ភ្នំពេញៈ រោងចក្រកែច្នៃដំឡូងមីតម្លៃ ២០ លានដុល្លារដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិននៅខេត្តក្រចេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃម្សិលមិញដែលគ្រោងនឹងបញ្ចាប់នៅចុងឆ្នាំនេះ ។
ក្រុមហ៊ុន Green Leader Holding Group ជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគមានមូលដ្ឋាននៅទីក្រុងហុងកុងបានចាប់ផ្តើមសាងសង់រោងចក្រដំបូងរបស់ខ្លួនលើផ្ទៃដីទំហំ ៤៣ ហិកតាក្នុងស្រុកស្នួលខេត្តក្រចេះ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម។
លោក វេង សាខុន ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាក្រុមហ៊ុននេះនឹងសាងសង់រោងចក្រចំនួន ១០ ក្នុងអំឡុងរយៈពេល ៣ ឆ្នាំដំបូងដោយគ្រោងនឹងវិនិយោគសរុប ១៥០ លានដុល្លារ ហើយរោងចក្រមួយគ្រោងចំណាយ ១៥ លានដុល្លារ ដែលមានក្នុងខេត្តកសិកម្ម ដូចជាខេត្តត្បូងឃ្មុំ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ។
លោក វេង សាខុន បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញដែរថា៖ «ក្រុមហ៊ុនបានចុះហត្ថលេខារួចហើយលើអនុស្សណៈជាមួយក្រសួងកសិកម្មសម្រាប់ការទិញ និងកែច្នៃដំឡូងមីពីកសិករ ហើយនិងផ្តល់ពូជដែលផ្តល់ទិន្នផលខ្ពស់ និងធានានូវទីផ្សារដល់កសិករ»។
លោកបន្តថា៖ «ខ្ញុំសង្ឃឹមថា ក្រុមហ៊ុននេះនឹងអាចជួយកាត់បន្ថយផលលំបាកដល់កសិករដោយធ្វើការងារជាមួយកសិករតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា និងការផ្ដល់បច្ចេកទេសសម្រាប់ការដាំដុះ ដូច្នេះការចូលមករបស់ក្រុមហ៊ុននឹងធានាទីផ្សារ និងតម្លៃឲ្យកសិករ»៕