ក្រុងរីយ៉ាតៈ ពេល​នេះ​ស្ដ្រី​នៅ​ក្នុង​ប្រទេស​ អារ៉ាប៊ីសាអ៊ូឌីត ​អាច​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​ដោយ​មិន​ចាំបាច់​មាន​ការ​យល់ព្រម​ពី​ប្ដី ឬ​សាច់ញាតិ​បុរស​នោះ​ទេ ខណៈ​ដែល​ប្រទេស​នេះ​ជំរុញ​ឲ្យ​មាន​ការ​ពង្រីក​វិស័យ​ឯកជន​ឲ្យ​កាន់តែ​រីកចម្រើន​ឆាប់​រហ័ស​។

ការ​ផ្លាស់ប្តូរ​គោលនយោបាយ​ដែល​បាន​ប្រកាស​ដោយ​រដ្ឋាភិបាល​ អារ៉ាប៊ីសាអ៊ូឌីត ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បង្ហាញ​ជំហាន​ដ៏សំខាន់​មួយ​ចេញ​ពី​ប្រព័ន្ធ​គ្រប់គ្រង​ដ៏តឹងរ៉ឹង​ដែល​បាន​គ្រប់គ្រង​ប្រទេស​នេះ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។

ក្រសួង​ពាណិជ្ជកម្ម និង​ការវិនិយោគ​បាន​ឲ្យ​ដឹង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​៖ «​នៅ​ពេល​នេះ​ស្ដ្រី​អាច​ចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​ខ្លួន​បាន និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវា​អេឡិចត្រូនិក (​របស់​រដ្ឋាភិបាល​) ដោយ​មិន​ចាំបាច់​មាន​ការ​បង្ហាញ​ការ​យល់ព្រម​ពី​បុរស​នោះ​ទេ​»​។

ស្ថិត​ក្រោម​ប្រព័ន្ធ​គ្រប់គ្រង​របស់ អារ៉ាប៊ីសាអ៊ូឌីត ស្ដ្រី​ត្រូវ​តម្រូវ​ឲ្យ​បង្ហាញ​ភស្ដុតាង​នៃ​ការ​អនុញ្ញាត​ពី «​បុរស​ដែល​ជា​អាណាព្យាបាល​» ដូចជា​ប្ដី ឪពុក ឬ​បងប្រុស​ក្នុង​ការ​ធ្វើ​ក្រដាស​ស្នាម​រដ្ឋាភិបាល​ណា​មួយ​ការ​ធ្វើ​ដំណើរ ឬ​ការ​ចុះ​ឈ្មោះ​រៀន​។

អស់​រយៈពេល​យូរ​មក​ហើយ​ដែល​ប្រទេស​ពឹង​ផ្អែក​លើ​ការផលិត​ប្រេង​ឆៅ​សម្រាប់​ប្រាក់​ចំណូល​សេដ្ឋកិច្ច អារ៉ាប៊ីសាអ៊ូឌីត ​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ពង្រីក​វិស័យ​ឯកជន​របស់​ប្រទេស​​នេះ ដែល​រួម​មាន​ការ​បង្កើន​ការ​ផ្ដល់​ការងារ​ស្ដ្រី​ស្ថិត​ក្រោម​ផែនការ​កែទម្រង់​សម្រាប់​សម័យ​ក្រោយ​ប្រេង​។

ខណៈ​ស្ដ្រី​នៅ​តែ​ប្រឈម​នឹង​ការ​រឹតបន្តឹង​ជាច្រើន​ក្នុង​ប្រទេស​មូស្លីម​អភិរក្ស​យ៉ាង​ខ្លាំង​មួយ​នេះ ការិយាល័យ​ព្រះរាជអាជ្ញា​សាធារណៈ​របស់ ​អារ៉ាប៊ីសាអ៊ូឌីត ​នៅ​ខែ​នេះ​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ចាប់ផ្ដើម​ជ្រើសរើស​បុគ្គលិក​ស៊ើប​អង្កេត​ជា​ស្ដ្រី​ជា​លើក​ដំបូង​។

ប្រទេស​នេះ​បាន​បើក​ចំហ​មុខងារ​ ១៤០ ​កន្លែង​សម្រាប់​ស្ដ្រី​នៅ​ក្នុង​​ព្រលាន​យន្តហោះ និង​ច្រក​ឆ្លងកាត់​ព្រំដែន​ជា​ប្រវត្តិសាស្ដ្រ​ដំបូង​ដែល​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​បាន​ទាក់ទាញ​ស្ត្រី​ដាក់​ពាក្យ ១០៧ ០០០ ​នាក់​។

ព្រះអង្គម្ចាស់ Mohammed bin Salman ជា​រាជទាយាទ​ដ៏មាន​ឥទ្ធិពល​ចំពោះ​រាជបល្ល័ង្ក​ប្រទេស​ អារ៉ាប៊ីសាអ៊ូឌីត កំពុង​ដឹកនាំ​យុទ្ធនាការ​ក្នុង​ការ​ពង្រីក​តួនាទី​ស្ដ្រី​នៅ​ក្នុង​កម្លាំង​ពលកម្ម​ក្នុង​រយៈពេល​ជាច្រើន​ខែ​ថ្មីៗ​នេះ​។

ព្រះបិតា King Salman របស់​លោក​កាលពី​ខែ​កញ្ញា​បាន​យល់ព្រម​បញ្ចប់​ការ​ហាមឃាត់​រយៈពេល​ជាច្រើន​ទសវត្សរ៍​លើ​ការ​បើកបរ​ដែល​ចាប់ផ្ដើម​អនុវត្ត​កាលពី​ខែ​មិថុនា​។

ព្រះអង្គម្ចាស់​ព្រះជន​ ៣២ វស្សា​អង្គ​នេះ​បាន​សន្យា​ថា​នឹង «​បើក​ចំហ​ជា​មធ្យម​» នៅ​ប្រទេស​ អារ៉ាប៊ីសាអ៊ូឌីត ​កាលពី​ខែ​តុលា​ដែល​រំលោភ​លើ​ក្រុម​បព្វជិត​អភិរក្ស​ជ្រុលនិយម ជា​ការ​គាំទ្រ​ដល់​មុខមាត់​ដែល​ជា​តម្រូវការ​ចំពោះ​ក្រុម​វិនិយោគិន​បរទេស និង​យុវវ័យ​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត​។

ព្រះអង្គម្ចាស់ Mohammed ត្រូវ​បាន​មើលឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​ប្រធាន​ស្ថាបត្យករ​នៅ​ពី​ក្រោយ​កម្មវិធី​កែទម្រង់ «​ចក្ខុវិស័យ​ ២០៣០» របស់​ប្រទេស​ អារ៉ាប៊ីសាអ៊ូឌីត ដែល​ព្យាយាម​ក្នុង​ការ​បង្កើន​ភាគរយ​ស្ដ្រី​នៅ​ក្នុង​កម្លាំង​ពលកម្ម​ពី​ ២២ ​ភាគរយ​ដល់​ជិត ​១ ​ភាគ​ ៣៕ LA