ភ្នំពេញ: គុណភាព​ការងារ​នៅ​កម្ពុជា​កំពុង​បង្ហាញ​ពី​ការកែលម្អ​កាន់តែ​ប្រសើរឡើង ប៉ុន្តែ​កម្ពុជា​ចាំបាច់​ត្រូវមាន​គោលនយោបាយ​ថ្មីៗ ដើម្បី​ទាញ​ប្រយោជន៍​ពី​ទីផ្សារ​ពិភពលោក​នៅពេល​អនាគត​។ នេះ​បើតាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​។

របាយការណ៍​ដែលមាន​ចំណងជើង​ថា «​អនាគត​ការងារ​នៅ​កម្ពុជា តំណ​ភ្ជាប់ ជាមួយ​សេដ្ឋកិច្ច​នាពេល​ខាង​មុខ​» ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បង្ហាញ​ថា ក្នុងចំណោម​ការងារ​ជាង​ ៨ ​លាន​ការងារ​នៅ​កម្ពុជា​មាន ៣៧ ភាគរយ​ជា​ការងារ​មាន​ប្រាក់​ឈ្នួល​ដែល​ភាគច្រើន​ផ្តល់ប្រាក់​ចំណូល​ខ្ពស់ និង​ការពារ​អត្ថប្រយោជន៍​បន្ថែម​ដល់​កម្មករ​។

ទោះបី​យ៉ាងនេះ​ក្តី ៦៣ ភាគរយ​ទៀត​នៅ​តែ​ជា​ការងារ​បែប​ប្រពៃណី​នៅឡើយ​។ ការងារ​ទាំងនោះ រួមមាន ការងារ​ដាំ​ដុះ ឬ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ ដែល​មិន​សូវ​បាន​ធ្វើ​សមាហរណកម្ម​ចូល​ទៅក្នុង​សេដ្ឋកិច្ច​ទំនើប ហើយ​ការងារ​ទាំងនេះ​បាន​ផ្តល់​ប្រាក់ចំណូល​ទាប​ដល់​កម្មករ​។

លោកស្រី Inguna Dobraja ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា ថ្លែង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ថា សារៈសំខាន់​ក្នុង​របាយការណ៍​នេះ​គឺ​ការកំណត់​ពី​គោលនយោបាយ​អំពី​ការងារ ដើម្បី​ជួយ​ដល់ក​ម្មករ និង​និយោជក​ដែល​ជា​ការរួមចំណែក​ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា​។

លោកស្រី​បន្ថែមថា នេះ​ជា​ការសិក្សា​លើក​ទី​ ១ ដែល​បង្ហាញ​ពី​ទិដ្ឋភាព​រួម​ពី​ទំនាក់ទំនង​រវាង​ការងារ និង​សេដ្ឋកិច្ច និង​ពី​គោលនយោបាយ​ការងារ​ផ្សេងៗ​ពាក់ព័ន្ធ​សេដ្ឋកិច្ច​អភិវឌ្ឍ ការកាត់បន្ថយ​ភាពក្រីក្រ និង​ជំនាញ​ការងារ​ក្នុង​វិស័យ​ឯកជន​ផង​ដែរ​។

លោកស្រី​ថ្លែងថា​៖ «​ភាព​ចម្រុះ និង​គុណភាព​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​កែ​ល្អ​ឲ្យ​ប្រសើរ​ឡើង​ជា​បណ្តើរ​ហើយ​។ ប៉ុន្តែ​និន្ននាការ​សកល​ដូចជា​ការកើនឡើង​នូវ​ចំនួន​វណ្ណៈ​កណ្តាល​នៅ​តំបន់​អាស៊ី បម្រែបម្រួល​លំនាំ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​ស្វ័យប្រវត្តិកម្ម​តម្រូវ​ឲ្យ​កម្ពុជា​គិតគូរ​ឡើងវិញ​អំពី​យុទ្ធសាស្ត្រ​ការងារ​របស់​ខ្លួន ខណៈ​ប្រទេស​នេះ​កំពុង​ឈានឆ្ពោះ​ទៅ​កាន់​ដំណាក់កាល​មួយ​ទៀត​នៃ​ការអភិវឌ្ឍ​ផ្អែកលើ​ការនាំចេញ​»​។

របាយការណ៍​បង្ហាញថា បច្ចុប្បន្ន​កម្ពុជា​មាន ៨,២ លាន​ការងារ​ ដោយ​មាន​កម្មករ​និយោជិក​ចូល​ថ្មី​ចំនួន​ ១៦០ ០០០ នាក់​ ទៅក្នុង​កម្លាំង​ពលកម្ម​ជា​រៀងរាល់​ឆ្នាំ​។ ប៉ុន្តែ​កម្ពុជា​ត្រូវការ​ចាំបាច់​បុគ្គលិក​ជំនាញ​បន្ថែម​ទៀត​។

លោក ភួង វិសិដ្ឋ អនុប្រធាន​នាយកដ្ឋាន​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​​ចូលរួម​កម្មវិធី​នេះ​ថ្លែងថា ការអភិវឌ្ឍ​បច្ចេកវិទ្យា​ជឿនលឿន​គឺ​ស្រប​នឹង​គោលនយោបាយ​ឧស្សាហកម្ម​​ ៤.០ របស់​រដ្ឋាភិបាល ដើម្បី​ឆ្លើយ​នឹង​ការខ្វះ​ជំនាញ​ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​សហការ​ជាមួយ​វិស័យ​ឯកជន​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​នេះ​។ ​លោក​ថ្លែងថា​៖ «​កង្វះ​កម្លាំង​ពលកម្ម​ជំនាញ​ជា​ការព្រួយបារម្ភ​របស់​រដ្ឋាភិបាល​កម្ពុជា​»​។

លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​ក្នុង​កម្មវិធី​នេះ​ថា ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង ក្រសួងពាណិជ្ជកម្ម​បាន​បង្កើត​យុទ្ធសាស្ត្រ​សមាហរណកម្ម​ឆ្នាំ​ ២០១៩ ដល់ ឆ្នាំ​ ២០២៣ ដែល​យុទ្ធសាស្ត្រ​នេះ​បាន​ផ្តោត​លើ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ឧស្សាហកម្ម​ ៤.០​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ដឹងថា​នេះ​ជា​ដំណាក់កាល​មួយ​ដែល​យើង​ត្រូវ​រៀបចំ​ខ្លួន ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា យុទ្ធសាស្ត្រ​នេះ​ក៏​បាន​ផ្តោតលើ​ការបង្កើន​ជំនាញ​របស់​កម្មករ​យើង​។ ការបង្កើន​ជំនាញ​របស់​កម្មករ វា​មាន​សារៈសំខាន់​ទំនាក់ទំនង​ជាមួយ​វិស័យ​ឧស្សាហកម្ម ៤.០ និង​សេដ្ឋកិច្ច​ឌីជីថល​ដែល​ត្រូវ​ជំរុញ​បន្ថែម​ទៀត​»​។

លោកស្រី Wendy Cunningham សេដ្ឋវិទូ​ជាន់ខ្ពស់ និង​ជា​អ្នកនិពន្ធ​របាយការណ៍​បាន​ឲ្យ​ដឹងថា ការធ្វើ​របាយការណ៍​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​កំណត់​អំពី​ចំណុច​អាទិភាព​ក្នុង​អន្តរវិស័យ ដើម្បី​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន និង​គុណភាព​ការងារ​ឲ្យ​ប្រសើរ​ជាង​មុន​។

លោកស្រី​ថ្លែងថា​៖ «​ភាពជោគជ័យ​នៃ​យុទ្ធសាស្ត្រ​ការងារ​របស់​កម្ពុជា​នឹង​អាស្រ័យ​លើ​ការចូលរួម និង​កិច្ចសហប្រតិបត្តិការ​របស់​ភាគី​ពាក់ព័ន្ធ​នានា​លើ​គ្រប់ផ្នែក​នៃ​សេដ្ឋកិច្ច មិនមែន​ត្រឹមតែ​អ្នកធ្វើ​នយោបាយ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រមទាំង​សហគ្រិន អ្នកវិនិយោគ ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​កម្មករ​ខ្លួនឯង​ផ្ទាល់​ផង​ដែរ​»៕LA