
ទិដ្ឋភាពខាងក្នុងនៃរថភ្លើងដែលនឹងដាក់ដំណើរការសាកល្បងទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ទេព សូនី
ភ្នំពេញៈ ផ្លូវដែកថ្មីតភ្ជាប់រវាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងស្ថានីយរថភ្លើងគ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី ១០ ខែមេសា។ នេះបើយោងតាមមន្ដ្រីរដ្ឋាភិបាល និងមន្ដ្រីក្រុមហ៊ុន Royal Railways។
លោក ហឿន សំនៀង នាយករងខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គម្រោងនេះភាគច្រើនត្រូវបានបញ្ចប់ហើយ ដោយនៅមានភារកិច្ចបន្តិចបន្តួចប៉ុណ្ណោះដែលនៅសេសសល់។
លោកបានឲ្យដឹងកាលពីម្សិលមិញថា៖ «វានឹងកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលាសម្រាប់ការធ្វើដំណើរពីកណ្ដាលទីក្រុងទៅព្រលានយន្តហោះ»។
សេវានេះនឹងមិនគិតប្រាក់ក្នុងរយៈពេល ២ ខែកន្លះដំបូង។ នេះបើតាមលោក John Guiry អគ្គនាយកក្រុមហ៊ុន Royal Railways ដែលបានបដិសេធផ្ដល់តម្លៃនៅពេលអនាគត ប៉ុន្តែថ្លែងថាវានឹងមានតម្លៃទាបជាង រ៉ឺម៉កម៉ូតូ ឬតាក់ស៊ី។
លោក John Guiry ថ្លែងថា៖ «យើងនឹងព្យាយាមធ្វើឲ្យប្រជាជនប្រើប្រាស់វា និងមើលអ្វីដែលខ្លូនចូលចិត្ត និងទទួលបទពិសោធពីវា»។ លោកបន្ថែមថា ការធ្វើដំណើរចម្ងាយ ១០ គីឡូម៉ែត្រនឹងត្រូវការពេលវេលានៅចន្លោះពី ២២ ទៅ ៣០ នាទី តិចជាងជាមធ្យមនៃការជិះរ៉ឺម៉កម៉ូតូ ឬការជិះរថយន្តពីកណ្ដាលទីក្រុងទៅព្រលានយន្តហោះ។
ក្នុងដំណាក់កាលសាកល្បងនេះក្រុមហ៊ុន Royal Railways នឹងប្រើប្រាស់រថភ្លើងដែលមានស្រាប់របស់ខ្លួន មុនពេលរថភ្លើងដែលនាំចូលពីម៉ិកស៊ិកដឹកមកដល់។ រថភ្លើងដែលមានស្រាប់នេះអាចផ្ទុកអ្នកដំណើរបាន ១១០ ទៅ ១៣០ នាក់។ នៅពេលប្រតិបត្តិការចាប់ផ្ដើមរថភ្លើងនឹងចេញដំណើរពីស្ថានីយរៀងរាល់ ២៥ នាទីម្ដង។ នេះបើតាមលោក Guiry។
លោកថ្លែងថា៖ «យើងដំណើរការសាកល្បងរថភ្លើងរយៈពេលប្រហែល ៣ ទៅ ៤ សប្ដាហ៍ បន្ទាប់មករថភ្លើងនាំចូលមកពីប្រទេសម៉ិកស៊ិកនឹងដាក់ដំណើរការនៅចុងខែមេសា ឬដើមខែឧសភា»៕LA