ក្រុងតេអេរ៉ង់ៈ ប្រាក់រី​អាល់​របស់​ប្រទេស អីុរ៉ង់ បាន​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​​ធៀប​នឹង​ប្រាក់​ដុល្លារ អាមេរិក កាល​ពី​ថ្ងៃ​ចន្ទ​ បើ​ទោះ​ជា​ធនាគារ​កណ្តាល​ប្រឹងប្រែង​ខំ​ទប់​ស្កាត់​ចំពោះ​ការ​ធ្លាក់​ចុះ​នេះ​ក៏​ដោយ។

ប្រាក់រីអាល់ បាន​ធ្លាក់​ថ្លៃ​ប្រហែល ១៥ ភាគ​រយ​នៃ​តម្លៃ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​​ក្នុង ​រយៈ​ពេល ៣ ថ្ងៃ​កន្លង​មក​នេះ ដោយ​ធ្លាក់​ចុះ​ដល់ ១២៨ ០០០ រីអាល់​ក្នុង​១​ដុល្លារ​នៅ​​ល្ងាច​ថ្ងៃ​ចន្ទ។ នេះ​បើ​យោង​តាម​​គេហទំព័រ Bonbast.com ដែល​តាម​ដាន​អត្រា​ប្តូរ​ប្រាក់​របស់ អីុរ៉ង់។

លោក Maziar Motamedi ដែល​ជា​អ្នក​សារព័ត៌មាន​ផ្នែក​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ការ​ធ្លាក់​ថ្លៃ​នេះ​​ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​សុន្ទករថា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ទេសាភិបាល​ធនាគារ​កណ្តាល​អីុរ៉ង់​លោក Abdolnaser Hemmati កាល​​ពី​ថ្ងៃ​សៅរ៍ ដែល​លោក​បាន​​ប្រកាស​វិធានការ​​រឹត​បន្តឹង​កាន់តែ​ខ្លាំង​លើ​ការ​បែង​ចែក​ទុន​បម្រុង​រូបិយប័ណ្ណ​បរទេស។

លោក​បានថ្លែង​ថា៖ «លោក Hemmati បាន​ថ្លែង​ថា លោក​មាន​បំណង​ចាត់​វិធាន​ការ​កាន់​តែ​ប្រយ័ត្ន​ក្នុង​ការ​បែង​ចែក​រូបិយ​ប័ណ្ណ​បរទេស​នៅ​ក្នុង​កម្រិត​​រដ្ឋាភិបាល ដែល​បង្ហាញ​ពី​ការ​អាច​ខ្វះ​ខាត​រូបិយ​ប័ណ្ណ​រឹង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ»។

ប្រាក់​រីអាល់ បាន​បាត់​បង់​តម្លៃ ៧០ ភាគរយ​នៃ​តម្លៃ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ ១២ ខែ​ចុង​ក្រោយ​នេះ ជា​ចម្បង​ដោយ​សារ​ការ​កើន​ឡើង​អរិភាព​​ពី សហរដ្ឋ​អាមេរិក និង​ការ​ដក​ខ្លួន​របស់ អាមេរិក ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ កាល​ពី​ខែ​ឧសភា។

សេចក្តី​ថ្លែង​ការណ៍​ផ្លូវ​ការ​មាន​ឥទ្ធិពល​តិច​តួច​ដើម្បី​រម្ងាប់​ទីផ្សារ៕ AFP/KC