ក្រុងវីយែនៈ ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍បានចូលរួមក្នុងការសន្យាដែលបានដឹកនាំដោយអង្គការប្រទេសនាំចេញប្រេង (OPEC) ដើម្បីបង្កើនការផលិតប្រេងជាការឆ្លើយតបនឹងកំណើនតម្រូវការពិភពលោក។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវីយែនលោក Alexander Novak រដ្ឋមន្ដ្រីក្រសួងថាមពលរុស្ស៊ីបានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងផ្ដល់ការសហការរវាងបណ្ដាប្រទេសជាសមាជិក និងមិនមែនជាសមាជិករបស់អង្គការ OPEC ក្នុង «ភាពបត់បែន» ចាំបាច់របស់កិច្ចព្រមព្រៀងកាត់បន្ថយការផ្គត់ផ្គង់ ដើម្បីបង្ការការឡើងកម្តៅរបស់ទីផ្សារ។
បណ្ដាប្រទេសមិនមែនជាសមាជិករបស់អង្គការ OPEC ត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយថានឹងផ្ដល់ការគាំទ្ររបស់ពួកគេ បន្ទាប់ពីក្រុមរដ្ឋមន្ដ្រីមកពីអង្គការប្រទេសនាំចេញប្រេងបានព្រមព្រៀងរួចហើយកាលពីថ្ងៃសុក្រថានឹងបង្កើនទិន្នផលចាប់ពីខែកក្កដាទៅ។
លោក Khalid al-Falih រដ្ឋមន្ដ្រីក្រសួងថាមពលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «យើងបានឈានដល់សេចក្តីសម្រេចថាអ្វីដែលត្រូវការគឺប្រហែល ១ លានបារ៉ែលនៃការផលិតបន្ថែម»។
សំណើនេះគឺជាលទ្ធផលនៃការសម្រុះសម្រួលគ្នាមួយដែលសម្រេចបានក្នុងរយៈពេលជាច្រើនថ្ងៃនៃការចរចាដែលខ្វែងគំនិតគ្នានៅទីក្រុងវីយែនដែលបានគ្របដណ្ដប់ដោយការជំទាស់របស់ប្រទេសអ៊ីរ៉ង់ទៅនឹងការបន្ធូរបន្ថយកិច្ចព្រមព្រៀងកាត់បន្ថយការផ្គត់ផ្គង់ដែលមានអាយុ ១៨ ខែនេះ។
អារ៉ាប៊ីសាអ៊ូឌីត ដែលគាំទ្រដោយរុស្ស៊ីបានគាំទ្រយ៉ាងខ្លាំងឲ្យមានការបូមប្រេងកាន់តែច្រើន ដើម្បីកាត់បន្ថយក្តីបារម្ភអំពីកង្វះការផ្គត់ផ្គង់ និងបន្ធូរបន្ថយក្តីបារម្ភអំពីតម្លៃខ្ពស់នៅក្នុងបណ្ដាប្រទេសសំខាន់ៗដូចជាអាមេរិក ចិន និងឥណ្ឌាជាដើម។
ប៉ុន្តែអ៊ីរ៉ង់បានជំទាស់យ៉ាងខ្លាំងនឹងការបង្កើនទិសដៅទិន្នផល ហើយប្រទេសជាច្រើនទៀតដូចជាវ៉េណេស៊ុយអេឡា ដែលកំពុងមានវិបត្តិ និងអ៊ីរ៉ាក់ដែលមិនអាចបង្កើនទិន្នផលក្នុងរយៈពេលខ្លីបាននោះក៏បានប្រឆាំងនឹងការដំឡើងទិន្នផលនេះដែរ។ ប៉ុន្តែចុងបញ្ចប់សេចក្ដីថ្លែងការណ៍មួយដែលមិនបានលើកឡើងពីតួលេខ ១ លាននោះត្រូវបានចេញផ្សាយដើម្បីរក្សាមុខមាត់គ្រប់ភាគីទាំងអស់។
តម្លៃប្រេង Brent ថ្លៃ ៧៥,៥៥ ដុល្លារក្នុង ១ បារ៉ែល ខណៈតម្លៃគោលប្រេងឆៅ WTI ថ្លៃ ៦៨,៥៨ ដុល្លារ៕ LA