ភ្នំពេញៈ ក្រុមហ៊ុន Top Planning Japan Co., Ltd បាន​សហការ​ជាមួយ​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ក្នុងស្រុក​ ១ ​កន្លែង​ ដើម្បី​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​គ្រាប់ស្វាយចន្ទី​កម្ពុជា​។

រោងចក្រ​នេះ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​សប្តាហ៍​មុន ដោយ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ខែធ្នូ​ឆ្នាំ​នេះ ក្រោម​ទុនវិនិយោគ​ប្រមាណ ២០ ​ម៉ឺន​ដុល្លារ​។

អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ម៉ាដាមហួត​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា សិប្បកម្ម​របស់​អ្នកស្រី​បាន​សហការ​ជាមួយ​ក្រុម​ន​មកពី​ជប៉ុន Top Planning Japan ដើម្បី​សាងសង់​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ស្ថិត​នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។

អ្នកស្រី​បន្ថែម​ថា មុនពេល​មាន​តម្រូវការ​ច្រើន​ពី​ក្រុមហ៊ុន សិប្បកម្ម​អ្នកស្រី​ធ្វើ​ដោយ​ដៃ​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​ក្រុមហ៊ុន​មាន​តម្រូវការ​ច្រើន​គេ​ក៏បាន​ផ្តល់​ប្រាក់​កក់​មួយ​ចំនួន​ដើម្បី​ឲ្យ​អ្នកស្រី​មាន​លទ្ធភាព​បង្កើត​រោងចក្រ​កែច្នៃ​នេះ​។

អ្នកស្រី​ថ្លែងថា​៖ «​ក្រុមហ៊ុន​បាន​ផ្តល់​ប្រាក់​កក់​មួយចំនួន​ឲ្យ​ខ្ញុំ ហើយ​ថវិកា​មួយចំនួន​ទៀត​របស់ខ្ញុំ​ផ្សំគ្នា​ដើម្បី​បង្កើត​រោងចក្រ​នេះ​ឡើង​។ ​យើង​បាន​ចុះកិច្ចសន្យា​ផ្គត់ផ្គង់​គ្រាប់ស្វាយចន្ទី​ឲ្យ​ក្រុមហ៊ុន​នេះ​ចំនួន ៩០ តោន​ក្នុង​ ១ ​ឆ្នាំ​នៅ​ដំណាក់កាល​ដំបូង​»​។

អ្នកស្រី ឡៃហួត ក៏​ជា​ប្រធាន​សមាគម​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យសំបូរ​ដែល​មាន​សមាជិក ៣៣ ​គ្រួសារ​ កំពុង​​ដាំដុះ​ស្វាយចន្ទី​លើ​ផ្ទៃ​សរុប ៣ ៤៤ ​ហិកតា​។

អនុប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​នៃ​ក្រសួងកសិកម្ម លោក ហាស់ ពិសិដ្ឋ បាន​ប្រាប់​ថា រោងចក្រ​នេះ​មាន​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី ពី ២ ទៅ ៣ ​តោន​ក្នុង ១ ​ថ្ងៃ និង​មានលទ្ធភាព​បក​គ្រាប់ស្វាយចន្ទី​ស្រស់ ១០ ​តោន​ក្នុង​ ១ ​ថ្ងៃ​។

លោក​ថ្លែងថា​៖ «​នាយកដ្ឋាន​ខ្ញុំ​ក៏បាន​ចូលរួម​ផ្តល់​ជា​បច្ចេកទេស និង​ណែនាំ​ពី​ការផលិត​ឲ្យ​ស្រប​តាម​ស្តង់ដា ISO ជាមួយ​ម្ចាស់​សិប្បកម្ម​នេះ ដើម្បី​ជួយ​ជំរុញ​ឲ្យ​ផលិតផល​គ្រាប់ស្វាយចន្ទី​នាំចេញ​គោរព​តាម​ស្តង់ដា​របស់​អ្នកបញ្ជា​ទិញ​»​។

របាយការណ៍​ក្រសួង​កសិកម្ម​ឲ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាង ២,៦៨ ​លាន​តោន​ ក្នុង​រយៈពេល ៧ ​ខែ ឆ្នាំ​ ២០២០​។ ក្នុងនោះ​គ្រាប់ស្វាយចន្ទី​មាន ១៩៤ ៥២៥ តោន​ ទៅកាន់​ទីផ្សារ វៀតណាម ថៃ កូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី ចិន ហុងកុង និង​បារាំង​៕ LA