ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះពី ៦,៥ ភាគរយដែលព្យាករពីមុនមកនៅត្រឹម ៦,១ ភាគរយដោយលើកឡើងពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ពិសេសការផ្ទុះវីរុសកូរ៉ូណានៅទីក្រុងវូហានដែលកំពុងរីករាលដាល និងការប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពីសហភាពអឺរ៉ុប EBA។
លោក ផាន ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២០ កាលពីថ្ងៃព្រហស្បតិ៍ថាទោះបីជាភាពតានតឹងដោយសារសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិកបានធូរស្បើយបន្តិចក៏ដោយ ក៏សេដ្ឋកិច្ចរបស់ពួកគេនៅតែធ្លាក់ចុះដោយសារការប្រែប្រួលអាកាសធាតុ ភូមិសាស្ដ្រនយោបាយ ហើយជាពិសេសការផ្ទុះវីរុសកូរ៉ូណានៅទីក្រុងដ៏ប្រល័យដែលនឹងរារាំងកំណើនសេដ្ឋកិច្ចពិភពលោក។
លោកថ្លែងថា៖ «ការព្យាករសេដ្ឋកិច្ចរបស់យើងសម្រាប់ឆ្នាំ ២០២០ នឹងស្ថិតក្នុងចំនួន ៦,១ ភាគរយ ធ្លាក់ចុះពីការព្យាករលើកមុន ៦,៥ ភាគរយ»។ ការធ្លាក់ចុះនេះគឺដោយសារតែកំណើនយឺតរបស់វិស័យកសិកម្ម ការធ្លាក់ចុះផ្នែកសំណង់ ទេសចរណ៍ និងការនាំចេញសម្លៀកបំពាក់។
លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលដឹកនាំវេទិកានេះបានឲ្យដឹងថា ការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ចក្នុងរយៈពេល ២ ខែចុងក្រោយកាលពីឆ្នាំមុន ដោយសាររដ្ឋាភិបាលបានហាមឃាត់ការលេងល្បែងភ្នាល់អនឡាញដែលជំរុញឲ្យវិស័យផ្សេងទៀតធ្លាក់ចុះ ជាពិសេសវិស័យសំណង់ អចលនទ្រព្យ និងទេសចរណ៍ ហើយវាបន្តរហូតមកដល់ពេលនេះ។
លោកថ្លែងថា៖ «ពិតហើយកាលពីឆ្នាំមុន ទោះបីជាយើងប្រឈមនឹងបញ្ហាមួយចំនួនក៏ដោយ ក៏សេដ្ឋកិច្ចរបស់យើងនៅតែរឹងមាំ ខណៈយើងអាចសម្រេចបានយ៉ាងហោចណាស់ ៧ ភាគរយ។ នៅពេលនេះយើងកំពុងប្រឈមនឹងការរីករាលដាលរបស់វីរុសកូរ៉ូណាថ្មីពីប្រទេសចិនដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិន ដូច្នេះវាច្បាស់ណាស់វានឹងប៉ះពាល់ដល់យើង ដោយសារតែប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចឈានមុខគេរបស់យើង»។
ខណៈប្រព័ន្ធអនុគ្រោះពន្ធ EBA ក្លាយជាការបារម្ភដ៏សំខាន់មួយដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំនេះ លោក វង្ស៊ី វិសុទ្ធ បានឲ្យដឹងថា សហភាពអឺរ៉ុបនឹងហូតពន្ធ ២០ ភាគរយមួយផ្នែកលើសម្លៀកបំពាក់ និង ៣០ ភាគរយលើផលិតផលស្បែកជើងពីប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ផ្អែកលើការគណនារបស់យើង ការដកមួយផ្នែកនៃ EBA នឹងប៉ះពាល់លើការនាំចេញរបស់យើងមានតម្លៃ ៥០០ លានដុល្លារ នេះគឺជាព័ត៌មានក្រៅផ្លូវការដែលយើងទទួលបាន ប៉ុន្តែយើងត្រូវតែរង់ចាំមើល ព័ត៌មានពិតប្រាកដពី EU នឹងប្រកាសនៅថ្ងៃទី ១២ ខែកុម្ភៈ»។
លោកបញ្ជាក់ថា មានឧស្សាហកម្មផ្សេងទៀតពីរនឹងស្រូបយកទី ១ ការបង្កើនការនាំចេញ ទៅអាមេរិកនឹងស្រូបយកការងារកាន់តែច្រើន និងទី ២ គឺការបង្កើនការងារកាន់តែច្រើននៅក្នុងឧស្សាហកម្មមិនមែនកាត់ដេរ។
លោកថ្លែងថា៖ «ខ្ញុំគិតថាជាមួយនឹងការបាត់បង់ការងារប្រហែល ៣៥ ០០០ មិនគួរជាការបារម្ភដ៏ធំសម្រាប់ពួកយើងនោះទេ ដោយសារតែយើងមានឧស្សាហកម្មផ្សេងទៀតសម្រាប់ប៉ះប៉ូវ។ អ្នកត្រូវតែដឹងថា យូរនិងឆាប់យើងនឹងបាត់បង់ EBA ដូច្នេះយើងត្រូវតែត្រៀមខ្លួនឲ្យបានល្អ»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)បានឲ្យដឹងថា ពន្ធនាំចេញដែលយីហោ/អ្នកទិញត្រូវតែចំណាយឲ្យគយសហភាពអឺរ៉ុបផ្នែកមួយនៃបន្ទុកចំណាយនេះនឹងត្រូវបន្តឲ្យក្រុមហ៊ុនផលិតក្នុងស្រុកនៅទីនេះក្នុងទម្រង់នៃការបន្ទាបតម្លៃ FOB។
លោកបន្តថា៖ «យើងចាំបាច់ត្រូវសន្សំការចំណាយក្នុងស្រុករបស់យើង ដូច្នេះយើងអាចចែករំលែកបន្ទុកជាមួយអ្នកទិញ ដើម្បីរក្សាការបញ្ជាទិញរបស់ពួកគេនៅទីនេះនៅក្នុងប្រទេស កម្ពុជា។ អាស្រ័យហេតុនេះ យើងអំពាវនាវឲ្យរដ្ឋាភិបាលត្រូវជួយកាត់បន្ថយការចំណាយលើការធ្វើអាជីវកម្មរបស់យើង»។
លោកបានបញ្ជាក់ថា៖ «តម្លៃអគ្គិសនីរបស់យើងខ្ពស់ ប៉ុន្តែការប្រកួតប្រជែងយើងទាបជាងដៃគូប្រកួតប្រជែងរបស់យើង។ ការអនុវត្តផែនការសោធននៅពេលខាងមុខគឺជាបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរផ្សេងទៀត និងមិនសមនឹងត្រូវអនុវត្តនៅក្នុងគ្រានៃភាពចលាចលនោះទេ»។
លោក ផាន ផល្លា បានឲ្យដឹងថា ខណៈការនាំចេញសម្លៀកបំពាក់របស់ប្រទេស កម្ពុជា ទៅអឺរ៉ុបបានធ្លាក់ចុះរួចហើយប្រហែល ១ ភាគរយ កាលពីឆ្នាំមុនការនាំចេញនឹងបន្តធ្លាក់ចុះបន្តិចទៀត ឬនៅទ្រឹងដោយសារតែប៉ះពាល់នៃ EBA នៅឆ្នាំនេះ។ ទោះបីយ៉ាងណាការធ្លាក់ចុះនេះនឹងត្រូវប៉ះប៉ូវដោយទីផ្សារអាមេរិក។
លោកថ្លែងថា៖ «ការធ្លាក់ចុះនេះនឹងត្រូវប៉ះប៉ូវដោយកំណើននាំចេញទៅអាមេរិក។ ដូច្នេះយើងមិនមានការបារម្ភច្រើនអំពីវិស័យកាត់ដេរនោះទេ»។
ការនាំចេញរបស់កម្ពុជាទៅអាមេរិកបានកើនឡើងជាង ៣០ ភាគរយ កាលពីឆ្នាំ ២០១៨ និង ៤៧ ភាគរយ កាលពីឆ្នាំ ២០១៩។ ការនាំចេញសរុបនៃផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង (GTF) របស់កម្ពុជាមានតម្លៃជាង ៧,៩៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំមុនកើនឡើង ១៣,១៨ ភាគរយ ធៀបនឹង ៧,០៤៤ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨៕LA