ភ្នំពេញៈ ស្របពេលកម្ពុជាកំពុងប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ទៅអឺរ៉ុប ដែលជាទីផ្សារសំខាន់របស់ខ្លួន ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំមួយរបស់ចិនហាក់មិនមានការបារម្ភពីបញ្ហាប្រឈមនេះឡើយហើយបានដាក់ទុនវិនិយោគបន្ថែម ១៥០ លានដុល្លារ ដើម្បីសាងសង់រោងចក្រថ្មីមួយនៅភ្នំពេញ។
ក្រុមហ៊ុន Shenzhou International Group Holdings ដែលជាក្រុមហ៊ុននាំចេញសម្លៀកបំពាក់ធំជាងគេមួយនៅចិនដែលបានលក់ផលិតផលទៅឲ្យក្រុមហ៊ុនលក់សម្លៀកបំពាក់ល្បីៗដូចជា Nike ក្រុមហ៊ុន Adidas និង Uniqlo បានបើកការដ្ឋានសាងសង់រោងចក្រវាយនភណ្ឌខ្នាតធំមួយកាលពីថ្ងៃពុធ ដោយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ។ រោងចក្រនៅកម្ពុជាថ្មីនេះដំណើរការដោយប្រើឈ្មោះថា Marvel Garment។
អ្នកជំនាញសេដ្ឋកិច្ចបានឲ្យដឹងកាលពីម្សិលមិញថា ការពង្រីកផលិតកម្មទ្រង់ទ្រាយធំនេះ បង្ហាញពីសញ្ញាវិជ្ជមានមួយថា ក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំៗយល់ថា ពួកគេអាចជម្នះនឹងការដក EBA ដែលអាចធ្វើឡើងនាពេលខាងមុខបាន។
លោក Sam Ma ជំនួយការអគ្គនាយកក្រុមហ៊ុន Shenzhou International Group Holdings បានឲ្យដឹងថា ក្រុមហ៊ុនលោកបានបើកដំណើរការនៅកម្ពុជាដំបូងនៅឆ្នាំ ២០០៥ ហើយបន្ទាប់ពីជាង ១ ទសវត្សរ៍នៅក្នុងប្រទេស កម្ពុជា ក្រុមហ៊ុននេះបានអភិវឌ្ឍខ្លួនឯងទៅជាក្រុមហ៊ុនផលិតវាយនភណ្ឌធំជាងគេនៅក្នុងប្រទេស កម្ពុជា ដោយមានទំហំការនាំចេញចំនួន ៤៤០ លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៨ និងផ្ដល់ការងារដល់កម្មករកម្ពុជាជាង ១១ ៥០០នាក់។
លោកបញ្ជាក់ថា៖ «យើងបានសម្រេចចិត្តក្នុងការប្រើប្រាស់យ៉ាងពេញលេញនូវបទពិសោធរបស់យើងនៅក្នុងប្រទេស កម្ពុជា តាមរយៈការពង្រីកសមត្ថភាពផលិតនៅទីនេះ»។
លោកបន្តថា រោងចក្រមានតម្លៃ ១៥០ លានដុល្លារអាមេរិកនេះ គ្រោងនឹងបញ្ចប់នៅខែ មីនា ឆ្នាំ ២០២១។ ជំនួយការរូបនេះបានបន្ថែមថា នៅពេលបញ្ចប់រោងចក្រនេះនឹងបង្កើតការងារ ១៧ ០០០ នាក់។
ពិធីបើកការដ្ឋានសាងសង់រោងចក្រត្រូវបានចូលរួមដោយលោក Ma Jianrong ប្រធានក្រុមហ៊ុន Shenzhou International Group Holdings ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា Wang Wentian លោក Mark Griffie អនុប្រធាន NIKE និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។
លោកMark Griffie អនុប្រធានក្រុមហ៊ុន Nike បានឲ្យដឹងថា ក្រុមហ៊ុន Nike បានបញ្ជាទិញផលិតផលពីរោងចក្រ Shenzhou នៅកម្ពុជាដំបូងតាំងពីឆ្នាំ ២០០៧ ហើយក្រោយមក Shenzhou បានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ឈានមុខគេមួយរបស់ក្រុមហ៊ុន Nike។ គិតមកទល់ពេលនេះ Shenzhou នៅកម្ពុជាបានផ្តល់ការងារសរុប ៣ ០០០ នាក់ សម្រាប់ការផលិតសម្លៀកបំពាក់ម៉ាក NIKE ដែលភាគច្រើនលក់ទៅឲ្យទីផ្សារនៅអឺរ៉ុប។
លោក Griffie បានថ្លែងថា៖ «ប្រទេស កម្ពុជា គឺជាប្រទេសដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន Shenzhou និងក្រុមហ៊ុនNike។ តាមរយៈរោងចក្រថ្មីនេះ យើងរំពឹងថានឹងបន្តរីកចម្រើនរួមគ្នានៅក្នុងប្រទេស កម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខទៀត»។
ឧស្សាហកម្មកាត់ដេរ គឺជាឧស្សាហកម្មដ៏សំខាន់មួយរបស់កម្ពុជា។ ផលិតផលភាគច្រើនចេញពីឧស្សាហកម្មនេះត្រូវបានលក់ចេញទៅឲ្យទីផ្សារនៅសហភាពអឺរ៉ុប ជាទីដែលផលិតផលពីកម្ពុជាគ្រប់មុខទំនិញលើកលែងតែអាវុធ អាចនាំចូលដោយមិនចាំបាច់បង់ពន្ធគយ តាមប្រព័ន្ធអនុគ្រោះ EBA។
តែកាលពីខែមុន សហភាពអឺរ៉ុបបានចាប់ផ្តើមនីតិវិធីដែលអាចឈានដល់ការដកប្រព័ន្ធអនុគ្រោះពន្ធនេះវិញ។ ការសម្រេចជាផ្លូវការថានឹងដក ឬ មិនដកនឹងធ្វើឡើងនៅរយៈពេល ១៨ ខែទៀតគិតចាប់ពីការប្រកាស។
ប្រសិនបើ EU សម្រេចដក EBA មែន ឧស្សាហកម្មរោងចក្រកាត់ដេរកម្ពុជាត្រូវបង់ពន្ធ ១២ ភាគរយសម្រាប់ផលិតផលសម្លៀកបំពាក់ និងចន្លោះពី ៨ ភាគរយ ទៅ ១៧ ភាគរយ (ខុសគ្នាតាមមុខទំនិញ) សម្រាប់ផលិតផលស្បែកជើង។
លោក ច័ន្ទ សុផល ស្ថាបនិក និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានលើកឡើងថា ការសម្រេចបង្កើនផលិតកម្មពីក្រុមហ៊ុនចិននេះ គឺជាព័ត៌មានល្អសម្រាប់កម្ពុជា។ លោកបន្តថា ក្រុមហ៊ុនធំបែបនោះ មានផែនការរីកចម្រើនរយៈពេលវែងនៅកម្ពុជា ហើយដឹងច្បាស់ថាពួកគេអាចជម្នះការដក EBA បើកើតមានមែន។
លោកបន្តថា៖ «ព័ត៌មាននេះគាំទ្រដល់ការវិភាគរបស់ខ្ញុំកន្លងមកដែលថាសេដ្ឋកិច្ចកម្ពុជា នឹងនៅតែបន្តលូតលាស់បើទោះបីជាមាន ឬគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ តែគ្រាន់តែថាកម្ពុជាត្រូវបន្តធ្វើកំណែទម្រង់សម្រាប់ភាពប្រកួតប្រជែងនៅក្នុងរយៈពេលវែង»៕LA