ក្រុង​មីលែនៈ ក្រុមហ៊ុន​ផលិ​ត​រថយន្ត​ស្ព័រ​របស់​ប្រទេស​ អ៊ីតាលី Lamborghini បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទថា ក្រុម​ហ៊ុន​របស់​ខ្លួន​បាន​កត់​ត្រា​ការ​លក់​ខ្ពស់​បំផុត​ថ្មីមួយ​ទៀត​ក្នុង​ឆ្នាំ ២០១៧​ ដោយ​បាន​ចែក​ចាយ​រថយន្ត​ចំនួន ៣ ៨១៥ ​គ្រឿង​ដល់​អតិថិជន​នៅ​ទូទាំង​ពិភពលោក ដែល​​កើន​ឡើង ១០,៣ ​ភាគ​រយ ​ធៀប​នឹង​ការ​លក់​ក្នុង​ឆ្នាំ ២០១៦។​

ក្រុមហ៊ុន​ Lamborghini ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Volkswagen បាន​​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា វា​គឺ​ជា​កំណើន​លក់​រយៈ​ពេល​ ៧ ​ឆ្នាំ​ជាប់​គ្នា​ ហើយ​ការ​ចែក​ចាយ​រថយន្ត​នៅ​ពេល​នេះ បាន​កើន​ឡើង​ជិត​ ៣​ ដង​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១០ ​មក។​

លោក Stefano Domenicali នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិ​ត​រថយន្ត​ស្ព័រ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «នៅ​ឆ្នាំ​ ២០១៧ រថយន្ត​ម៉ាក​ Lamborghini ត្រូវ​បាន​បង្ហាញ​ថា​ ជា​រថយន្ត​មាន​រាង​ល្អ​ជា​និច្ច»។​

នាយក​ប្រតិបត្តិ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា លទ្ធផល​នេះ​គឺ​សុទ្ធតែ​​ជា​លទ្ធផល​កាន់​តែ​ខ្ពស់ ដោយ​សារ​ជាក់​ស្តែង ក្រុមហ៊ុន​ផលិតរថយន្តមួយ​នេះ​ត្រៀម​ខ្លួន​ដាក់​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី និង​បាន​បង្កើន​សមត្ថភាព​ផលិត​រថយន្ត​ទ្វេរ​ដង​នៅ​រោង​ចក្រ​ផលិត​រថយន្ត​ធំ​របស់​ខ្លួន​នៅឃុំ​ Sant''Agata Bolognese​ នៃ​ទីក្រុង Bologna ។​

ក្រុមហ៊ុន​ Lamborghini កំពុង​រៀប​ចំ​ផែន​ការ​ដាក់​បង្ហាញ​រថយន្ត​ប្រភេទ SUV ថ្មី​ ដែល​មាន​ឈ្មោះ​ថា Urus នារដូវ​ក្តៅ​នេះ ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​បើក​បរ​លើ​ផ្លូវ​លំបាក។​​

ក្រុមហ៊ុន​​នេះ​ បាន​​បង្កើន​ទំហំ​នៃ​ទីតាំង​ផលិត​កម្ម​រថយន្ត​របស់​ខ្លួន​ពី​ ៨ ម៉ឺន​ម៉ែត្រ​ការ៉ែ ដល់​ ១៦ ​ម៉ឺនម៉ែត្រ​ការ៉េ ដែល​នឹង​ផ្តល់​លទ្ធភាព​ដល់​ក្រុមហ៊ុន​នេះ បង្កើន​ការ​ផលិត​រថយន្ត​ទ្វេរ​ដង​នៅ​ឆ្នាំ​ក្រោយ៕ AFP/BP