ភ្នំពេញ: រដ្ឋាភិបាល និង​វិស័យ​ឯកជន​កំពុង​ខិតខំ​ប្រឹងប្រែង​កែទម្រង់​តម្លៃ​សេវាកម្ម​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ឡូជីស្ទីក ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង និង​ទាក់ទាញ​វិនិយោគិន​បន្ថែមទៀត ខណៈ​សហភាព​អឺរ៉ុប​នឹង​ធ្វើ​សេចក្តី​សម្រេច​ចុងក្រោយ​ពាក់ព័ន្ធ​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​ខែក្រោយ​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​ (CAMFFA) បាន​ឲ្យ​ដឹងថា កាលពី​សប្តាហ៍​មុន​លោក និង​តំណាង​មកពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ជួបពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ដើម្បី​ពិភាក្សា​ពី​ការបញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ទំនិញ​នាំចេញ-ចូល និង​ឡូជីស្ទីក ប៉ុន្តែ​លោក​មិនទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បាន​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ខិតខំ​ធ្វើ​យ៉ាងខ្លាំង​ដើម្បី​ឲ្យ​តម្លៃ​វា​ចុះ​ទាប ដើម្បី​ឆ្លើយតប​ទៅ​វិស័យ​រោងចក្រ និង​វិនិយោគ​រួម​តម្លៃ​ឡូជីស្ទីក និង​តម្លៃ​សេវា​ផ្សេងៗ​ទៀត​»​។ លោក​ថ្លែង​​ថា​៖ «​យើង​មាន​គោលដៅ​មួយ​ចំនួន ដើម្បី​ធ្វើឲ្យ​តម្លៃ​ប្រសើរ​ជាង​មុន ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ក៏ដូចជា​ទប់ទល់​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅពេល​ខាងមុខ​។ យើង​អាច​នឹង​បង់ពន្ធ​យ៉ាងតិច​ ១០ ​ភាគរយ ដូច្នេះ​នេះ​ជា​គោលដៅ​របស់​យើង​»​។

រដ្ឋាភិបាល​បាន​ត្រៀម​ទឹកប្រាក់​ប្រមាណ ៣ ​ពាន់​លាន​ដុល្លារ​ ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ដែល​អាច​កើតមានឡើង​ពី​ភាពអនុគ្រោះ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប​។

ទន្ទឹម​នឹង​នេះ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) បានកំណត់​ទិសដៅ​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំនេះ​ពាក់ព័ន្ធ​នឹង​កម្រៃ​សេវា​ទំនិញ​ចេញចូល​ដើម្បី​ជំរុញ​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ GMAC​។ GMAC ​បាន​ឲ្យ​ដឹងថា​៖ «​កម្ពុជា​ត្រូវ​រក្សា​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់​ដើម្បី​រក្សា​អ្នកវិនិយោគ​មាន​ស្រាប់ និង​ទាក់ទាញ​បន្ថែមទៀត​នូវ​អ្នកវិនិយោគ​ថ្មីៗ​»​។

ដើម្បី​ជំរុញ​ភាពប្រកួតប្រជែង​លើ​សេវាកម្ម​នាំចេញ-ចូល រដ្ឋាភិបាល​បាននិង​កំពុង​ធ្វើការ​បញ្ចុះ​តម្លៃ​សេវា​មួយចំនួន​នៅតាម​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។ នេះ​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២០ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

របាយការណ៍​បង្ហាញថា ការបញ្ចុះតម្លៃ​ទាំងនោះ រួមមាន ទី​ ១ ការបញ្ចុះ​តម្លៃ​លើកដាក់​នៅ​ចំណត​មក​ត្រឹម ៥ ​ដុល្លារ​ក្នុង​មួយ TEU លើ​សេវា​លើកដាក់​កុងតឺន័រ​នៅ​ចំណត​។ ទី​ ២ ការបញ្ចុះតម្លៃ​សេវា CIC សម្រាប់​ភាពមិន​សមតុល្យ​រវាង​កុងតឺន័រ​ចេញ-ចូល​ប្រមាណ ១២ ដុល្លារ​ សម្រាប់​កុងតឺន័រ​ប្រភេទ ២០ ​ហ្វីត និង​ការ​បញ្ចុះតម្លៃ ៤០ ដុល្លារ​ សម្រាប់​កុងតឺន័រ​ប្រភេទ ៤០ ​ហ្វីត​។ ទី ​៣ ការបញ្ចុះតម្លៃ OFC នៃ​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ប្រមាណ ៥០ ​ភាគរយ​សម្រាប់​ការដឹកជញ្ជូន​ពាក់ព័ន្ធ​នឹង​ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន និង​ការមិន​គិតថ្លៃ​សេវា EBC របស់​ក្រុមហ៊ុន​មួយចំនួន​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹងថា ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា រដ្ឋាភិបាល​បាន​មាន​យន្តការ​មួយចំនួន​រួចទៅហើយ ដូចជា​ការលុបចោល​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ (CO) សម្រាប់​ប្រទេស​ដែល​មិនត្រូវ​ការវិញ្ញាបនបត្រ​នេះ​។ លោក​បន្តថា​៖ «​រដ្ឋាភិបាល​ក៏​កំពុង​អំពាវនាវ​ឲ្យ​អ្នក​នាំ​ចេញមក​ចុះបញ្ជី Registered Exporter System-REX របស់​សហភាព​អឺរ៉ុប​ឲ្យ​គ្រប់ៗ​គ្នា ដើម្បី​អាច​នាំ​ទំនិញ​ចេញទៅ​អឺរ៉ុប​ផងដែរ​»​។

កាលពី​ដើម​ខែមករា​ឆ្នាំ​នេះ រដ្ឋាភិបាល​បានសម្រេច​អនុម័ត​លើ​សេចក្តីព្រាង​ផែនការ​មេ​អន្តរកាល​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ និង​ភ័ស្តុភារកម្ម​ដែល​វា​នឹង​ជួយ​កាត់បន្ថយ​តម្លៃ​សេវា​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ឡូជីស្ទីក​។ ផែនការមេ​អន្តរកាល​បង្កើតឡើង​ក្នុង​គោលបំណង ដើម្បី​ពង្រឹក​ការដឹកជញ្ជូន ការលើកកម្ពស់​សមាហរណកម្ម ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅក្នុង​តំបន់​និង​ពិភពលោក និង​បង្កើន​ភាព​ប្រកួតប្រជែង​ផងដែរ​។

របាយការណ៍​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​បង្ហាញថា ទំនិញ​ប្រេងឥន្ធនៈ​ និង​ហ្គាស​ដឹក​ឆ្លងកាត់​កំពង់ផែ​ស្វ័យ​ភ្នំពេញ​កាលពី​ឆ្នាំមុន​មាន​ចំនួន​ជាង ៣,៨ ​លាន​តោន​ កើនឡើង ២២ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ដែល​មាន​ចំនួន​ជាង ៣,១ លាន​តោន​ ដែលមាន​​បរិមាណ​កុងតឺន័រ​ចំនួន ២៧៥ ០០០ TEUs កើនឡើង​ ២៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​មាន​ចំនួន ២១៣ ៥៧១ TEUs​។

របាយការណ៍​នេះ​ឲ្យ​ដឹង​ទៀតថា ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ក្នុង​ឆ្នាំ​ ២០១៩ មាន​ចំនួន​ជាង ៦,៥ លាន​តោន​ កើនឡើង​ ២២,៦០ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​មាន​ចំនួន​ជាង ៥,៨ លាន​តោន​ដោយ​បរិមាណ​កុងតឺន័រ​ធ្វើដំណើរ​ឆ្លងកាត់​មាន​ចំនួន ៦៣៣ ០៩៩ TEUs កើនឡើង​ ១៧ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន ៥៤១ ២២៨ TEUs៕