ភ្នំពេញៈ រដ្ឋាភិបាលបានបង្ហាញពីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោថ្មីនៅលើរមណីយដ្ឋានបូកគោ។ នេះបើតាមកិច្ចប្រជុំអន្តរក្រសួងកាលពីសប្តាហ៍មុន។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កាលពីសប្តាហ៍មុនបានដឹកនំាអន្តរក្រសួងបើកិច្ចប្រជុំស្តីពី ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងលើរមណីយដ្ឋានបូកគោ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រមាណ ៤២ គីឡូម៉ែត្រ ពីទីរួមខេត្តកំពត។
មិនអាចទាក់ទងមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីពន្យល់បន្ថែមពីផែនការនេះបានទេកាលពីថ្ងៃម្សិលមិញ។
ទោះជាយ៉ាងនេះក្តី លោក ជាវ តាយ អភិបាលខេត្តកំពតដែលបានចូលរួមកិច្ចប្រជុំនេះ បានប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា នេះគ្រាន់តែជាគម្រោងអភិវឌ្ឍន៍ដីត្រៀមទុកសម្រាប់បង្កើតក្រុងថ្មីនៅពេលណាដែលរដ្ឋាភិបាលមានគម្រោងបង្កើតក្រុងប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «គម្រោងនេះពាក់ព័ន្ធនឹងការអភិវឌ្ឍដីនៅលើភ្នំបូកគោ មិនមែនបានន័យថា គម្រោងបង្កើតតំបន់រដ្ឋបាលទេ គ្រាន់តែអភិវឌ្ឍដី ថ្ងៃក្រោយទៅបើមានគម្រោងក្រុងអ្វីទៅ យើងមានដីគ្រោងទុកស្រាប់»។
បើតាមទំព័រហ្វេសប៊ុកក្រសួងរៀបចំដែនដីឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងនេះ កាលពីថ្ងៃទី ២១ មិថុនា បានដឹកនំាកិច្ចប្រជុំស្តីពីប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អភិបាលខេត្តកំពត និងអភិបាលខេត្តព្រះសីហនុចូលរួមផងដែរ។
បើតាម លោក ជាវ តាយ គម្រោងនេះ សិក្សាលើទំហំដីចំនួនប្រមាណ ១៥ ម៉ឺនហិកតា លើភ្នំបូកគោដោយបែងចែកជាតំបន់ទេសភាពតាមជម្រាលភ្នំ។
រមណីយដ្ឋានឋានសួគ៌ភ្នំបូកគោ ត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុន សុខា អូតែល របស់លោក សុខ គង់ លើផ្ទៃដីទំហំដី ១៨ ៩៨៧ ហិកតា អភិវឌ្ឍសណ្ឋាគារ និង កាស៊ីណូ កាលពីខែ ឧសភា ឆ្នាំ ២០១២។
លោក គីម ហ៊ាន ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា បើមានការអភិវឌ្ឍទីក្រុងលើភ្នំបូកគោវាជាសញ្ញាវិជ្ជមានមួយចំពោះវិស័យអចលទ្រព្យ វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។ លោកបន្តថា៖ «វានឹងធ្វើឲ្យដីធ្លីនៅតំបន់នោះឡើងថ្លៃ ប្រជាជននៅជិតនោះ មានហាងឆេង ខណៈវាចំណេញដល់វិស័យទេសចរណ៍ផងដែរ ដោយសារភ្នំបូកគោយើងវាទាក់ទង់នឹងវិស័យទេសចរណ៍ស្រាប់»។
លោក គីម ហ៊ាន ជឿថា ការហូរចូលវិនិយោគិនចិនច្រើនមកប្រទេស កម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ អាចជាមូលហេតុមួយនំាឲ្យរដ្ឋាភិបាលមានផែនការសិក្សាដីសម្រាប់បង្កើតទីក្រុង។
លោកបន្តថា៖ «បើយើងនិយាយថាទេ វាអត់ត្រូវ ព្រោះអចលទ្រព្យយើងគឺជាបំពង់ទុយោហូរលុយច្រើនជាងគេគឺមកពីចិនហ្នឹងហើយ បើនិយាយមែនទែនទៅ ប្រសិនបើចិនអត់មក ដីស្រុកខ្មែរក៏មិនបានឡើងថ្លៃដូចសព្វថ្ងៃដែរ»។
ចិនបានក្លាយជាវិនិយោគិនបរទេសធំជាងគេរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលភាគច្រើនលើវិស័យសំណង់ និងកាស៊ីណូ ពិសេសនៅក្រុងព្រះសីហនុ។ ព័ត៌មានថ្មីៗនេះ ក៏បានលើកឡើងពីទិសដៅវិនិយោគថ្មីរបស់ចិនទៅខេត្តកំពតផងដែរ បន្ទាប់ពីក្រុងព្រះសីហនុ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំ ពី ២០១៣ ដល់ ២០១៧ ចិនបានក្លាយជាវិនិយោគិនបរទេសធំបំផុតរបស់កម្ពុជា ជាមួយទុនវិនិយោគ ៥,៣ ពាន់លានដុល្លារ ឬប្រហែល ១ ពាន់លានដុល្លារក្នុង ១ ឆ្នាំ៕LA