ភ្នំពេញ៖ ក្រុមហ៊ុន Wan Da Wei Ye International បាន​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​កង់​អាគុយ និង​គ្រឿង​បង្គុំ​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សេងតាយ បាវិត ក្នុង​ខេត្ត​ស្វាយរៀង បន្ទាប់​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​នូវ​ការ​ស្នើសុំ​វិនិយោគ​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ។

យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាល​ពី​ថ្ងៃទី ២៩ ខែ​មេសា កន្លង​មក បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន Wan Da Wei Ye International Co., Ltd លើ​គម្រោង​បង្កើត​រោងចក្រ​ដំឡើង​ទោចក្រយាន ទោចក្រយាន​អគ្គិសនី (កង់​អាគុយ) និង​គ្រឿង​បង្គុំ​គ្រប់​ប្រភេទ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត ដែល​ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ១,៧ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៥០ កន្លែង។

លោក រស់ ផារិទ្ធ អភិបាល​រង​ខេត្ត​ស្វាយរៀង​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ក្រុង​បាវិត ខេត្ត​ស្វាយរៀង ទទួល​បាន​គម្រោង​វិនិយោគ​គួរ​ឲ្យ​កត់​សម្គាល​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ គម្រោង​វិនិយោគ​នេះ នឹង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​​ការ​អភិវឌ្ឍ​ខេត្ត​នេះ​ឲ្យ​កាន់​តែ​រីក​ច្រើន​ថែម​ទៀត។

លោក​ថ្លែង​ថា៖ «យើង​សូម​គាំទ្រ និង​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​បាន​កែ​ទម្រង់​ច្បាប់​វិនិយោគ​ថ្មី​ដែល​ធ្វើ​ឲ្យ​ខេត្ត​ស្វាយរៀង​កាន់​តែ​ទាក់ទាញ​ការ​វិនិយោគ​ជា​ច្រើន​ថែម​ទៀត»។

លោក ផារិទ្ធ ឲ្យ​ដឹង​ទៀត​ថា រដ្ឋបាល​ខេត្ត​ក៏​ដូច​ជា រដ្ឋាភិបាល​តែងតែ​លើក​ទឹក​ចិត្ត​វិនិយោគិន​បរទេស​មក​បណ្តាក់​ទុន​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ដែល​ជាប់​នឹង​ព្រំដែន​អន្តរជាតិ​កម្ពុជា-វៀតណាម ដែល​ជា​តំបន់​សក្តានុពល​ពាណិជ្ជកម្ម និង​វិនិយោគ។

លោក​និយាយ​ថា៖ «ក្នុង​នាម​យើង​ជា​អាជ្ញាធរ នឹង​ចូលរួម​សម្របសម្រួល​ក្នុង​ការ​ផ្តល់​សេវាសាធារណៈ​ឲ្យ​កាន់​តែ​រលូន​ថែម​ទៀត»។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ លោក ហុង វណ្ណៈ បាន​លើក​ឡើង​កាល​ពី​ខែ​មុន​ថា តាមរយៈ​ភាព​អំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្រ្ត ច្បាប់​វិនិយោគ ទំនាក់ទំនង​ការទូត និង​ការ​បង្កើត​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​លក្ខណៈ​តំបន់​ កម្ពុជា​រំពឹង​ថា នឹង​អាច​ទទួល​បាន​កំណើន​នៃ​ការ​ចូល​មក​បណ្តាក់​ទុន​កាន់​តែ​ច្រើន​នៅ​ពេល​អនាគត។

លោក​បញ្ជាក់​ថា៖ «នៅ​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ នេះ​មិន​សូវ​មាន​វិនិយោគិន​ណា​ចង់​បញ្ចេញ​ទុន​វិនិយោគ​ទេ ហេតុ​នេះ​ទោះ​តិច ឬ​ច្រើន​ក៏​ជា​ព័ត៌មាន​ល្អ​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ជា​ពិសេស​បន្ទាប់​ពី​ស្ថានភាព​ជំងឺ​កូវីដ ១៩ អាច​គ្រប់គ្រង​បាន​ទាំង​ស្រុង​ក្នុង​ពេល​ឆាប់ៗ​នេះ»។

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​ផលិតផល​វាយនភ័ណ្ឌ​ក្នុង​តម្លៃ​សរុប ៤ ៣៥៩,៣៨ លាន​ដុល្លារ ធ្លាក់ចុះ ១៣,៣៥ ភាគរយ ពី​ចំនួន ៥ ០៣០,៧៨ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៩។

កាល​ពី​ឆ្នាំ ២០២០ មាន​គម្រោង​ចំនួន ២៣៨ ដែល​មាន​តម្លៃ​វិនិយោគ​សរុប ៨,២ ពាន់​លាន​ដុល្លារ ត្រូវ​បាន​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត ដោយ​តម្លៃ​ទុន​វិនិយោគ​នេះ គឺ​ធ្លាក់​ចុះ ១២ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩៕