ភ្នំពេញៈ សេវា​រថភ្លើង​ដឹក​អ្នក​ដំណើរ​តភ្ជាប់​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​ចាស់​ដែល​ទើប​ជួស​ជុល​រួច​ដែល​ធ្វើ​ឲ្យ​ល្បឿន​ធ្វើដំណើរ​នៅ​មាន​កម្រិត​នៅឡើយ​។

ការ​ជិះ​រថភ្លើង​ចម្ងាយ ៦៥ គីឡូម៉ែត្រ​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ក្រុង​បាត់ដំបង​នេះ នឹងមិន​យកប្រាក់​នោះទេ​សម្រាប់​អ្នកដំណើរ​រហូតដល់​ចុងខែ​កក្កដា ហើយ​នឹង​ត្រូវការ​រយៈ​ពេល​ប្រហែល ២ ម៉ោង​កន្លះ​ដើម្បី​ទៅដល់​ទីនោះ​។ នេះ​បើ​យោង​តាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ត្រួត​ពិនិត្យ​មើល​ការដាក់​ឲ្យ​ដំណើរការ​របស់​ផ្លូវ​ដែក​នេះ​។

ខ្សែ​រថភ្លើង​ថ្មី​នេ​បាន​ដាក់​ជាការ​បន្ទាប់ពី​ការបើក​ដំណើរការ​ផ្លូវ​រថភ្លើង​ប្រវែង​៤៨​គីឡូម៉ែត្រ​រវាង​ក្រុង​ប៉ោយប៉ែត​ជាប់​ព្រំដែន​ថៃ និង​ក្រុង​សិរីសោភ័ណ កាលពី​ថ្ងៃទី​៤ ខែមេសា​មក​។

នៅ​ក្នុង​ពិធី​បើក​ដំណើរការ​ផ្លូវដែក​ថ្មី​នេះ លោក ស៊ុន ចាន់ថុល បាន​ជំរុញ​ឲ្យ​អ្នកបើកបរ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​រថ ភ្លើង ហើយ​លោក​បាន​កត់​សម្គាល់​ថា រថភ្លើង​នេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបុក​គ្នា​រួច​ហើយ​ជាមួយ​រថយន្ត​ចំនួន​៣​គ្រឿង​កាលពី​ខែ​មុន​។

លោក ស៊ុន ចាន់ថុល បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ចង់​ស្នើ​ថា ប្រជាជន​នៅតាម​បណ្ដោយ​ផ្លូវដែក ឬ​ប្រជាជន​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ដែក​នេះ សូម​ប្រុងប្រយ័ត្ន​ខ្ពស់​»​។ លោក​បន្តថា​៖ «​រថភ្លើង​នេះ​មិន​មាន​ហ្វ្រាំង​ដើម្បី [​បញ្ឈប់​ភ្លាមៗ​] ដូច​រថយន្ត​នោះទេ​»​។

នៅ​ពេល​នេះ​ជាមួយ​នឹង​ការតភ្ជាប់​ផ្លូវដែក​រវាង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​បាត់ដំបង​រួច​ហើយ​នោះ ក្រសួង​គ្រោង​នឹង​បើក​ដំណើរការ​កំណាត់​ផ្លូវ​ដែក​ប្រវែង ១០៧ គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង​ទៅ​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​២៩ ខែ​ឧសភា មុន​ពេល​ធ្វើការ​ងា​រប​ន្ត​លើ​កំណាត់​ផ្លូវដែក​ប្រវែង ១៣៤ គីឡូម៉ែត្រ ពី​ពោធិ៍សាត់​ទៅ​បាត់ដឹង​នៅក្នុង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

លោក ស៊ុន ចាន់ថុល បញ្ជាក់​ថា ការ​ចំណាយ​សរុប​នៃ​ការស្តារ​ផ្លូវដែក​ពី​ក្រុង​ប៉ោយប៉ែត ទៅ​បាត់ដំបង​ត្រូវបាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន ៧៦,៦ លាន​ដុល្លារ ដោយ ១៣ លាន​ដុល្លារ​បាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ចំនួន​នៅសល់​បានមកពី​ថវិកា​របស់​រដ្ឋាភិបាល​។

កំណាត់​ផ្លូវដែក​នៅសល់ ៣២ គីឡូម៉ែត្រ​ពី​បាត់ដឹង​មក​ទីក្រុង​ភ្នំពេញ គ្រោង​នឹង​បញ្ចប់​ចុងក្រោយ​គេ ហើយ​សេវា​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត​ជាប់​ព្រំដែន​ថៃ ត្រូវបាន​កំណត់​ដាក់​ឲ្យ​ដំណើរការ​ត្រឹម​ចុង​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​លោក ស៊ុន ចាន់ថុល​។

ខណៈ​ពេល​ដែល​ការ​តភ្ជាប់​ផ្លូវដែក​រវាង​ក្រុង​ភ្នំពេញ និង​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុងស្ថិត​ក្នុង​ដំណើរការ​ផង​ដែរ​នោះ ការចរចា​ជាមួយ​ប្រទេស​ថៃ​នៅ​តែ​កំពុង​បន្ដ​ដំណើ​រការ ហើយ​លោក​រដ្ឋមន្ដ្រី មិន​បាន​ផ្ដល់​ការកំណត់​ពេលវេលា​សម្រាប់​ការបើក​ដំណើរការ​របស់​សេវា​នេះ​ទេ​។

លើស​ពី​នេះ លោក​រដ្ឋមន្ដ្រី​បាន​លើក​ឡើង​ថា កំណាត់​ផ្លូវដែក​ថ្មី​ពី​ក្រុងភ្នំពេញ ទៅ​ក្រុង​សៀមរាប ពី​ក្រុង​សៀមរាប​ទៅ​ក្រុង​ប៉ោយប៉ែត និង​ពី​ក្រុងភ្នំពេញ​ទៅ​ក្រុង​បាវិត​ព្រំដែន វៀតណាម កំពុង​សិក្សា​ដោយ​ក្រុមហ៊ុន​ឯកជន​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ផ្លូវដែក​ទាំងនេះ​កំពុង​ស្ថិតក្រោម​ការសិក្សា​ពី​លទ្ធភាព ហើយ​យើង​មិនទាន់​អនុម័ត​នៅ​ឡើយ​ទេ​»​។

ក្រុមហ៊ុន Royal Railways ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Royal Group របស់​លោក គិត ម៉េង ត្រូវ​បាន​ផ្ដល់​សម្បទាន​រយៈពេល ៣០ ឆ្នាំ ដើម្បី​ស្តារ​ឡើង​វិញ និង​ប្រតិបត្តិការ​ផ្លូវ​ដែក​ដែល​មាន​ស្រាប់​កាលពី​ឆ្នាំ ២០០៩ ប៉ុន្តែ​ផ្លូវ​ដែល​សាងសង់​ថ្មីៗ នឹង​បើក​ចំហ​សម្រាប់​ក្រុមហ៊ុន​ផ្សេង​ទៀត ដើម្បី​សាងសង់ និង​ប្រតិបត្តិការ​។ នេះ​បើ​យោង​តាម​លោក ច័ន្ទ សំឡេង ប្រធាន​នាយក​ដ្ឋាន​ផ្លូវ​ដែក​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕ LA