ភ្នំពេញៈ កម្ពុជាបានប្រកាសពង្រឹងការគ្រប់គ្រងការនាំចូលមុខទំនិញផលិតផលសម្រេចជាសម្បកកំប៉ុងភេសជ្ជៈ ដើម្បីបម្រើផលិតកម្មក្នុងប្រទេស។ នេះបើយោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផ្ញើជូនប្រធាននាយកដ្ឋានសាខា និងការិយាល័យគយ និងរដ្ឋាករ។
ក្នុងលិខិតដែលចុះហត្ថលេខាដោយ លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី ១៨ ខែឧសភាបានណែនាំឱ្យប្រធាននាយកដ្ឋានសាខា និងការិយាល័យគយ និងរដ្ឋាករត្រូវអនុវត្តគ្រប់គ្រងការនាំចូលមុខទំនិញផលិតផលសម្រេចជាសម្បកកំប៉ុងភេសជ្ជៈចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
លោក គុណ ញឹម លើកឡើងក្នុងលិខិតថាសេចក្តីណែនាំនេះ គឺយោងតាមរបាយការណ៍លទ្ធផលកិច្ចប្រជុំពិភាក្សារបស់ទីស្តីការគណៈរដ្ឋមន្ត្រីជាមួយតំណាងក្រុមហ៊ុន មេដៃ ជីប៊ី អេនធើប្រាយ (Medai G.B. Enterprise) ដែលផលិតស្រាបៀរ GANZBERG និងក្រុមហ៊ុនក្រោន បេវេរេដ ខេនស៍ (ខេមបូឌា) លីមីធីត (Crown Beverage Cans (Cambodia) Ltd.) ជុំវិញការផ្គត់ផ្គង់សម្បកកំប៉ុងស្រាបៀរកាលពីថ្ងៃទី ៣ ខែឧសភា។
លោក គុណ ញឹម បានបន្តទៀតថា មន្ត្រីពាក់ព័ន្ធត្រូវពង្រឹងចំពោះករណីអ្នកនាំចូលជានីតិបុគ្គលដែលមិនមានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងការផលិតភេសជ្ជៈត្រូវដាក់ជូនមន្ត្រីគយ និងរដ្ឋាករ មានសមត្ថកិច្ចនៅពេលនាំចូលមុខទំនិញសម្បកកំប៉ុងនូវលិខិតផ្ទេរសិទ្ធិដែលចេញដោយផលិតករភេសជ្ជៈក្នុងប្រទេស ដើម្បីបញ្ជាក់គោលដៅនៃការផ្គត់ផ្គង់ ហើយការបរិយាយមុខទំនិញលើឯកសារពាក់ព័ន្ធនានាត្រូវមានបញ្ជាក់អំពីម៉ាកសញ្ញាភេសជ្ជៈ (Label) នៃសម្បកកំប៉ុង។
លោកបញ្ជាក់ថា៖ «អាស្រ័យហេតុនេះសូមលោក លោកស្រីចាត់ចែងផ្សព្វផ្សាយឱ្យបានទូលាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ»។
មន្ត្រីរបស់ក្រុមហ៊ុន Medai G.B. Enterprise ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ក្រុមហ៊ុនរបស់លោកនឹងអនុវត្តតាមសេចក្តីណែនាំនេះ។ លោកប្រាប់ថា៖ «យើងនឹងគោរពតាមការណែនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ វាមិនមានបញ្ហាអ្វីទេព្រោះយើងកុម្ម៉ង់ទិញសម្បកកំប៉ុងពីក្រុមហ៊ុនផលិតក្នុងស្រុក»។
របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញថា នៅកម្ពុជាមានក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈចុះបញ្ជីនៅក្រសួងចំនួន ១០។
លទ្ធផលកិច្ចប្រជុំត្រីមាសទី១ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីខែមុនបង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលចំណូលបាន ៦១៤,៨ លានដុល្លារ ថយចុះ ១៥,២ ភាគរយធៀបត្រីមាសទី១ ឆ្នាំ ២០២០។
ចំណូលប្រចាំត្រីមាសទី១ ឆ្នាំនេះបើគិតតាមក្រុមប្រភេទទំនិញ គឺចំណូលពីយានយន្ត និងគ្រឿងចក្រមាន ៤៣,៥ ភាគរយនៃចំណូលសរុប ទំនិញចម្រុះ ២៧,៤ ភាគរយ ផលិតផលតេលសិលា (ប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងរំអិល) មាន ២២,៨ ភាគរយ និងសម្ភារសំណង់ និងកម្រៃផ្សេងៗមាន ៦,៣ ភាគរយ។
លោក គុណ ញឹម លើកឡើងថា ដើម្បីធ្វើឱ្យការប្រមូលចំណូលពន្ធគយបានគ្រប់ និងលើសផែនការកំណត់ គឺសូមឱ្យមន្ត្រីគយទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការពង្រឹងការកៀរគរចំណូលប្រកបដោយភាពសកម្ម បុរេសកម្ម និងវៃឆ្លាត ព្រមទាំងប្រើប្រាស់ឱ្យអស់សក្តានុពល បញ្ញាស្មារតី។
លោកបន្តថា វិធានការទាំងនោះមានដូចជា ការអនុវត្តតាមគោលនយោបាយ និងវិធានការនានារបស់រដ្ឋាភិបាល ការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងពង្រឹងអនុលោមភាព និងការបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសវិនិយោគតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងប្រើប្រាស់បច្ចេកវិទ្យា៕ LA