ្លូវជាតិលេខ ៤ នាពេលនេះកាន់តែរួមតូចខណៈតម្រូវការកាន់តែកើនឡើង។
លោកថ្លែងថា៖ «ចរាចរតាមផ្លូវជាតិលេខ ៤ តែងជួបបញ្ហាទឹកជំនន់ជារៀងរាល់ឆ្នាំ ជាក់ស្តែងក្នុងឆ្នាំ ២០១៨ នេះការធ្វើដំណើរតាមផ្លូវនេះត្រូវបិទចំនួន ២ លើក ដែលធ្វើឲ្យការដឹកជញ្ជូនត្រូវខកពេល ឬត្រូវវាងទៅផ្លូវជាតិលេខ ៣ ដែលមានចម្ងាយឆ្ងាយ»។
លោកបន្តថា៖ «ផ្លូវថ្មីនឹងមានការប្រើប្រាស់ច្រើន ព្រោះមានចម្ងាយជិត បើកបរបានលឿន និងមិនបារម្ភពីគ្រោះថ្នាក់»៕LA