ភ្នំពេញៈ ក្រុមហ៊ុន SPHP (Cambodia)Co.,Ltd ដែលគ្រប់គ្រងដោយវិនិយោគិនជនជាតិកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារទទួលបានការយល់ព្រមពីរដ្ឋាភិបាលសម្រាប់គម្រោងអភិវឌ្ឍន៍ថាមពលវារីអគ្គិសនីដ៏ធំមួយជាមួយនឹងទុនវិនិយោគជាង ២៣១ លានដុល្លារនៅក្នុងខេត្តពោធិ៍សាត់។
ក្រុមហ៊ុននឹងធ្វើការវិនិយោគគម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានសមត្ថភាពអាចផលិតថាមពលអគ្គិសនី ៨០ មេហ្គាវ៉ាត់។
លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធថា ក្រសួងបានផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុននេះ ដើម្បីសិក្សាលទ្ធភាពនៅលើទីតាំងចាប់តាំងពីឆ្នាំ ២០១២។ ដោយមានលទ្ធភាពវិជ្ជមាន ក្រសួងក៏បានធ្វើសំណើស្វែងរកការយល់ព្រមពីរដ្ឋាភិបាលដើម្បីឲ្យក្រុមហ៊ុនអាចវិនិយោគលើគម្រោងនេះបាន។
លោកថ្លែងថា៖ «នេះជាក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងដំបូងគេដែលក្រសួងបានអនុញ្ញាតឲ្យវិនិយោគលើគម្រោងផលិតថាមពលវារីអគ្គិសនីនៅកម្ពុជា។ ក្រុមហ៊ុនកំពុងចាប់ផ្ដើមអភិវឌ្ឍគម្រោងនេះដោយគ្រោងបញ្ចប់ត្រឹមឆ្នាំ ២០២៣»។
លោក ហ្សូនា បានប្រាប់ទៀតថា កាលពីពេលថ្មីៗនេះក្រុមហ៊ុនក៏បានចុះកិច្ចព្រមព្រៀងរួចហើយជាមួយអគ្គិសនីកម្ពុជា សម្រាប់ការលក់ថាមពលទាំងអស់ដែលខ្លួនផលិតបានដើម្បីភ្ជាប់ទៅបណ្តាញជាតិជាមួយនឹងតម្លៃ ០,៧ សេនដុល្លារក្នុង ១ គីឡូវ៉ាត់ម៉ោង។
លោកអះអាងថា៖ «នេះគឺជាគម្រោងទំនប់វារីអគ្គិសនីទី ២ ក្នុងខេត្តពោធិ៍សាត់ ខណៈបច្ចុប្បន្នយើងដំណើរការរួចហើយនូវវារីអគ្គិសនីអាតៃដែលមានអានុភាព ១២០ មេហ្គាវ៉ាត់»។ លោកបន្ថែមថា ខេត្តនេះក៏បានទទួលគម្រោងសូឡា ២ ដែលមានសមត្ថភាពផលិត ៦០ មេហ្គាវ៉ាត់ក្នុងគម្រោងនីមួយៗ»។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងនៅក្នុងសន្និសីទព័ត៌មានកាលពីសប្ដាហ៍មុនថា ថ្មីៗនេះក្រុមហ៊ុន SPHP កំពុងអភិវឌ្ឍទីតាំងនេះដោយឈូសដី និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនលើទីតាំងអភិវឌ្ឍន៍។
កាលពីឆ្នាំ ២០១៩ កម្ពុជាផលិតថាមពលបាន ១១ ២៦១ ជីហ្គាវ៉ាត់ម៉ោង កើន ២១ ភាគរយធៀបនឹង ៩ ៤២៧ ជីហ្គាវ៉ាត់ម៉ោងកាលពីឆ្នាំ ២០១៨។ នេះបើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល៕LA