ភ្នំពេញៈ រដ្ឋាភិបាល​​​នៅ​សប្តាហ៍​​​នេះ​បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​បើក​ផ្លូវ​ឲ្យ​មាន​​ការ​កំណត់​ទីតាំង​ជាក់​លាក់​សម្រាប់​សាងសង់​​គម្រោង ​និង​សិក្សា​វាយ​តម្លៃ​ពី​ថ្លៃ​ដី​នៅ​តំបន់​គម្រោង​នេះ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​អនុម័ត​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ ២០១៧ លើ​គម្រោង​ស្នើសុំ​វិនិយោគ​បង្កើត​អាកាស​យានដ្ឋាន​ភ្នំពេញ​ថ្មី​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ Cambodia Airport Investment ​ជា​​ការ​វិនិយោគ​​រវាង​​ក្រុមហ៊ុន​ OCIC របស់​លោក ​ពុង ​ឃាវ​សែ និង​​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដែល​ជា​ស្ថាប័ន​រដ្ឋ។​

តាម​សេចក្តី​សម្រេច​​ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​​​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ១៨ ​កុម្ភៈ ​លោក​ ជា​ សុផារ៉ា ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ត្រូវ​បាន​​តែងតាំង​ជា​ប្រធាន​​គណៈកម្មការ​នេះ ខណៈ​លោក​ ម៉ៅ ហា​វណ្ណាល់​ ​​រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល គឺ​ជា​​អនុ​ប្រធាន។ គណៈកម្មការ​នេះ​មាន​សមាជិក​ ២១​ រូប ក្នុង​នោះ​​ ​មាន​​​លោក​ ម៉ៅ ​ភិរុណ ​​អភិបាល​ខេត្ត​កណ្តាល​​ជា​សមាជិក​អចិន្រៃ្តយ៍​។

សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល ​មិន​​បាន​លម្អិត​ទីតាំង ​សម្រាប់​ព្រលាន​យន្តហោះ​ថ្មី​នេះ​ទេ ​ប៉ុន្តែ​សមាជិក​នៅ​ក្នុង​​គណៈកម្មការ​នេះ ​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ កាល​ពី​ម្សិលមិញ​ថា សេចក្ដី​សម្រេច​ចិត្ត​នេះ​ សំដៅ​ទៅ​ព្រលាន​យន្តហោះ​នៅ​ខេត្ត​កណ្ដាល​ ដែល​កាល​ពី​ខែ​ធ្នូ​ឆ្នាំ ​២០១៧​ រដ្ឋាភិបាល​​អនុម័ត​សំណើ​វិនិយោគ​ពី​ក្រុមហ៊ុន Cambodia Airport Investment Co Ltd ដើម្បី​សាងសង់​ព្រលាន​យន្តហោះ​លើ​ផ្ទៃ​ដី​ទំហំ​ ២ ៦​០​០ ​ហិកតា​​មាន​តម្លៃ ​១,៥ ​ពាន់​លាន​​ដុល្លារ ​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។

ក្រុមហ៊ុន​ OCIC​ នឹង​គ្រប់គ្រង​ភាគហ៊ុន​ ​៩០ ​ភាគរយ​ ហើយ​ភាគហ៊ុន​​នៅ​សល់​បាន​ទៅ​លើ​ SSCA។​

គណៈកម្មការ​នេះ​នឹង​មាន​មុខងារ​ក្នុង​ការ​ត្រួត​ពិនិត្យ​ និង​កំណត់​ទីតាំង​​​ការដ្ឋាន​សម្រាប់​ព្រលាន​យន្តហោះ​​ថ្មី​នេះ ​វាយ​តម្លៃ​ដី ជួយ​សម្រួល​ដំណោះ​ស្រាយ​បញ្ហា​​ដី និង​សម្រប​សម្រួល​ជា​មួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី អនុវត្ត​​គម្រោង​នេះ។​​

មន្ដ្រី​មួយ​រូប​មក​ពី SSCA ​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិលមិញ​ថា​ ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​អាទិភាព​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដីធ្លី។ លោក​បន្ថែម​ថា បន្ទាប់​ពី​ព័ត៌មាន​អំពី​ការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ថ្មី​នេះ ​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​មុន ប្រជាជន​មួយ​ចំនួន​បាន​ទន្ទ្រាន​​យក​ដី ឬ​មួយ​ចំនួន​ទិញ​ដី ដើម្បី​កេង​ចំណេញ​ ដែល​រារាំង​ដល់​ការ​អនុវត្ត​គម្រោង​នេះ។​

លោក​ថែ្លង​ថា​៖ «​វា​អាច​ជា​បញ្ហារ​សើប​មួយ ​ហើយ​គណៈកម្មការ​នេះ​គួរ​តែ​ត្រូវ​ជូន​ដំណឹង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​ជាប់​ទាក់ទង​នឹង​បញ្ហា​ដីធ្លី​»។​​

លោក ​ម៉ៅ ​ភិរុណ​ អភិបាល​ខេត្ត​កណ្ដាល​ កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ ផែនការ​សម្រាប់​ព្រលាន​យន្តហោះ​ដែល​មាន​ទំហំដី​សរុប​ ២ ៦០០ ​ហិកតា​​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ ​​មួយ​ចំនួន​ជា​​កម្មសិទ្ធិ​របស់​រដ្ឋ មួយ​ចំនួន​ជា​កម្មសិទ្ធិ​​របស់​ក្រុមហ៊ុន​ និង​ដី​​ផ្នែក​មួយ​ចំនួន​​ជា​កម្មសិទ្ធិ​របស់​​ប្រជាជន​​។

លោក​​អះអាង​ថា ​មាន​​បញ្ហា​ទាក់ទង​នឹង​ជម្លោះ​ដី ​ប៉ុន្តែ​ថា​ វា​មិន​មែន​ជា​រឿង​ធំ​នោះ​ទេ​។​ លោក​ ​ភិរុណ ​មិន​ទាន់​អាច​​ប៉ាន់​ប្រមាណ​ថា តើ​គម្រោង​នេះ​នឹង​​ចាប់​ផ្តើម​នៅ​ពេល​ណា​​ទេ​ ខណៈ​​​កិច្ច​ប្រជុំ​មួយ​​​នឹង​ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​នេះ​​បង្កើត​ឡើង​។

លោក ​ច្រឹក​ សុខ​នីម ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលន​ទ្រព្យ​​កម្ពុជា​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ដី​នៅ​​តំបន់​គម្រោង​នេះ​ ភាគ​ច្រើន​គឺ​ជា​ដី​ទទេ ​ឬ​តំបន់​បឹង​ ដែល​​ភាគ​ច្រើន​មិន​ត្រូវ​បាន​គេ​ប្រើប្រាស់​​នោះ​ទេ។

លោក​បន្ថែម​ថា​ តម្លៃ​ដី​​កំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​មាន​ព័ត៌មាន​​ទាក់ទង​នឹង​ព្រលាន​យន្តហោះ​ថ្មី​នេះ។​

លោក​ថ្លែង​ថា​៖ «​​បើ​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​នេះ​នឹង​ត្រូវ​សម្រេច​បាន​ តម្លៃ​ដី​នៅ​ទី​នោះ​​នឹង​​កើន​​​​កាន់​តែ​ខ្លាំង​»៕LA